ក្រុងបានលុងៈ ដើម្បីថែរក្សា និងអភិរក្សសត្វដំរីកម្ពុជា និងប្រពៃណីហ្មដំរីតាំងពីបរមបុរាណ ដែលនៅសេសសល់ក្នុងខេត្តភាគឦសាន ប្រទេស មូលនិធិសមាគមអភិរក្សដំរីអៃរាវត្តា ត្រូវបង្កើតកាលពី ៤ ឆ្នាំមុន ដោយផ្ដល់ឱកាសឲ្យភ្ញៀវទេសចរទទួលបានភាពស្និទ្ធស្នាល ជាមួយនឹងសត្វដំរីចិញ្ចឹមក្នុងតំបន់ព្រៃសហគមន៍កាទៀង ស្ថិតនៅភូមិកាទៀង ឃុំល្បាំង ២ ស្រុកលំផាត់ ខេត្តរតនគិរី។
ជាយថាផល ថ្មីៗនេះមានដំរីឈ្មោលមួយក្បាលឈ្មោះថា «បុកវ៉ា-Bokva» ក្នុងចំណោមដំរី ៤ នៅពុំទាន់ជាសះស្បើយនៅឡើយ បើទោះបីជាត្រូវបានព្យាបាលជំងឺពីគ្រូពេទ្យសត្វ ប្រើពេលវេលាអស់ ៣ ខែ មកហើយនោះ ទើបពេលថ្មីៗនេះ សមាគមអភិរក្សដំរីអៃរាវត្តា សម្រេចធ្វើពិធីសែនព្រេនទៅតាមទំនៀមដើមរបស់ជនជាតិភាគតិច ដែលជាហ្មដំរីនោះគឺពិធីសែនព្រេនកាប់ជ្រូក ដុតមាន់ និងសែនស្រា ដើម្បីសុំសេចក្តីសុខ និងសុំឲ្យដំរីឈ្មោះ «បុកវ៉ា» ឆាប់ជាសះស្បើយពីជំងឺរបស់វា។
ប្រធានមូលនិធិសមាគមអភិរក្សដំរីអៃរាវត្តា អ្នកស្រី ខៃ ចិន្តា ហៅ ចិន្តា ក្លេ បានបង្ហើបឲ្យដឹងពីការធ្វើពិធីសែនព្រេន ដើម្បីសុំសេចក្តីសុខសប្បាយ ជាពិសេសសុំឲ្យដំរីឈឺឆាប់ជាពីជំងឺតាមទំនៀមដើមនៃជនជាតិព្រៅ ជាហ្មដំរីនោះដែរថា៖ «ទោះបីជាយើងរស់នៅក្នុងសម័យទំនើបបែបវិទ្យាសាស្រ្តយ៉ាងណាក្តី ក៏យើងមិនបានបំភ្លេចតាមទំនៀមទម្លាប់របស់បងប្អូនជនជាតិដើម ដែលជាម្ចាស់ទឹកដី និងជាហ្មដំរីនោះដែរ ដូចពាក្យចាស់តំណាលថា អាគមផ្សំអាយុនោះឯង។
ម្យ៉ាងទៀតយើងក៏មិនចង់ឲ្យមានការខុសទំនៀមរបស់ពួកគាត់ដែរ ខណៈយើងក៏បានប្រើវិធីតាមសម័យទំនើប រកគ្រូពេទ្យសត្វព្យាបាលរយៈពេលប្រមាណ ៣ ខែហើយដែរ។ ដូច្នេះហើយបានជាប៉ុន្មានថ្ងៃនេះ ខ្ញុំក៏យល់ព្រមឲ្យហ្មដំរី រៀបចំពីធីសែនព្រេនឲ្យ «បុកវ៉ា» តាមទំនៀម ដោយមានកាប់ជ្រូក ១ ក្បាល កាប់មាន់ និងស្រាជនជាតិជាលើកដំបូង សម្រាប់រយៈពេលដែលយើងបង្កើតបានជាសមាគមនេះ ៤ ឆ្នាំមក»។
អ្នកស្រី ចិន្តា ក្លេ បានបន្តថា៖ «ទោះជាយ៉ាងណាក៏យើងនៅតែបន្តខំរកគ្រូពេទ្យជំនាញ ដើម្បីមកព្យាបាល «បុកវ៉ា» ឲ្យបានជាសះស្បើយដែរ»។
ស្ថិតនៅចម្ងាយប្រមាណជិត ១០ គីឡូម៉ែត្រ ពីក្រុងបានឡុង តំបន់អភិរក្សដំរីអៃរាវត្តា គឺជាជំរំសត្វដំរីដែលផ្ដល់ឱកាសដល់ភ្ញៀវទេសចរបានជួបសត្វប្រមោយវែង និងហ្មរបស់វាជាជនជាតិភាគតិច។ នៅមានសកម្មភាពអេកូទេសចរណ៍ដទៃទៀតដូចជា ការជិះដំរីកម្សាន្តសហគមន៍ ការថតរូបអនុស្សាវរីយ៍មុនរៀបអាពាហ៍ពិពាហ៍ជាមួយនឹងសត្វដំរី ផ្ដល់ចំណី និងថែទាំដំរីក្នុងជម្រកព្រៃធម្មជាតិសហគមន៍កាទៀង ដែលមានផ្ទៃដីទំហំប្រមាណ ៣០០ ហិកតា។
នាថ្មីៗនេះ តំបន់សហគមន៍កាទៀង ដែលស្ថិតនៅក្នុងភូមិកាទៀង ឃុំល្បាំង ២ ស្រុកលំផាត់ ខេត្តរតនគិរីឯណោះមានកន្លែងសម្រាប់ថត Pre-Wedding តាមបែបប្រពៃណីខ្មែរ ឬក៏រៀបចំពិធីអាពាហ៍ពិពាហ៍ ដែលមានសត្វដំរីធំៗចំនួន ៤ ជាយានជំនិះគឺជាលក្ខណៈប្លែកអារម្មណ៍បែបធម្មជាតិពិតៗតែម្តង៕