ក្រុងសេអ៊ូល: កសិករកូរ៉េខាងត្បូង បានសម្លាប់ និងចម្អិនឆ្កែពូកែព្រូសរបស់អ្នកជិតខាងមុនពេលអញ្ជើញម្ចាស់អត់ដឹងរឿងមកចូលរួមទទួលទានសាច់ឆ្កែនេះ ដោយប៉ូលិសបាននិយាយកាលពីថ្ងៃពុធថា ជាករណីដែលបង្កការភ្ញាក់ផ្អើលពេញពិភពអុីធឺណិត។
បុរសមិនបង្ហាញអត្ដសញ្ញាណអាយុ ៦២ ឆ្នាំ បានសារភាពចំពោះបទឧក្រិដ្ឋនេះក្រោយពីអ្នកជិតខាងម្នាក់ទៀតបានប្រាប់ក្រុមគ្រួសារម្ចាស់ឆ្កែ។ លោកអះអាងថា លោកមួលម៉ៅនឹងសម្រែកឆ្កែព្រូសឥតឈប់ឈរឈានដល់គប់ឆ្កែ វែលស៍ ខូរហ្គី អាយុ ២ ឆ្នាំ ប៉ុន្មានដុំថ្មរហូតដល់សន្លប់ស្ដូកស្ដឹង។
ប៉ូលិសស៊ើបអង្កេតភាគខាងត្បូងក្រុងព្យឺងតែក បានប្រាប់ AFP ថា៖ «ពេលឆ្កែលែងកម្រើកខ្លួន លោកក៏ចាប់ផ្ដើមធ្វើ និងចម្អិនសាច់ពិសារ។ បន្ទាប់មក បុរសចំណាស់នេះ បានអញ្ជើញអ្នកជិតខាងមកបរិភោគអាហារក្ដៅជុំគ្នា រួមទាំង ឪពុកម្ចាស់ឆ្កែផងដែរ»។
សាច់ឆ្កែជាផ្នែកមួយនៃអាហារសំខាន់របស់កូរ៉េខាងត្បូង។ ប៉ុន្ដែការទទួលទានបានធ្លាក់ចុះពេលពលរដ្ឋកូរ៉េខាងត្បូង យល់ឃើញថា ឆ្កែជាសត្វចិញ្ចឹមមិនមែនជាចំណីចំពោះទំនោររបស់យុវវ័យសម័យថ្មី។
ករណីនេះបានល្បីខ្លាំងពេលកូនស្រីគ្រួសារឆ្កែបានបង្ហោះតាមអនឡាញដោយអំពាវនាវឲ្យមានការគាំទ្រកាត់ទោសជនល្មើស។ ញ្ញាត្ដិមួយនេះទទួលបានការចុះហត្ថលេខាជិត ១៥០០០ នាក់។
កូនស្រី បានប្រាប់ AFP តាមទូរស័ព្ទ ដោយសុំមិនបញ្ចេញឈ្មោះថា៖ «យើងបានដើរស្វែងរកឆ្កែពេញក្រុង និងបិតខិតប័ណ្ណរូបឆ្កែ អមដោយលេខទូរស័ព្ទ និងប្រាក់រង្វាន់ ១ លានវ៉ុន (៩៤០ ដុល្លារ)»។
គួរបញ្ជាក់ថា ឆ្កែប្រមាណ ១ លានក្បាល នៅតែត្រូវបានធ្វើជាចំណីក្នុងប្រទេសកូរ៉េខាងត្បូងរៀងរាល់ឆ្នាំ ដែលត្រូវបានជឿថា បានបង្កើនថាមពល។
សកម្មជនបានបង្កើតយុទ្ធនាការជាហូរហែរដើម្បីចេញបម្រាមទទួលទានសាច់ឆ្កែ។ ស្ថិតក្រោមច្បាប់ថ្មី អ្នកបំពានលើសត្វអាចប្រឈមនឹងការជាប់គុកដល់ ២ ឆ្នាំ ឬពិន័យប្រាក់ ២០ លានវ៉ុន (១៨៧០០ ដុល្លារ)៕ AFP/HR