ភ្នំពេញ: ​ ក្រោយ​ពី​ផ្ទុះ​រឿង​យ៉ាង​ក្តៅ​គគុក​ ដោយសារ​​​មាន​បុរស​ម្នាក់​​ប្រើ​ហិង្សា ជះ​ស្រាបៀរទៅ​​​លើ​តារា​​​ចម្រៀង​​ស្រី​ល្បីនៅ​​ហង្សមាស​​​របស់​ក្រុម​​យុវ​វ័យ​កញ្ញា ទេព​ បូព្រឹក្ស​ កាល​ពី​យប់​ម្សិលមិញ​នៅ​ហាង​​បៀរ​​​ហ្គា​ឌិន​ឈ្មោះ «សមុទ្រ» ក្បែរ​មន្ទីរ​ពេទុ​កុមារជាតិ​​មក នៅ​ត្រឹម​រសៀល​ថ្ងៃ​នេះ នាង​បាន​ដាក់​​ពាក្យ​​ប្តឹង​​ជន​ដៃដល់​​ទារ​សំណង​ ១០ ម៉ឺន ដុល្លារ​ ហើយ​ក៏​គ្រោង​នឹង​យក​ប្រាក់​ទាំង​នោះ​ទៅ​ជួយ​ដល់​​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​ និង​ធ្វើ​សប្បុរសធម៌ជួយ​ដល់​សិល្ប​ករ​ចាស់​ជួប​ការ​លំបាក​។

នេះ​បើ​តាម​ការ​អះអាង​របស់លោក ហេង ឡុង​ ជា​គូស្នេហ៍​របស់​អ្នកនាង ចន ច័ន្ធ​លក្ខិណា ដែលប្រធាន​សមាគម​អ្នក​សិល្បៈ​កម្ពុជា​ បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​រសៀល​ថ្ងៃ​នេះ​ថា៖ «រឿង​រ៉ាវ​ប្រើ​ហិង្សា​​លើ​កញ្ញា ទេព បូព្រឹក្ស នៅ​ពេល​នេះ យើង​កំពុង​តែ​ដោះ​ស្រាយគ្នា​តាម​ផ្លូវ​ច្បាប់​ ដោយ​យើង​មេធាវី​តំណាង​ជន​រង​គ្រោះ​កញ្ញា ទេព ប្រឹក្ស និង​មេធាវី​ខាង​ម្ចាស់​ហាង​។ ហើយ​នៅ​ម៉ោង​២-៣ រសៀលថ្ងៃនេះ មេធាវី​ទាំង​សង​ខាង នឹងជួបគ្នា​ដោះស្រាយ​រឿង​នេះ។ លោក ហេង ឡុង​ បន្ត​ថា៖ «ជា​បឋម​នោះ កញ្ញា ទេព បូព្រឹក្ស បាន​ដាក់​ពាក្យ​ប្តឹង​រួច​ហើយ​កាល​ពី​ព្រឹក​មិញ ដោយ​ទារ​សំណង​ជា​ប្រាក់​ចំនួន ១០ ម៉ឺន ដុល្លារ និង​លក្ខខណ្ឌ​នានា​ទៀត។ កញ្ញា ថា ចំពោះ​ប្រាក់​ជំងឺ​ចិត្ត​នេះ នឹង​ប្រើ​ជា​មូល​និធិ​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និង​ជួយ​ដល់​ក្រុម​សិល្ប​ករ​ចាស់ៗ ​​ដែល​ជួប​ការ​លំបាក​​​​»។

​ខណៈ​កញ្ញា ទេព បូព្រឹក្ស ​ក៏​បង្ហើប​ប្រាប់​ថា៖ «សុំ​ទោស​ផង​បង!ពេល​នេះ​នាង​ខ្ញុំ​អធ្យាស្រ័យមិន​ទាន់​អាច​បក​ស្រាយ​បង​បន្ថែម​បាន​ទេ និង​រង់​​ចាំ​បន្តិច​សិន​ព្រោះ​ថា​ មេធាវី​យើងកំពុង​តែ​ដោះស្រាយ​រឿង​នេះ​​ជាមួយ​ខាង​ជន​ដៃដល់»។​

គួរ​បញ្ជាក​ថា​ ករណី​កើត​ហិង្សា​ជះ​ស្រាបៀរ​ដាក់​តារា​ចម្រៀង​ស្រី​នៅ​ហង្សមាស កញ្ញា ទេព បូព្រឹក្ស ​បាន​​កើត​ឡើង​នៅ​យប់​ថ្ងៃ​ទី ​២៥ ខែធ្នូ ឆ្នាំ២០១៨ នៅ​ក្នុង​បរិវេណ​ភោជនីយ​ដ្ឋាន​ឈ្មោះ​«សមុទ្រ» ដែល​​មាន​អសយ​ដ្ឋាន​នៅ​ក្បែរ​មន្ទីរ​កុមារជាតិ ក្នុង​សង្កាត់​ទឹក​ល្អក់ទី១ ខណ្ឌ​ទួល​គោក​​។ ករណី​នេះ ក៏​មាន​ការ​ទាមទារ​រក​យុត្តិ​ធម៌​សំណាក់​ក្រុម​សិល្បករ-សិល្បការិនី​រួមអាជីព​​ និង​ប្រិយមិត្ត​អ្នកគាំទ្រ​នាង​ផងដែរ ក្នុង​ការ​ជម្រុញជួយ​ឲ្យ​សមត្ថ​កិច្ច​ស្វែង​រក​យុត្តិធម៌​ដល់​កញ្ញា ទេព បូព្រឹក្ស៕​