ភ្នំពេញ៖ លើស​ពី​រូបភាព​ថត​គៀកកើយ​គ្នា និង​ការ​បង្អួត​កាដូ​ជូន​គ្នា​ទៅវិញ​ទៅមក ផ្អើល​អស់​មហាជន ពី​តារាចម្រៀង​រួម​ទ្រនំ​ហង្សមាស​ដូចគ្នា នាង ទេព បូព្រឹក្ស និង លោក ងួន ច័ន្ទដេវីត តារាចម្រៀង​ផលិតកម្ម​រស្មី​ហង្សមាស ទេព បូព្រឹក្ស ថា​រូបភាព​នេះ​កាន់​តែ​បង្ហាញ​ការ​រុញច្រាន​ឲ្យ​ក្លាយ​ជា​គូស្នេហ៍​នឹង​គ្នា​ច្បាស់​ក្រឡែត។ ខណៈ​ពេល​នេះ​ស្រី​ស្រស់​តារាចម្រៀង តែ​សម្បូរ​ក្បាច់​រាំ​កាចៗ​រូប​នេះ​ក៏​សារភាព​ផង​ដែរ​ ពី​ការ​បើក​ជំនួញ​រួម​គ្នា​ដំបូង​ក្នុង​ទុក​រួម​ជាង ១០ ម៉ឺន​ដុល្លារ។

ពី​ឱកាស​បើ​ជំនួញ​រួម​គ្នា​ជាមួយ​ដៃគូ​ចម្រៀង​នេះ ក៏​ត្រូវ​បាន កញ្ញា ទេព បូព្រឹក្ស បង្ហាញ​ឲ្យ​ដឹង​ថា៖ «តាម​គម្រោង​ការ​បើក​ជំនួញ​ថ្មី​នាំ​ផលិតផល​រក្សា​សម្ផស្ស ពី​បរទេស​មក​លក់​នៅ​ស្រុក​ខ្មែរ​នោះ ដែល​ចូល​ហ៊ុន​គ្នា​ជាមួយ បង ដេវីត នេះ និង​បើ​សម្ភោធ​នៅ​ពាក់កណ្តាល​ខែ​កុម្ភៈ​នេះ តែ​ដោយ​ការ​រៀបចំ​ហាង​មិន​ទាន់​ ក៏ត្រូវ​ពន្យា​ការ​សម្ភោធ​នេះ​ទៅ​ខែ ៣ វិញ»។

ក្នុង​ជំនឿ​ចិត្ត​ថា​មុខរបរ​ថ្មី​នឹង​ជោគជ័យ​ដូច​អាជីព​ចម្រៀង និង​ថា ពេល​នេះ​ទីផ្សារ​ក៏​ទទួល​ការគាំទ្រ​ច្រើន​ហើយ​ពី​អ្នក​គាំទ្រ​កំពុង​តែ​រងចាំ​ផលិតផល​ទាំង​នោះ​ហើយ។

តារាចម្រៀង​ស្រី និង​ ​ជា​គូស្នេហ៍​តារាចម្រៀង​រ៉េប​រូប​នេះ នាង​ក៏​បាន​ប្រាប់​អះអាង​ទៀត​ថា៖ «​មុខរបរ​ដែល​ខ្ញុំ​កំពុង​តែ​រៀបចំ​នោះ​ជិត​បាន​ចេញ​ជា​រូបរាង​ហើយ ព្រោះ​ពេល​នេះ​ហាង​ហ្នឹង​ឌីហ្សាញ​ជិត​រួច​ហើយ​តើ។ ខ្ញុំ​មាន​គម្រោង​សម្ភោធ​ហាង​ហ្នឹង​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ហ្នឹង​ដែរ​ តែ​រៀបចំ​មិន​ទាន់​ ទើប​ឥឡូវ​ត្រូវ​លើក​ពេល​បន្ដិច​សិន ដើម្បី​ឲ្យ​មាន​ការ​រៀបចំ​ស្អាតបាត​សិន​ ទើប​យើង​ដំណើរការ។

តារាចម្រៀង​ដែល​ល្បី​ខាង​ក្បាច់​រាំកាចៗ និង​ជា​កូនស្រី​សំណព្វចិត្ត​មន្ត្រី​ធ្វើការ​នៅ​ក្រសួង​កិច្ចការនារី កញ្ញា ទេព បូព្រឹក្ស បន្ត​ថា៖ «ខ្ញុំ​ និង​ដេវីត បាន​ពិភាក្សា​គ្នា​ច្បាស់លាស់​អស់​ហើយ​រឿង​រកស៊ី​ហ្នឹង ពួកយើង​សង្ឃឹម​ថា​ នឹង​ជោគជ័យ​ដូច​ចម្រៀង​ដែរ​ គ្រាន់តែ​ដំណាក់កាល​ដំបូង យើង​មិន​ទាន់​ដាក់​ជា​ទុន​ធំ​ដូច គង់ ច័ន្ទស្រីមុំ ទេ​គឺ​រក​តាម​តូច​ទៅ​ធំ​សិន»​។

តារាចម្រៀង ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត បាន​ដាក់ទុន​ចូល​គ្នា​រកស៊ី​ដោយ​ចូល​ប្រាក់​គ្នា​ជាង ១០ ម៉ឺន​ដុល្លារ​​បើក​ហាង​លក់​ផលិតផល​គ្រឿង​សម្អាង​នាំ​ចូល​ពី​បរទេស​ដោយ​ទិញ​កម្មសិទ្ធិ​ផ្ទាល់​ពី​រោងចក្រ​តែ​ម្ដង ហើយ​ការ​ប្រឹង​រកស៊ី​ក្រៅ​សិល្បៈ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ពួកគេ​រកលុយ​ចូល​គ្នា​ឲ្យ​បាន​ច្រើន​ទើប​ដឹក​ដៃ​គ្នា​ចូល​រោងការ។

ប៉ុន្តែ​ពេល​សួរ​ដល់​សំនួរ​នេះ ទេព បូព្រឹក្ស ថា៖ «រឿង​នេះ​យើង​មិន​ទាន់​គិត​ដល់​ទេ អ្វី​ដែល​សំខាន់​ពេល​នេះ​យើង​ចង់​ឲ្យ​ជំនួញ​លក់​ផលិតផល​ Cosmetics ​នាំ​ចូល​ពី​បរទេស​ដោយ​ទិញ​ License ផ្ទាល់​ពី​រោងចក្រ​នេះ​ដើរ​សិន ហើយ​យើង​នឹង​គិត​មួយ​ជំហ៊ាន​ទៀត»៕