ក្រុង​ប៉ារីស៖ ចំពោះ​មនុស្ស​ភាគ​ច្រើន នាគ​គ្រាន់​តែ​ជា​សត្វ​ក្នុង​ទេវក​ថា​ ​ឬ​ភាពយន្ដ​ព្រេង​និទាន​ប៉ុណ្ណោះ តែ​សម្រាប់​ក្រុង Calais ប្រទេស ​បារាំង នាគ​ព្រួស​ភ្លើង​កំពុង​​ស្រែក​ទន្ទ្រាន​តាម​ដង​វិថី​​។ យ៉ាង​ណាមិញ កុំ​បារម្ភ​ចំពោះ​សុវត្ថិភាព ពី​ព្រោះ​សត្វ​នាគ​នេះ​ក្លែងក្លាយ​ទេ​។

នាគ​កម្ពស់ ១៤ ម៉ែត្រ និង​ប្រវែង ២៥ ម៉ែត្រ​ ជា​សត្វ​ព្រួស​ភ្លើង​ដ៏​ធំ​មួយ​ដែល​ត្រូវ​បាន​ផលិត​ពី​ឈើ​ឆ្លាក់ និង​ដែក។ តារា​ក្នុង​ព្រេង​និទាន​នេះ​​បាន​​ផុស​ចេញ​ពី​សមុទ្រ និង​ធ្វើ​ឲ្យ​អ្នក​ក្រុង Calais ភ័យ​ស្លន់ស្លោ​។ ក្រោយ​ពី​សម្ដែង​ចប់​ នាគ​នៅ​តែ​រក្សា​ទុក​ក្នុង​ទីក្រុង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។

នាគ​ Dragon of Calais ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ La Machine ​​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​​ជួយ​បណ្ដុះបណ្ដាល​អ្នក​សិល្បៈ ជាង​អគ្គិសនី និង​អ្នក​ឌីហ្សាញ​ឈុត​ឆាក​ភាពយន្ដ​ ដែល​​​រួម​គ្នា​ដើម្បី​រចនា​ស្ដេច​សត្វ​ព្រេង​កថា​នេះ​​។

នាគ​ដ៏​​ធំ​ផ្គុំ​ពី​ដែក​ និង​ឈើ​​នេះ​ គឺ​ជា​សត្វ​​ធំ​បំផុត​របស់ La Machine​។ ក្រុម​អ្នក​ផលិត​បាន​​ឲ្យ​ដឹង​ថា​៖ «​នាគ ​គឺ​ជា​សត្វ​ថែ​រក្សា​ពិភព​លោក​។ វា​ជួយ​រក្សា​តុល្យភាព​ផែនដី​។ នាគ​មាន​រូបរាង​គ្រប់​សណ្ឋាន​ និង​គ្រប់​ពណ៌​ ហើយ​វា​មាន​អានុភាព​ខ្លាំង​ក្លា​ និង​ភាព​វិសេស​រៀងៗ​ខ្លួន​»។

​នាគ​យន្ដ​កម្ពស់ ១៤ ម៉ែត្រ និង​ប្រវែង ២៥ ម៉ែត្រ​ ក្នុង​ក្រុង​ Calais។ AFP

ពួក​គេ​​​បន្ដ​ថា​៖ «​​ Dragon of Calais ចេះ​ព្រួស​ភ្លើង ហោះហើរ​ ដើរ​លើ​ដី និង​ចុះ​ទឹក​។ វា​ចូល​ចិត្ដ​នៅ​លើ​​ដី​គោក និង​សមុទ្រ​នៃ​ភាគ​ខាង​ជើង​។ នាគ​បង្ហាញ​ខ្លួន​នៅ​​មុខ​មនុស្ស​ក្នុង​ករណី​ចាំ​បាច់​ប៉ុណ្ណោះ​ ដើម្បី​ចេញ​​មុខ​ដោះ​ស្រាយ​ជម្លោះ ឬ​កម្ចាត់​សភាវ​អាក្រក់​។ វា​គឺ​ជា​អម្បូរ​សត្វ​ល្អ តែ​ក៏​ព្រៃផ្សៃ និង​មិន​អាច​យល់​ចិត្ដ​បាន​»។

កាល​ពី​ដើម​ខែ​វិច្ឆិកា​ នាគ​​បាន​​ចេញ​ដើរ​ក្បួន​តាម​ដង​វិថី​​ទីក្រុង Calais ជា​ផ្នែក​មួយ​នៃ​មហោស្រព​សិល្បៈ​ ដែល​រមែង​បញ្ជា​ដោយ​មនុស្ស ១៧ នាក់។

នាគ Dragon of Calais  ពេល​នេះ ស្ថិត​នៅ​ La Cite provisoire ដែល​ចាប់​ពី​ថ្ងៃទី ១៧ ខែ​ធ្នូ កន្លង​ទៅ មហាជន​​​អាច​ជិះ​លើ​ខ្នង​នាគ​ដើរ​ក្នុង​ក្រុង។ ដូច្នេះ ​អ្នក​អាច​​យល់​ពី​អារម្មណ៍​ដ៏អស្ចារ្យ​របស់​តារា​ស្រី Daenerys Targaryen ក្នុង​ភាពយន្ដ Game of Thrones ហើយ​៕ AFP/HR