ភ្នំពេញ៖ ក្រោយពីបានសម្រាលបុត្រា និងវិលត្រឡប់មកកាន់ពិភពសម្តែងសិល្បៈវិញ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ មជ្ឈដ្ឋានមហាជនរមែងសង្កេតឃើញថា តារាស្រីស្រស់ អ្នកនាង សិទ្ធី នីកា ដែលជាក្មួយស្រីអ្នកនាង ព្រំ រដ្ឋា ឧស្សាហ៍បង្ហោះរូបថតឃ្យូតៗរបស់ខ្លួនដែលបង្កើតនូវភាពភ្ញាក់ផ្អើលសាជាថ្មី។
សូម្បីតែសាមីខ្លួនក៏ហាក់មានភាពចម្លែកក្នុងអារម្មណ៍ផងដែរ សម្រាប់ការបង្ហោះរូបថតឃ្យូតៗទាំងនោះ ដោយបានបង្ហើរសារបញ្ជាក់ថា៖ «យើងមានកូនក៏ពិតមែន តែធ្វើម៉េចទេ បើ mommy ចង់នៅ cute ចឹង!»។ លើសពីនេះ ក៏មានសារបង្ហើរអារម្មណ៍ចម្លែក សម្រាប់រូបថត ២ ប៉ុស្តិ៍ នៅក្នុងឈុតខោអាវហាត់ប្រាណថា៖ «មកពីហាត់ប្រាណ ស្តាយអាកាសធាតុ ក៏ដាក់មួយប៉ុស្តិ៍ពីរប៉ុស្តិ៍ទៅ យូរៗសុំបញ្ចេញសាច់មួយដង កុំថាអី លីកា ណា!»។
រំពេចនោះ ក៏មានអ្នកចូលទៅចុច Like និង Comments បញ្ចេញមតិយ៉ាងច្រើន ដែលបើតាមមើលទៅឃើញសុទ្ធតែពាក្យសរសើរបង្ហាញពីភាពភ្ញាក់ផ្អើល សឹងតែមានសំណេរជាន់ពាក្យគ្នាហូរហែតែម្តងបន្លឺថា៖ «អ៊ូយ! រាងពិតជាស្អាតណាស់! ស្អាតម្ល៉េះពៅ! រាងពិតជាស្អាតម្ល៉េះចែ!» និងសារសរសើរអំពីរូបរាងនោះថា៖ «ទោះមានកូន ក៏គួរឱ្យស្រឡាញ់។ Mummy cute ឡើងសាឡប់ម៉ង់! ស្រឡាញ់ និងចូលចិត្តបង ខ្លាំងណាស់!»។
គួរកត់សម្គាល់ផងដែរថា ក្រោយពីបានបាត់មុខមួយរយៈចេញពីពិភពនៃសិល្បៈ គឺដោយត្រូវទៅបំពេញកាតព្វកិច្ចជាឧត្តមភរិយា និងមាតាដ៏ល្អសម្រាលបុត្រា ១ អង្គនៃចំណងស្នេហ៍ជាមួយម្ចាស់ចិត្ត គឺព្រះអង្គម្ចាស់នរោត្តម ចារូច័ក្រ ដែលទ្រង់ជាបុត្រាព្រះអង្គម្ចាស់នរោត្តម ចក្រពង្ស នោះ តារាស្រីស្រស់ សិទ្ធី នីកា ក៏លេចនូវវត្តមានវិលត្រឡប់មកប្រឡូកក្នុងវិស័យសិល្បៈវិញ កាលពីចុងឆ្នាំ ២០២០ កន្លងទៅថ្មីៗដែរ តាមរយៈការថតកុនភាគរឿង «ពណ៌ជីវិត» របស់ផលិតកម្មនៃទូរទស្សន៍ភីអិនអិនសម្តែងជាមួយនឹងតួឯកប្រុសលោក ខាត់ វ៉ៃហាំង នាដើមឆ្នាំ ២០២១ នេះ។
តារាសម្តែងស្រី សិទ្ធី នីកា ដែលជាក្មួយស្រីតារាសម្តែងជើងចាស់អ្នកនាង ព្រំ រដ្ឋា បានឆក់ឱកាសគ្រងតំណែងតួឯកស្រីក្នុងកុនភាគថ្មី និងការថតស្ប៉តពាណិជ្ជកម្មផលិតផលសម្រស់នានា អ្នកនាង សិទ្ធី នីកា ក៏បានធ្លាប់បញ្ជាក់ដែរថា៖ «ពិតមែនហើយបង! នៅពេលនេះនាងខ្ញុំ បានវិលមកប្រឡូកការងារសិល្បៈវិញពេញដៃពេញជើងហើយ។ ក្រៅពីនេះនាងខ្ញុំមានការរវល់ខ្លាំងផងដែរ ជាមួយនឹងការថតស្ប៉តផ្សព្វផ្សាយផលិតផលសម្រស់»។
តារាសម្តែងស្រីអ្នកនាង សិទ្ធី នីកា ទើបតែបានសម្រាលបុត្រា ១ អង្គ ព្រះនាមនរោត្តម ពង្សចក្រី ហៅ Enzo ដែលមានព្រះជន្មជាង ១ ខួប ហើយសម្រាប់ចំណងស្នេហ៍ជាមួយនឹងព្រះអង្គម្ចាស់ ព្រះនាម នរោត្តម ចារូច័ក្រ៕