ក្រុងប៉េកាំង: អាហារ​ប្រណីត​បែប​ថ្មី​នៅក្នុង​ប្រទេស​ចិន​មាន​កាន់​តែ​ខ្ពស់​ទៅៗ​ខណៈ​ត្រូវ​បាន​គេ​ប្រើ​ក្នុង​ពិធី​ជប់​លៀង​លើ​វេហាស៍​ដ៏​ស្រស់​ត្រកាល មួយ​នៅ​លើ​គែម​កំពូល​ភ្នំ​ថ្ម​ចោត​ខ្ពស់ នៅ​ភ្នំ​ឡាវ​ជុន ក្នុង​ក្រុង​លូយ៉ាង ខេត្ដ​ហេណាន់​ភាគ​កណ្ដាល​ប្រទេស​ចិន។

ភ្ញៀវទេសចរ​រាប់រយ​នាក់ ត្រូវបាន​បម្រើ​អាហារ​គ្រឿង​សមុទ្រ និង​ស្រា​ទំពាំង​បាយជូរ លើរាន​ហាល​ជាប់​គែម​ជ្រលង​ភ្នំ​កម្ពស់​ជាង ២ គីឡូម៉ែត្រ ជា​ផ្នែក​មួយ​នៃ​ពិធី​បុណ្យ​រដូវ​ក្ដៅ​នៅ​ភ្នំ​ឡាវជុន ខេត្ដ​ហេណាន់។

ពិធីជប់លៀង​ដែល​រៀបចំឡើង​នៅលើ​រាន​ហាន​ប្រវែង ១៨២ សង់ទីម៉ែត្រ សង់​ភ្ជាប់​នឹង​គែម​ជ្រលង​ភ្នំ។ តុ​អាហារ​ដ៏​វែង​ត្រូវបាន​ដំឡើង​តាម​រានហាល​តាំងពី​ដើមទី​រហូត​ដល់​ចុង​បញ្ចប់។

បទពិសោធ​ទទួលទាន​អាហារ​លើ​អាកាស​ដ៏​ស្រៀវ​ស្រើប បានបង្ហាញ​ពី​រូបភាព​ភ្ញៀវ​អង្គុយ​លើ​គែម​មរណៈ​កម្ពស់​ប្រមាណ ២២១៧ ម៉ែត្រ​លើ​នីវ៉ូទឹក​សមុទ្រ ខណៈ​ពួកគេ​ភ្លក្ស​អាហារ​គ្រឿង​សមុទ្រ បន្លែ និង​ផ្លែឈើ​ក្រោម​បរិយាកាស​ស្រៀវ​ឆ្អឹង​ខ្នង។

បុគ្គលិក​រត់​តុ​អំឡុង​ពិធី​នេះ ខ្លះ​ដៃ​កាន់​បង្កង​ក្រហមឆ្អិនឆ្អៅ ផ្សិត​ចៀន និង​ផ្លែឈើស្រស់។ បង្កង​ស្ងោរ​រាប់សិប​ក្បាល​ត្រូវបាន​ដាក់ជូន​ភ្ញៀវ ដែល​អង្គុយ​រង់​ចាំ​ដោយ​ទឹកមុខ​រីករាយ។

អាហារ​​​ដ៏​ប្រណីត​ត្រូវ​បាន​បម្រើជូនភ្ញៀវ​នៅ​កម្ពស់​ជាង ២ ពាន់​ម៉ែត្រ​។ AFP

ផ្លែឈើ​រដូវក្ដៅ ដូចជា ឪឡឹក និង​ត្រសក់ផ្អែម អាចជួយ​បំបាត់​ភាពស្រែក​ទឹក​របស់​ភ្ញៀវ ខណៈ​បុគ្គលិក​បន្ដ​លើក​បង្អែម នំនែក​ជា​ហូរហែ​សម្រាប់​ឲ្យ​ភ្ញៀវ​លាង​មាត់។

រានហាល​ដ៏​ស្រៀវ​ស្រើប​លើ​ជ្រលងភ្នំ​នោះ ថែមទាំង​ក្រាល​កញ្ចក់ សម្រាប់​ឲ្យ​គយគន់​ទេសភាព​នៅ​ក្រោម​ជើង​ផ្ទាល់​ផងដែរ។

ព្រឹត្ដិការណ៍​អាហារ​លើ​អាកាស​នេះ ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​អបអរ​ពិធី​បុណ្យ​រដូវក្ដៅ។ ស្ថិត​ក្នុង​គោល​ដៅ​កំពូល​លំដាប់​ទី 5A របស់​ប្រទេស ភ្នំ​ឡាវជុន ជាទី​ឋាន​គយគន់​ថ្ងៃ​លិច និង​ថ្ងៃ​រះ ខណៈ​រាន​ហាល​របស់​វា​ជាទី​ឋាន​គន់​ទេសភាព​ដ៏​ល្អ​បំផុត​មួយ​ផង​ដែរ៕HR