ក្រុងប៉ារីស: តារាភាពយន្ដ​ចិន​ចុះ​ចម្ការ​បេះ​ផ្លែ​ទំពាំងបាយ​ជូរ​ផ្ទាល់ កាលពី​ថ្ងៃ​អង្គារ នៅ​ក្រុង Bordeaux ដែល​នាង​បាន​ឈាន​ជើង​ប្រឡូក​ក្នុង​ឧស្សាហកម្ម​ស្រា​ទំពាំង​បាយជូរ​បារាំង​កំពុង​មាន​តម្រូវ​ការ​ខ្ពស់​ឯ​ស្រុក​ចិន។

អ្នកនាង ហ្សា​វ វៃ ឬ ត្រចៀកកាំ បាន​ទិញ​ក្រុមហ៊ុនស្រា​ទំពាំងបាយជូរ Chateau Monlot ក្នុង​តំបន់ Saint-Emilion ភាគ​និរតី​ប្រទេស​បារាំង កាល​ពី​ឆ្នាំ ២០១១ ស្រប​ពេល​ដែល​ជន​ជាតិ​ចិន​បន្ដ​សម្រុក​ទិញ​ដី​នៅ​បារាំង។

ដៃ​កាត់​ផ្លែ​ទំពាំងបាយជូរ​មួយ​ចង្កោម ត្រចៀកកាំ បាន​និយាយ​នៅ​ខាងក្រៅ​វិមាន​សតវត្សរ៍​ទី ១៧ ដែល​ត្រូវ​បាន​សាង​ឡើង​លើដី​ធ្លាប់​គ្រប់គ្រង​ដោយ​ស្ដេច Louis XIII ថា៖ «ខ្ញុំ​ចង់​ឲ្យ Chateau Monlot ជា​ស្រា​ទំពាំង​បាយជូរ​ល្អ តំណាង​ឲ្យ​តំបន់ Bordeaux»។

ឱកាស​ជោគជ័យ​របស់​នាង​អាចមាន​ច្រើនជាង​អ្នកដទៃ ព្រោះ​នាង​មាន​ក្រុម​ការងារ Jean-Claude Berrouet ជា​អ្នក​ផលិត​ស្រា​ក្រហម​ដ៏​ល្បី Petrus ដ៏​មាន​តម្លៃ​បំផុត​មួយ​ក្នុង​ពិភពលោក។

ក្រុមហ៊ុន Monlot បាន​ផលិត​ស្រា​ជាង ៣៥០០០ ដប​ក្នុង ១ ឆ្នាំ​សម្រាប់​លក់​នៅ​បារាំង កាណាដា ចិន ជប៉ុន និង​សិង្ហបុរី​ផង​ដែរ៕