ភ្នំពេញ៖ គូស្នេហ៍​តារា​​ដែល​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ អន្ទះសា​ចង់​ឃើញ​​ក្រាប​ផ្ទឹម តារា​ចម្រៀង​ពូកែ​ក្បាច់​រាំ កញ្ញា ទេព បូព្រឹក្ស និង​កំពូល​បេះដូង​រាង​ខ្ពស់​ស្រឡះ​ម្ចាស់​បទ​ «រាំ​ញី​កែង​ជើង» លោក ជី-ដេវីដ បាន​​បំផុស​​ការ​សង្ស័យ​ជា​ថ្មី ពី​កាល​បរិច្ឆេទ​ចូល​រោង​ជ័យ​របស់​អ្នក​ទាំង ​២។

ភ្ជាប់​ជាមួយ​រូបថត​កៀក​កើយ​ផ្អែមល្ហែម​ជា​ច្រើន​សន្លឹក មាន​ទាំង​កាយ​វិការ​ឱបថើប​ប៉ះ​បបូរមាត់​យ៉ាង​ស្អិត​ នៅ​ទឹក​ដី​ទេសចរណ៍​ធម្មជាតិ​ខេត្ត​មណ្ឌលគិរី តារា​ចម្រៀង​លោក ងួន ចាន់ដេវីត ហៅ ជី-ដេវីដ បាន​ភ្ជាប់​នឹង​សំណេរ​​ឲ្យ​តម្រុយ​ថា៖ «ផ្ញើ​សេចក្ដី​នឹក​រឭក និង​សេចក្ដី​ស្រឡាញ់​នៅ​មណ្ឌលគិរី សាង​អនុស្សាវរីយ៍​មុន​ពេល​ឃ្លាត​ពី​ពាក្យ​ថា​សង្សារ»។

ទោះ​ជា​សកម្មភាព​នែបនិត្យ​​រវាង តារា​ចម្រៀង​ស្រី​និយម​លេង​ខ្លួន​ប្លែកៗ​ កញ្ញា ទេព បូព្រឹក្ស និង​​ម្ចាស់​ស្នេហ៍​ខ្ពស់​ស្រឡះ លោក ជី-ដេវីដ បាន​​ក្លាយ​ជា​រឿង​ធម្មតា ប៉ុន្តែ​សំណេរ​សារ​ថា «មុន​ឃ្លាត​ពី​ពាក្យ​ថា​សង្សារ» បាន​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គូស្នេហ៍​នេះ​លើក​ឡើង​ថា ចំណង​ស្នេហ៍​របស់​តារា​ល្បីវ័យ​ក្មេង​ទាំង ​២ ​ដួង​បាន​ឈាន​ដល់​ចំណុច​កាន់​តែ​រឹង​មាំ និង​អាច​រំលេច​ជា​ពិធី​ផ្សារ​ភ្ជាប់​ចំណង​ស្នេហ៍​ជា​ផ្លូវ​ការ​ក្រោម​រូបភាព​ណាមួយ​ពុំ​ខាន។

នៅ​ពី​ក្រោម​​ការ​បង្ហោះ​រូបថត និង​សំណេរ​​របស់ ជី-ដេវីដ ប្រិយមិត្ត​ជា​ច្រើន​បាន​​ចូល​បញ្ចេញ​មតិ ដោយ​ខ្លះ​បាន​សរសេរ​ថា «អបអរសាទរ idols ទាំង​ពីរ» ខ្លះ​ទៀត​​លើក​ចំណោទ​សួរ​​ថា «បើ​ពួក​បង​ទាំង​ពីរ​លា​ពី​ពាក្យ​ថា​​សង្សារ មាន​តែ​ពួក​បង​ភ្ជាប់​ពាក្យ ឬ​រៀបការ»។

