ភ្នំពេញៈ ចាប់តាំងពី​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយជា​តារាចម្រៀង​អូ​រី​ជីណ​ល និង​បាន​ឈាន​ជើង​ចូល​មក​ប្រឡូក​វិស័យ​សិល្បៈ​បាន​ប្រមាណ​ជាង ២ ឆ្នាំ តារា​ម៉ូដែល និង​សម្តែង​ស្រី​រូប​ស្រស់​សោភា​មាន​ឈ្មោះ​ពិត​ថា ជុំ រចនា​ពេជ្រ ហៅ​កញ្ញា បេប៊ី កំពុង​តែ​ពង្រាយ​មន្ត​ស្នេហ៍ និង​ស្រូប​បាន​ទីផ្សារ​លើ​វិថី​សិល្បៈ​ច្រើន​ស្អេក​ស្កះ​ទៅ​ហើយ​នោះ​ក្តី ក៏​គេ​ឃើញ​នាង​ឆ្លៀត​ទៅ​បើក​របរ​រក​ប្រាក់​កាក់​ល្អិត​បន្ថែម​ទៀត។

មុខរបរ​ដែល​តារា​ស​ម្តែ​ង​ស្រី និង​ពិធី​ការិនី​នៅ ប៉ុស្តិ៍ CTN ដែលមាន​ហុងស៊ុយ​លើ​វិថី​សិល្បៈ និង​ទើប​តែ​បង្ហាញ​ពី​ភាព​មាន​បាន​តាមរយៈ​ការ​ហ៊ឺហា​ជិះ​រថយន្ត​ទំនើប​ម៉ាក Range Rover តម្លៃ​ជាង ៥ ម៉ឺន ដុល្លារ ហើយ​ក៏​ល្បី​ថា​នាង​ទើប​ទិញ​ផ្ទះ​វីឡា​ជាង ២០ ម៉ឺន ដុល្លារ ទៅ​ហើយ​នោះ​បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​មូលហេតុ​មក​បើក​របរ​លក់​ម្ជូរ​ថា៖ «ចេះ​តែ​ឆ្លៀត​ទៅ​បង កុំ​ឲ្យ​ទុក​ពេល​ទំនេរ​ឥត​ប្រយោជន៍ ហើយ​តាម​ពិតនេះ​ជា​ការ​ជួយ​ផ្សព្វផ្សាយ​ដល់​បង​ស្រី​ជីដូន​មួយ​ខ្ញុំ​តែ​ប៉ុណ្ណោះ ដែល​លក់​នៅ​ម្តុំ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ព្រោះ​ថា នេះ​ក៏​ជា​គំនិត​បំផុស​ចង់​ឲ្យ​គាត់​លក់​ដូរ​ដែរ»។

ទោះ​ទើបតែ​បាន​ឈាន​ជើង​ចូលមក​ប្រឡូក​វិស័យ​សិល្បៈ​ប្រមាណ ២ ឆ្នាំ​មែន​ក្តី តែ​ប្រជាប្រិយ​ភាព​របស់​តារា​ស្រី​ម៉ូដែល និង​សម្តែង​ស្រស់​សោភា សាច់​សខ្ចី​ល្វក់ ដែល​មាន​ឈ្មោះ​ពិត​កញ្ញា ជុំ រចនា​ពេជ្រ ហៅ​កញ្ញា បេប៊ី ក៏​កំពុង​តែ​មាន​រាសី​ឡើង​នឹង​អាជីព​ជា​ពិធីការិនី និង​បាន​ប្រែ​ក្លាយ​ខ្លួន​ឯង​ឲ្យ​ទៅ​ជា​តារា​ចម្រៀង​មួយ​រូប​ទៀត សម្រាប់​ពង្រីក​ទីផ្សារ​សិល្បៈ​ខ្លួន​ឲ្យ​កាន់​តែ​ធំ​ទូលាយ​អាច​កើប​លុយ​កាន់​តែ​ច្រើន។ កញ្ញា បេប៊ី ធ្លាប់​បង្ហើប​ឲ្យ​ដឹង​ថា៖ «ជា​ការ​ពិត​មែន​ហើយ​បង! គឺ​នាង​ខ្ញុំ​បាន​ចំណាយ​នូវ​ធនធាន​ផ្ទាល់​ខ្លួន ដើម្បី​ផលិត​បទ​ចម្រៀង​ជា​ប្រភេទ​អូរីជីណល​បាន​ចំនួន ៤ បទ ដែល​ចេញ​ផ្សាយ​តាម​បណ្តាញ​សង្គម និង Youtube រួច​ហើយ​ដែរ»។

