
អ្នកនាង ទេព សម្ផស្ស ក្លាយជាថៅកែស្រីហាង Wings & Beers ខណៈបាត់មុខពីសិល្បៈ។ រូបថត ហ៊ាន រង្សី
ភ្នំពេញ៖ ក្រោយពីការផ្អាកពីសិល្បៈអស់មួយរយៈប្រមាណ ២-៣ ឆ្នាំ ដោយសារពពោះបុត្រដំបូងជាចំណងស្នេហ៍នឹងស្វាមីជនបរទេស បានធ្វើឲ្យឡើងគីឡូបាត់បង់រូបឆោម ខណៈតួឯកស្រី ដែលល្បីក្នុងរឿង «ជីវិតនាងរក្សា» អ្នកនាង ទេព សម្ផស្ស បង្ហើបពីគម្រោងចង់ចូលប្រឡូកសិល្បៈវិញ ក្រោយពីសម្រកគីឡូសម្រេចឲ្យមានរូបរាងដូចដើមមកវិញនោះ។
តារាសម្តែងស្រីរូបនេះ បានចាប់ផ្តើមចូលសិល្បៈតាំងពីឆ្នាំ ២០០៩ តាមរយៈការដើរបង្ហាញម៉ូដ និងថតរូបដាក់ក្នុងទស្សនាវដ្តី ដោយបានអភិវឌ្ឍខ្លួនមកជាតារាសម្តែងល្បីនៅក្នុងឆ្នាំ ២០១៥ បន្ទាប់ពីបានថតបញ្ចប់កុនដំបូង មានន័យដូចគ្នានឹងជីវិតផ្ទាល់ខ្លួន មុនចូលសម្តែងកុនរឿង «ជីវិតនាងរក្សា» ផងដែរ។
តារាសម្តែងស្រីស្រូបបានភាពល្បីក្នុងវិថីសិល្បៈឆ្នាំ ២០១៥ និងបានបាត់មុខពីសិល្បៈ បន្ទាប់ពីមានផ្ទៃពោះជាមួយគូស្នេហ៍ជនជាតិហ្វីលីពីន ក្នុងអំឡុងឆ្នាំ ២០១៦ បានថ្លែងមកភ្នំពេញប៉ុស្តិ៍ថា៖ «ខ្ញុំជោគជ័យខ្លាំងក្នុងសិល្បៈក្នុងឆ្នាំ ២០១៥ ហើយនៅឆ្នាំ ២០១៦ ខ្ញុំក៏បានទទួលការងារថ្មីដែរ ទាំងមិនដឹងថាខ្លួនកំពុងមានផ្ទៃពោះ នាពេលដែលដឹងថា មានផ្ទៃពោះខ្ញុំក៏បានបញ្ចប់កុងត្រាជាមួយផលិតកម្មវិញ ហើយក៏បានផ្អាកចាប់តាំងពីពេលនោះមក»។

តារាសម្តែងស្រី ដែលបង្ហើបចង់វិលរកវិថីសិល្បៈវិញ ក្រោយពីបាត់មុខប្រមាណ២-៣ ឆ្នាំ អ្នកនាង ទេព សម្ផស្ស។ ភ្នំពេញ ប៉ុសិ៍្ត
តារាសម្តែងស្រីល្បីមួយប្រាវ ក៏បាត់មុខមួយរយៈវិញអ្នកនាង ទេព សម្ផស្ស ដែលមានឈ្មោះពិតថា ទេព ស្រីភ័ស ប្រាប់បន្តទៀតថា៖ «បន្ទាប់ពីសម្រាលកូនរួចហើយ ក៏មានខាងផលិតកម្មទាក់ទងមកដែរ ប៉ុន្តែខ្ញុំបានបដិសេធដោយសារកាលនោះទម្ងន់ខ្ញុំឡើងគីឡូ ខ្លាំងរហូតដល់ ៨០ គីឡូឯណោះ គ្មានភាពជឿជាក់លើខ្លួនឯង ណាមួយកូនក៏នៅតូចទើបបន្តផ្អាកមកដល់សព្វថ្ងៃនេះឯង»។
នៅក្នុងពេលមានផ្ទៃពោះអ្នកនាង ទេព សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា បានឡើងគីឡូ រហូតដល់ ៨០ គីឡូ ដោយការចូលចិត្តបរិភោគតែអាហារបំពង រហូតដល់សម្រាលរួចក៏ចុះមកត្រឹម ៧២ គីឡូវិញ។ ដោយសារការចង់វិលត្រឡប់ទៅប្រឡូកក្នុងសិល្បៈវិញនោះ តារាសម្តែងស្រីរូបនេះ ក៏កំពុងតែព្យាយាមសម្រកគីឡូចុះវិញផងដែរ។
ចំពោះគម្រោងត្រឡប់ចូលសិល្បៈវិញ តារាស្រីកូន ១ រូបនេះ ក៏បន្ថែមដូច្នេះដែរថា៖ «នៅសល់តែ ៣ ទៅ ៤ គីឡូទៀតទេ ខ្ញុំនឹងត្រឡប់មកមានរូបរាងដូចដើមវិញហើយ។ ខ្ញុំក៏មានគម្រោងថា នឹងចូលទៅសម្តែងសិល្បៈវិញនៅឆ្នាំ ២០២០ នេះទៀតផងដែរ»។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីតារាស្រីមានស្វាមីជាជនជាតិហ្វីលីពីនរូបនេះ បានផ្អាកពីសិល្បៈ នាងក៏បានធ្វើអាជីវកម្មផ្ទាល់ខ្លួន គឺបើកហាងលក់មាន់បំពងដែលមានឈ្មោះថា «Wings & Beers» និងហាងអាហារហ្វីលីពីន ឈ្មោះ «Madame» និងក៏កំពុងតែមានគម្រោងបើកហាងលក់ បឺហ្គ័រ នៅជិតវិទ្យាល័យបាក់ទូកទៀត ដោយមានការផ្តួចផ្តើមពីគូស្នេហ៍ជនជាតិហ្វីលីពីននោះឯង៕