ក្រុងសែនមនោរម្យ: គ្រងអាវសាច់ក្រណាត់ចាក់ពណ៌ទឹកប៊ិក ក្រមាពាក់ឆៀង ស្បែកជើងផ្ទាត់ពណ៌លឿង គ្របមួកចាក់សម្បុរត្នោត ស្ពាយអាញដាក់អីវ៉ាន់ជាពិសេស បន្លែ ផ្លែឈើ ស្ដ្រីវ័យចំណាស់កំពុងបោះជំហានដើរមួយៗក្រោមតំណក់ទឹកភ្លៀងព្រឹកព្រលឹមតាមបណ្ដោយផ្លូវភ្លោះ សំដៅទៅកាន់ផ្សារតាំងលក់ផលិតផលកសិផលជនជាតិដើមភាគតិច។
ចេក ៥ ស្និត និងទំពាំងឫស្សីព្រៃ ១០ កញ្ចប់តូចៗ នៅក្នុងអាញ ដូនចាស់ជនជាតិដើមភាគតិច ពូនង (ព្នង) ប្រកែកមិនប្រាប់ឈ្មោះ ដោយគ្រាន់តែឆ្លើយដដែលៗថា «យកឈ្មោះធ្វើអី? យកទៅធ្វើអី?» បានរៀបរាប់បណ្ដើរ ដើរសំដៅទៅផ្សារបណ្ដើរ ខណៈមេឃកំពុងបង្អុរភ្លៀងទាំងព្រឹកព្រលឹមថា ថ្ងៃនេះលោកយាយមានចេក និងទំពាំងព្រៃស្ពាយមកលក់នៅផ្សារក្នុងក្រុងសែនមនោរម្យពីភូមិដោះក្រមុំ សង្កាត់សុខដុមក្រុងសែនមនោរម្យ។
ស្ដ្រីជនជាតិព្នង វ័យ៦៥ ឆ្នាំដែលធ្វើចំណាកស្រុកពីខេត្ដក្រចេះ និងចាប់របរលក់បន្លែបង្ការតាំងពីឆ្នាំ ១៩៩៤ រូបនេះបាននិយាយភាសាបែបរដឺនថា៖ «ទំពាំងព្រៃ ២ កញ្ចប់លក់ ១៥០០ រៀល និងចេក ១ ស្និតលក់ពី ៧០០ ទៅ ៨០០ រៀល»។
ស្ដ្រីប្រកបរបរលក់ផលដំណាំផ្ទាល់ ខ្លួន២៤ឆ្នាំ រូបនេះប្រាប់ថា អ្នកស្រីបានដាំដំណាំហូបផ្លែ និងបន្លែបង្ការនៅជុំវិញផ្ទះ ដូចជា ត្រសក់ ល្ពៅ ស្រូវ ពោត និងចេកខណៈទំពាំងព្រៃ អ្នកស្រីត្រូវដើរចូលព្រៃទៅរកជីកដោយខ្លួនឯង។
យោងតាមតួលេខជំរឿនឆ្នាំ ២០០៨ បង្ហាញថាជនជាតិដើមភាគតិចចំនួន ២៤ ក្រុមជនជាតិដូចជា ព្នង ទំពួន កួយ ចារ៉ាយ ក្រាំង និងស្ទៀងជាដើមមានចំនួនប្រមាណ ២០ ម៉ឺននាក់ ឬ ១,២ ភាគរយក្នុងចំណោមប្រជាជនសរុបជាង ១៤ លាននាក់។
ពួកគេចិញ្ចឹមជីវិតអាស្រ័យលើការចិញ្ចឹមសត្វ និងដំណាំចម្ការតាមរដូវ និងអាស្រ័យចម្បងលើអនុផលព្រៃឈើតែមិនបំផ្លាញដល់ដីនិងព្រៃដែលត្រូវបានអភិរក្សតាំងពីដូនតាមក។
នាព្រឹកព្រលឹម ភ្ញៀវទេសចរ និងអ្នកដំណើរនឹងបានឃើញបងប្អូនជនជាតិដើមភាគតិចស្ពាយអាញដែលផ្ទុកនូវបន្លែ ផ្លែឈើដើរមកពីគ្រប់ទិសទីសំដៅមកកាន់ផ្សារ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីសំណាកនិមិត្តរូបមណ្ឌលគិរី គោព្រៃ។
