ភ្នំពេញ៖ សារមន្ទីរអន្ដរជាតិបាន និងកំពុងប្រែក្លាយជាពិព័រណ៍រស់រវើក ដើម្បីបង្កើតភាពទាក់ទាញជាមួយនឹងបទពិសោធបច្ចេកវិទ្យាទំនើប ដែលអាចនាំអ្នកទស្សនាវិលទៅកាន់ពេលវេលាណាមួយ និងកន្លែងណាមួយស្ដែងៗនឹងភ្នែក។
នៅពេលឈានជើងចូលក្នុងសាលបន្ទប់ធំមួយ រូបភាព 3D ពីការកសាងប្រាង្គប្រាសាទបានផុសឡើងនៅគ្រប់ជ្រុងនៃជញ្ជាំងទាំង ៨ ទិស លើកម្រិត ៣៦០ដឺក្រេ បានធ្វើឱ្យអ្នកទស្សនាកាន់តែយល់ច្បាស់អំពីហេតុការណ៍ប្រវត្ដិសាស្ដ្រ អមទៅដោយទិដ្ឋភាពបច្ចេកវិទ្យាដ៏ទំនើប។
អង្គររស់រវើក មានន័យថា ភ្ញៀវអាចធ្វើដំណើរទៅកាន់អតីតកាល ដើម្បីមើលពីការកសាងប្រាង្គប្រាសាទក្នុងរជ្ជកាលអាណាចក្រខ្មែរដ៏រុងរឿងផ្ទាល់នឹងភ្នែក។
លោក សូរស្មី កេ ប៊ីន ជាអគ្គនាយកក្រុមហ៊ុន Confluences ដែលចូលរួមចំណែកក្នុងការបង្កើតសារមន្ទីររស់រវើកបាននិយាយថា៖ «ក្នុងការផ្ដល់បទពិសោធសម្រាប់ទាំងភ្ញៀវជាតិ និងអន្ដរជាតិ សារមន្ទីរអង្គររស់រវើក នឹងប្រើបច្ចេកវិទ្យាទំនើប ដែលអនុញ្ញាតឱ្យអ្នកទស្សនាបានឃើញនូវប្រាង្គប្រាសាទត្រូវបានកសាងឡើងវិញតាមរូបភាព 3D»។
ជាមួយនឹងគម្រោងរួមគ្នា សារមន្ទីររស់រវើក ត្រូវបានប្រកាសជាពិព័រណ៍ដំបូងបំផុតនៅក្នុងតំបន់ ដោយលោក សូរស្មី បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «វានឹងក្លាយជាសារមន្ទីររស់រវើកអចិន្រ្តៃយ៍ដំបូងបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងមានមោទនភាពថា វាស្ថិតក្នុងខេត្ដសៀមរាប ដែលជាទីតាំងបេតិកភណ្ឌដ៏អស្ចារ្យ»។
Confluences ជាក្រុមហ៊ុនក្នុងស្រុកសហការជាមួយក្រុមហ៊ុនបារាំង Iconem មានជំនាញស្កេន 3D តំបន់បេតិកភណ្ឌពិភពលោក និងបង្កើតជាពិព័រណ៍រស់រវើក។
លោក Etienne Tellier អគ្គនាយក Iconem បានថ្លែងឱ្យដឹងថា៖ «គម្រោងអង្គររស់រវើក ជាសមិទ្ធផលរវាងក្រុមហ៊ុនធុរកិច្ច ២ ដោយ Iconem នាំយកនូវបច្ចេកវិទ្យាចុងក្រោយក្នុងទម្រង់ឯក 3D រំលេចនូវតំបន់បុរាណវត្ថុវិទ្យា ខណៈ Confluences ផ្ដោតទៅលើការស្រាវជ្រាវចំណេះដឹង និងវប្បធម៌របស់កម្ពុជា»។
ពេលនេះ គម្រោងតែមួយប្រចាំតំបន់នេះ បានប្រកាសដៃគូទី៣ Tandem Partners ផ្ដោតលើយុទ្ធសាស្ដ្រ និងហិរញ្ញវត្ថុ ដែលចូលមកពន្លឿនគម្រោងមួយនេះ។
លោក សូរស្មី បាននិយាយថា៖ «ភ្ញៀវនឹងកាន់តែយល់ច្បាស់ និងកោតស្ញប់ស្ញែងចំពោះប្រវត្ដិសាស្ដ្រ និងវប្បធម៌ខ្មែរ ដោយសារមន្ទីរនាំយកចំណេះដឹងនៃការអប់រំ បច្ចេកវិទ្យាថ្មី និងការកម្សាន្ដរួមគ្នាដែលហៅថា (ការកម្សាន្ដបែបអប់រំ)។ វាជាការអប់រំដោយសារភ្ញៀវបរទេសជាង ៥០ ភាគរយ មិនដឹងអំពីប្រវត្ដិសាស្ដ្រប្រាសាទកម្ពុជា។ ពួកគេមានការភ្ញាក់ផ្អើលចំពោះស្ថាបត្យកម្មប្រាសាទ ហើយមិនសូវខ្វល់ពីប្រវត្ដិរឿងរ៉ាវលម្អិតនោះទេ»។
