ភ្នំពេញ៖ ថ្មីៗ​នេះ​ស្រាប់​តែ​​​​​បង្កើត​​ភាព​ភ្ញាក់​ផ្អើល​​មហាជន​អ្នក​គាំទ្រ​ និង​សង្គម​អ្នក​សិល្បៈ​ ខណៈ​ប្តី​ប្រពន្ធ​មាន​អាជីព​ជា​តារា​ចម្រៀង​​ដូចគ្នា​អ្នក​នាង យក់ ឋិតរដ្ឋា និងលោក ឃុំ​ ប៉ុណ្ណាដែត​ ទទួល​​​ដំណឹង​ល្អ​រឿង​បង្កើន​សមាជិក​ថ្មី​​​ក្នុង​គ្រួសារ​គឺ​​​មាន​បុត្រី​ទី៣ សម្រេច​ក្តី​ប្រាថ្នា​ នា​គ្រា​​មាន​​វិបត្តិ​​​កូវីដ ​១៩ ទោះបី​ជា​សិល្បៈ​​រាង​ស្ងាត់​បន្តិច​​​ក៏​ដោយ​​​។​

ប្រិយមិត្ត​គាំទ្រ​មាន​ការ​សាទរ​ច្រើន នា​ពេល​ឃើញ​​តារា​ចម្រៀង​ស្រីជ្រក​ទ្រនំ​ថោន​ អ្នកនាង យក់ ឋិតរដ្ឋា​ បង្ហោះ​សារ​មួយ​​​ឃ្លា​ដែល​អម​ទៅ​នឹង​​រូបថត​ពពោះ​កូន​ស្រី​ទី​៣​ ខណៈ​អ្នកនាង​ក៏​​មាន​កូន​ប្រុស ​២ ​នាក់​ រួច​មក​ហើយ​នោះ​​ថា៖ «​អាទិត្យ​ក៏​នៅ​​​​ផ្ទះ ចន្ទ​ក៏​នៅ​ផ្ទះ​ នៅ​ផ្ទះ​ច្រើន​ពេក​ធំ​តែ​ពោះ​អ៊ីចឹង​ខ្ញុំ ហាសហា! ​បាន​មួយ​ទៀត​ដូច​ចិត្ត​ហើយ​លោក​​ប្តី​អើយ យើង​បិទ​វគ្គ​ត្រឹម​ហ្នឹង​ណា​​​ប្តី!»។

ដោយ​ឡែក​​ចំពោះ​បុត្រ​​ទី៣ ដែល​ប្តី​ប្រពន្ធ​ជា​អ្នក​​សិល្បៈ​​ កំពុង​តែ​​សម​តាម​បំណង​​នោះ មាន​វ័យ​ ​៦​ ខែ​​នៅ​ក្នុង​ផ្ទៃ​ទៅ​​​ហើយ​​ មិន​មែន​ទើប​តែ​​នឹង​មាន​នា​ពេល​អ្នក​​សិល្បៈ​ សម្រាក​នៅ​ផ្ទះ​ក្នុង​គ្រា​មាន​​វិបត្តិ​​កូវីដ ១៩ ​នេះ​ឡើយ​ បើ​តាម​ការ​បង្ហើប​​​ពី​លោក​​​ ឃុំ ប៉ុណ្ណាដែត ជា​ប្តី​អ្នកនាង​ យក់ ឋិត​រដ្ឋា​។​ លោក​បាន​​បញ្ជាក់​​​​បន្ថែម​ថា៖ «​កូន​​ទី​៣​ នេះ​ គាត់​មាន​វ័យ ៦ខែ ហើយ ដោយ​​ត្រៀម​​សម្រាល​​នៅ​​​​ចុង​​ខែ​សីហា​ ខាង​មុខ​នេះ​។ ជា​ការ​​ពិត​​សម្រាប់​កំណើត​កូន​​ទី៣​​ គឺ​ពួក​​​យើង​មាន​ផែនការ​សម្រាប់​​គ្រួសារ​​តាំង​ពី​ចុង​ឆ្នាំ ​២០១៩ មក​​ម្ល៉េះ​ មិន​មែន​​ទើប​​តែ​មាន​​ក្នុង​ពេល​​​​​មាន​ស្ថានភាព​ជំងឺ​​​​កូវីដ ១៩​ នេះ​​​​​​​ឡើយ»​។​

នា​មួយរយៈ​​​ចុង​ក្រោយ​​នេះ សង្កេត​ឃើញ​ដែរ​ថា តារា​ចម្រៀង​ស្រី​​​រូប​នេះ ក៏​មាន​ឱកាស​ថត​កុន​បន្ថែម​ពី​លើ​អាជីព​ចម្រៀង​ជាមួយ​ប្តី​​លោក ឃុំ ប៉ុណ្ណាដែត ផង​ដែរ​គឺ​ថត​កុន​ឲ្យ​ផលិតកម្ម LD Picture និង​​ទើប​​ដាក់​ទុន​​បើក​ហាង​លក់​ផលិតផល​​សម្អាង​កាយ​ឈ្មោះ​ «CHOB» ដែល​មាន​ទីតាំង​​ស្ថិតនៅ​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ​ក្នុង​តំបន់​ផ្សារ Makro កម្ពុជា ខណៈ​ប្តី​ប្រពន្ធ​​អ្នក​សិល្បៈ ​១ ​គូ​នេះ ក៏​រក​ស៊ី​បើក​ភោជនីយដ្ឋាន​ឈ្មោះ FactoryPub ហើយ​​ដែរ។

តែ​ក្រោយ​ពី​ចូល​​ជ្រក​​​ទ្រនំ​ថ្មី​ថោន សន្សំ​បាន​​​ពិន្ទុ​​ល្អ​​ ​ខំ​សាង​កេរ្តិ៍​ឈ្មោះ​លើ​វិថី​ចម្រៀង​សា​ជា​ថ្មី​បាន​ឡើង​កូដ​គួរ​សម​​​វិញ​ជា​បណ្តើរ​ទៅ​ហើយ​នោះ ស្រាប់​តែ​តារា​​ចម្រៀង​ យក់ ឋិតរដ្ឋា លេច​ឮ​រលក​​​ព័ត៌មាន​​ចចាម​អារ៉ាម​​​​ពី​​សង្គម​​សិល្បៈ​ថា អ្នក​​នាង​​ត្រូវ​ផលិតកម្ម​ថោន យក​មក​​ធីប​​ទុក​ចោល​មិន​សូវ​ជា​មាន​​ចេញ​​​​​​​បទ​​ឲ្យ​​ច្រៀង។

បើ​តាម​សភាព​ជាក់​ស្តែង​​តារា​ចម្រៀង​​ស្រី​កូន ២ ដែល​មាន​ស្វាមី​ធ្លាប់​ជា​តារា​ចម្រៀង​ផង​ដែរ ​គឺ​លោក​ ឃុំ ប៉ុណ្ណាដែត តែងតែ​​​មាន​បទ​ចម្រៀង​ជារឿយៗ ចេញ​បន្ត​​បន្ទាប់​​មិន​សូវ​ជា​​ដាច់​ប៉ុន្មាន​​នោះ​​​ទេ​នៅ​​ក្នុង​ទ្រនំ​ផលិតកម្ម​ថោន​នោះ៕​