ភ្នំពេញ៖ កាលពីនៅជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស មហាជនអ្នកគាំទ្របានសម្គាល់ និងដាក់រហស្សនាម កញ្ញា ទេព បូព្រឹក្ស ថាជាតារាស្រីសិចស៊ី សម្បូរក្បាច់រាំ និងស្ទីលលេងខ្លួនប្លែកៗ ខណៈក្លាយជាតារាចម្រៀងឯករាជ្យក៏នៅតែរក្សាស្ទីលប្លែកៗនេះដដែលនៅឆ្នាំថ្មី ២០២១។
ជាក់ស្តែងតារាចម្រៀងស្រីមានវ័យ ២៤ ឆ្នាំ កញ្ញា ទេព បូព្រឹក្ស និងគូស្នេហ៍ក៏ជាអតីតតារាចម្រៀងរ៉េបប្រុសផលិតកម្មហង្សមាសដែរ គឺលោក ងួន ចាន់ដេវីត ហៅ ជី ដេវីត កំពុងជិះទូកជាមួយគ្នាលើនាវាសិល្បៈនៃអាជីពតារាចម្រៀងឯករាជ្យដូចគ្នាកំពុងតែមានភាពល្បីល្បាញក្នុងនាមជាតារាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុនទូរស័ព្ទដៃម៉ាក Realme និងជាតារាចម្រៀងអូរីជីណលនៅក្រុមហ៊ុនទូរស័ព្ទចល័ត Smart។
នាដើមឆ្នាំថ្មីឆ្នាំ ២០២១ នេះ ស្រាប់តែតារាចម្រៀងស្រីសិចស៊ី ដែលមានភាពប្រែប្រួលខ្លាំងនៃរាងកាយកញ្ញា ទេព បូព្រឹក្ស ក៏បង្ហើរសារអមបណ្តុំរូបភាពនៃឈុតសម្លៀកបំពាក់ប្លែកជាពស់នាគរាជក្បាល ៥ សក់សំពោង និងមានការតុបតែងខ្លួនដោយបន្លែ ជីរ និងម្ទេសទុំក្រហមឆ្អៅនោះថា៖ «មិនថា ឆ្នាំចាស់ ឬឆ្នាំថ្មីឡើយ សំខាន់ខ្ញុំនៅតែជាខ្ញុំ។ ខ្ញុំតែងធ្វើអ្វីដែលខ្ញុំចូលចិត្ត ខ្ញុំមិនដែលបោះបង់ក្តីស្រមៃរបស់ខ្ញុំឡើយ ខ្ញុំតែងតែខំប្រឹងទោះវាលំបាក ឬយ៉ាងណាក្ដី តែក៏នាងខ្ញុំមិនចំណាយពេលដ៏មានតម្លៃរបស់ខ្ញុំទៅអានខ្សែជីវិតរបស់អ្នកដទៃ ចូលចិត្តក៏និយាយជាមួយ មិនចូលចិត្តក៏ដើរចេញ ឆ្នាំនេះក៏នឹងមាន album សម្រាប់ fan។ Look at that snake!»។
កាលចាកចេញពីផលិតកម្មហង្សមាសថ្មីៗ ទេព បូព្រឹក្ស និង ជី ដេវីត ហាក់ចង់បង្ហាញចេតនាដែរថា ខ្លួននៅតែមានទេពកោសល្យ និងសមត្ថភាពក្នុងការតែងនិពន្ធនូវបទចម្រៀងថ្មីៗ ជាហូរហែជាពិសេសគេកំពុងតែត្រៀមបទចម្រៀងថ្មីនោះ ងួន ចាន់ដេវីត ក៏ធ្លាប់បានបង្ហើរសារមួយឃ្លាថា៖ «ទម្រាំតែបានអង្គុយបែបនេះ តើបងប្អូនដឹងថា យើងត្រូវឆ្លងកាត់អ្វីខ្លះទេ?»៕