លោក សូរស្មី ប្រសូត និងធំដឹងក្ដីនៅទីក្រុង Lyon ជាទីដែលលោកបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ ២ មុខវិជ្ជា និងបានសម្រេចចូលរួមវិនិយោគនៅកម្ពុជាជាមួយឪពុកក្នុងឆ្នាំ ២០០២។
លោកនិយាយថា តាមរយៈឥទ្ធិពលនៃបច្ចេកវិទ្យា សារមន្ទីរថ្មីនេះនឹងផ្ដល់ការកម្សាន្ដ និងបទពិសោធវីដេអូ 3D ៦០ នាទីស្ដីពីតថភាពទូទៅនៃបេតិកភណ្ឌ និងភាពស៊ីវិល័យរបស់ខ្មែរ។
យ៉ាងណាមិញ លោកអះអាងថា មគ្គុទេ្ទសក៍នៅតែជាបុគ្គលសំខាន់ក្នុងការបញ្ជ្រាបចំណេះដឹងប្រវត្ដិសាស្ដ្រនៅតំបន់អង្គរ និងទូទាំងក្នុងឧទ្យានបុរាណវត្ថុវិទ្យា។
លោកបានឱ្យដឹងថា៖ «ពួកគេបានបង្ហាញពីមោទនភាពជាតិ និងភាពអស្ចារ្យនៃកេរដំណែល ក៏ដូចជាប្រវត្ដិសាស្ដ្រជាតិ។ ពួកគេក៏បានផ្ដល់នូវការប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយភ្ញៀវផងដែរ»។
ភ្ញៀវមានជម្រើសក្នុងការចូលសារមន្ទីរមុន និងក្រោយពេលទៅទស្សនានៅតាមប្រាង្គប្រាសាទផ្ទាល់ភ្នែក ជាពិសេសសម្រាប់ឱកាសវេលាក្ដៅខ្លាំង ឬភ្លៀង ឬនៅពេលយប់ជាដើម។
ដោយកំពុងសម្លឹងរកទីតាំងសមរម្យដែលមានទំហំដៃ ១ ពាន់ម៉ែត្រការ៉េ សម្រាប់អគារធំទូលាយ សារមន្ទីរថ្មីនេះផ្ដោតលើកត្ដា ២ គឺគុណភាព និងគោលការណ៍សុវត្ថិភាព។
លោក សូរស្មី ដែលប្រលយថា គម្រោងសារមន្ទីរអង្គររស់រវើកប្រចាំតំបន់នឹងចាប់ផ្ដើមនៅក្នុងអំឡុងត្រីមាសទី១ និងទី២ ឆ្នាំ ២០២២ បានបន្ដថា៖ «ភ្ញៀវទេសចរនឹងអាចដើរទស្សនាដោយសេរីក្នុងបន្ទប់ធំ ខណៈវីដេអូ តន្ដ្រី និងរូបភាពចលនាត្រូវបានតាំងបង្ហាញ ៣៦០ ដឺក្រេ។ យើងមិនចង់ឱ្យមានភ្ញៀវច្រើនពេកយើងក៏គិតគូរពីការផ្ទុកមនុស្សត្រឹម ១៥០ នាក់ម្ដង ដោយម្នាក់ស្ថិតក្នុងបរិវេណ ៧ ម៉ែត្រការ៉េ»។
ក្រៅពីប្រាសាទធំៗ ដូចជា អង្គរវត្ដ បាយ័ន និងតាព្រហ្ម សារមន្ទីរអង្គររស់រវើក នឹងបន្ដបង្ហាញប្រាង្គប្រាសាទបុរាណខ្មែរជាច្រើនទៀត ជាពិសេស ប្រាសាទខ្មែរដែលមិនសូវមានគេស្គាល់ច្រើន។
ជាមួយស្ថានភាពវិបត្ដិកូវីដសកល ដែលមនុស្សត្រូវរស់នៅតាមគន្លងថ្មី លោក សូរស្មី រំពឹងថា ម្នាក់ៗសុទ្ធតែទន្ទឹងរង់ចាំការបើកទ្វារព្រំដែនទាំងអស់ ដើម្បីឱ្យមានការធ្វើដំណើរ និងចរន្ដភ្ញៀវទេសចរងើបឡើងវិញទាំងភ្ញៀវជាតិ និងអន្ដរជាតិ។
លោកបានលើកឡើងថា៖ «យើងរំពឹងថា វិស័យទេសចរណ៍នឹងមិនដូចដើមទាំងស្រុងទេ ហើយយើងជឿជាក់ថា វាជាវេលាល្អក្នុងការរៀបចំស្ដង់ដាថ្មី ដើម្បីឆ្លើយតបទេសចរណ៍គន្លងថ្មី។ វិស័យទេសចរណ៍នឹងងើបឡើងវិញយ៉ាងច្បាស់ តែសំណួរត្រង់ថា តើនៅពេលណា និងតាមរបៀបណា?»៕