ស្ដ្រីជនជាតិព្នង ពាក់អាវពណ៌ខៀវស្ពាយផ្លែល្ហុង និងល្ពៅធំៗពេញអាញ និងកូនស្រីវ័យ ១៥ ឆ្នាំផ្ទុកសម្ពាយទំពាំងព្រៃលើខ្នង ដែលកំពុងដើរពីតូបមួយ ចូលតូបមួយ បំណងបោះដុំកសិផលរបស់ខ្លួនឲ្យទៅអាជីវករក្នុងផ្សារលក់បន្តដើម្បីបានលុយខ្លះ ទុកយកទិញអង្ករ ព្រមទាំងអំបិល ទឹកត្រី ទឹកស៊ីអ៊ីវ និងប៊ីចេង។
អ្នកស្រី ថេន អាយុ ៣៥ ឆ្នាំ ដែលមានកូន ៦ នាក់ក្នុងបន្ទុក បាននិយាយជា ភាសាជនជាតិដើមភាគតិច និងប្រែសម្រួលជាភាសាខ្មែរថា៖ «ពេលណាលក់អត់ដាច់ ពួកយើងដាំបបរហូបជាមួយអំបិល ឬបន្លែ ផ្លែឈើទាំងនេះទៅ»។
យ៉ាងណាមិញ បើទោះបីជាកសិផលរបស់បងប្អូនជនជាតិដើមភាគតិចលក់ត្រូវបានចាត់ទុកជាបន្លែ ផ្លែឈើធម្មជាតិយ៉ាងណាក្ដី ក៏ពលរដ្ឋមិនអស់នោះទេដែលស្វាគមន៍ ពេញចិត្ដនឹងវត្ដមានរបស់ពួកគេ។
លោកយាយ ដែលចចេសមិនប្រាប់ឈ្មោះដោយយោងហេតុផលត្រណមជនជាតិ ខាងលើ បានប្រាប់ពីបញ្ហាដែលលោកយាយដើរលក់តាមផ្ទះអ្នកផ្សារថា ៖ «អង្គុយលក់មុខផ្ទះគេហើយគេដេញ (កុំលក់ត្រង់នេះ ទៅ!) មិនមែនមានតែម្នាក់ៗទេទៅបោះឆ្នោត គេបោះទូទាំងប្រទេស។ ជនជាតិគេស្ងាត់មាត់ ជនជាតិខ្ញុំចាំតើ! ច្បាស់លាស់ណាស់។ ដេញគ្នាគ្រាន់តែលក់ អង្គុយមួយភ្លែតសោះ។ អាសូរតែរាប់ថ្ងៃរាប់ខែរាប់ឆ្នាំមិនថាទេ»។
ទាក់ទងនឹងការលក់ដូររបស់បងប្អូនជនជាតិភាគតិចនេះ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្ដមណ្ឌលគិរីបានឲ្យដឹងថា អាជ្ញាធរបានសង់ផ្សារជនជាតិដើមភាគតិច ដើម្បីឲ្យបងប្អូនជនជាតិដើមភាគតិចដាក់លក់កសិផលរបស់ខ្លួន។
លោកបាននិយាយថា៖ «ពួកគាត់ខ្លះមិនចង់លក់នៅក្នុងផ្សារ និងចង់ដើរលក់តាមផ្លូវ ឬតាមផ្ទះព្រោះឆាប់លក់ដាច់ជាង។ តាមចិត្ដពួកគាត់»។
ក្រោយពីបោះដុំល្ហុង និងល្ពៅ រួចបន្ដដើរលក់ទំពាំងព្រៃ អ្នកស្រី ថេន និងកូនស្រីមានទឹកមុខញញឹមញញែមនឹងប្រាក់ទិញអង្ករច្រកឆ្នាំង ព្រមទាំងទិញនំឲ្យកូនស្រីទំពាកំដរមាត់ពេលវិលត្រឡប់ទៅផ្ទះវិញ៕