យ៉ាង​​ណា​ក្ដី​ ជុំវិញ​ចម្ងល់​​ថា​តើ គូស្នេហ៍​​ចម្រៀង​ កញ្ញា ទេព បូព្រឹក្ស និង​លោក ជី-ដេវីដ នឹង​ដឹកដៃ​​គ្នា​ដល់​វេលា​មង្គល​ឆាប់ៗ​ឬ​យ៉ាង​ណា​នោះ​ ពុំ​មាន​ការ​បក​ស្រាយ​ពី​ភាគី​ម្ខាង​ណា​ឡើយ។

គួរ​រំឭក​ផង​ដែរ​ថា ក្រៅ​ពី​ភាសា​ប្រើ​ពាក្យ​ហៅ​គ្នា​ថា «បង និង​អូន» ពេញៗ​មាត់​ប្រៀប​ដូច​ប្តី​ប្រពន្ធ​រៀបការ​​ថ្មី​ថ្មោង​ទៅ​ហើយ​នោះ ​តារា​ចម្រៀង​ស្រី​កំពុង​ល្បី​វីដេអូ​​ញ៉ាំ​អាហារ​ធ្វើ​ឲ្យ​ទស្សនិកជន​ឃើញ​ហើយ​កូរ​ពោះ​នោះ ក៏​បាន​បោះទុន​ ១៤ ម៉ឺន​ដុល្លារ ជាមួយ​ម្ចាស់​ស្នេហ៍​ ជី-ដេវីដ លើ​ជំនួញ​គ្រឿង​សម្អាង​កាល​ពី​ឆ្នាំ ២០១៨ ផង​ដែរ។ ចំណង​ស្នេហ៍​របស់​ពួក​គេ​រឹត​តែ​ធ្វើ​ឲ្យ​មហាជន​ជឿ​ថា​ នឹង​ឈាន​ដល់​ថ្ងៃ​រៀប​ការ​ឆាប់ៗ ខណៈ​ស្រី​ស្រស់ ទេព បូ​ព្រឹក្ស និង​លោក ជី-ដេវីដ ក៏​បាន​ថតរូប Pre-Wedding នៅ​ដែន​កោះម៉ាល់ឌីវ កាល​ពី​​ខែ​មីនា ឆ្នាំ ២០១៩ រួច​មក​ហើយ។

កាល​ណោះ តារា​ចម្រៀង​ ទេព បូព្រឹក្ស​ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «គ្រាន់​តែ​ជា​គម្រោង​ថត​ទុក​ ខណៈ​ពួក​យើង​ជិត​ទៅ​ដើរ​លេង​ក្រៅ​ប្រទេស ​គឺ​ប្រទេស​ម៉ាឌីវ ​ដែល​​ត្រូវ​សម្រាក​ដើរ​​លេង​​នៅ​ទី​នោះ ៣-​៤ ​ថ្ងៃ។ គិត​ថា​ ឆ្លៀត​ពេល​​ទៅ​ដើរ​លេង​ក៏​ថតរូប ឬ​វីដេអូ ដើម្បី​សន្សំ​ទុក Pre-Wedding តែ​ម្តង​​ទៅ​ ព្រោះ​ថា​ជា​វេលា​ល្អ ហើយ​ក៏​កម្រ​នឹង​បាន​ទៅ​ទៀត​»​។

កាល​ណោះ​នាង​ក៏​បាន​បញ្ជាក់​​ថា​៖ «​ក្រោយ​ពី​ពួក​យើង​បាន​ស្រឡាញ់​គ្នា​នា​រយៈពេល​​ប៉ុន្មាន​ឆ្នាំ​នេះ​មាន​ចាស់​ទុំ​ដឹង​ឮ​​ទាំង​សង​ខាង​​ហើយ​ឈាន​មក​ក្លាយ​ជា​គូ​សង្សារ​យល់​ចិត្ត​គ្នា​មក យើង​សុខ​ចិត្ត​​រក្សា​នៅ​ត្រឹម​ជា​គូ​ស្នេហ៍​សិន ​គឺ​មិន​ទាន់​ចង់​រហ័ស​ទៅ​រៀបការ​នោះ​ទេ​»៕