កញ្ញា បេ​ប៊ី បាន​បន្ត​ឲ្យ​ដឹងថា៖ «ការធ្វើ​ឲ្យ​ខ្លួនឯង​មក​ក្លាយជា​តារាចម្រៀង ១ រូប​ទៀត​នេះ ដោយសារ​តែ​នាង​ខ្ញុំ​ចូល​ចិត្ត​ច្រៀង​រាំ​ខ្លាំង ហើយ​គិត​ថា ខ្លួន​ឯង​អាច​អភិវឌ្ឍ​ខ្លួន​ទៅ​កាន់​វិស័យ​ចម្រៀង​នេះ​បាន។ ដូច្នេះ ក៏​សម្រេច​បង្កើត​ជា​ស្នាដៃ​បទ​ចម្រៀង​អូរីជីណល​ដំបូង​មាន ៤ បទ ដែល​មាន ៣ បទ​ជា​ចង្វាក់​ញាក់​កន្ត្រាក់​អារម្មណ៍ និង ១ បទ​ទៀត​គឺ​បែប​មនោ​សញ្ចេតនា។ ចម្រៀង​ទាំង ៤ បទ​របស់​ខ្ញុំ​នោះ រួម​មាន ដូចជា​បទ «បូតសណ្តែក» បទ «សង្សារ ខ្ញុំកូរ» បទ «ប្រចណ្ឌ» និង​បទ «បបូរ​មាត់​សេះ» ដែល​នាង​ខ្ញុំ​បាន​បង្ហោះ​ចូល​ទៅ​តាម Youtube ជាង ១ ខែ​មក​ហើយ​ដែរ»។

បើតាម​មជ្ឈដ្ឋាន​ទូទៅ​ភាគច្រើន​ពុំ​សូវ​បាន​ស្គាល់ ឬ​ធ្លាប់​ស្តាប់​ចម្រៀង​របស់​តារា​ម៉ូដែល និង​សម្តែង​ស្រី ខណៈ​កញ្ញា បេប៊ី ក៏​អះអាង​ថា ខ្លួន​មាន​តំណែង​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍ CTN ដែរ​នោះ បើ​ស្តាប់​មើល​ទៅ​នាង​ហាក់​ដូចជា​មាន​មោទន​ភាព​ខ្លាំង​ពី​ភាព​លូត​លាស់ និង​ដុះដាល​ខ្លាំង​លើ​វិស័យ​ចម្រៀង និង​ល្បី​ថា​មួយ​កម្មវិធី​តន្ត្រី​នាង​មាន​តម្លៃ​ខ្លួន​មិន​ក្រោម ១ ពាន់​ដុល្លារ​ឡើយ។ អ៊ីចឹង​ហើយ​បាន​ជា​កញ្ញា បេប៊ី បង្ហើប​ប្រាប់​បន្ថែម​ថា៖ «ចាប់​តាំង​ពី​បាន​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​នេះ​មក នាង​ខ្ញុំ​ក៏​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ប្រិយមិត្ត​យុវវ័យ ហើយ​ក៏​ទទួល​បាន​ឱកាស​ទៅ​សម្តែង​ក្នុង​កម្មវិធី​តន្ត្រី​នានា​តាម​ស្រុក​ខេត្ត​នានា ដែល​សឹង​តែ​គ្រប់​ខេត្ត​ក្រុង​អស់​ទៅ​ហើយ​ដែរ​មក​ទល់​នឹង​ពេល​នេះ»៕