ភ្នំពេញ៖ ទីបំផុតក្តីសុបិនគិតបង្កើតស្នាដៃថ្មីឈ្មោះ « A Deepest Blue-ខៀវមួយជ្រៅបំផុត» កាលពី ២ ឆ្នាំមុននោះ ទទួលផលហើយ ដោយថ្មីៗនេះ នាដកជាកូនកាត់ខ្មែរ-អាមេរិក លោក ឱក ព្រហ្មសុដន្រ្តៈ បានប្រាក់មូលនិធិ ១៥ ម៉ឺនដុល្លារ សម្រាប់សិក្សាស្រាវជ្រាវ និងដំឡើងស្នាដៃថ្មីទ្រង់ទ្រាយធំទី៣ ដែលមានទម្រង់របាំបុរាណខ្មែរជាមូលដ្នានប្រើរយៈពេលបង្កើតចំនួន ២ ឆ្នាំ។
នាដកកូនកាត់ខ្មែរ-អាមេរិក លោក ឱក ព្រហ្មសុដន្រ្តៈ ដែលកើតនៅឯទីក្រុងឡុងប៊ិច នៃរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក មានឪពុកជាអ្នកខេត្តបាត់ដំបង និងម្តាយជាអ្នកខេត្តកំពត ដោយលោកក៏ទើបតែបង្កើតភាពភ្ញាក់ផ្អើលលើឆាកអន្តរជាតិជាមួយនឹងទម្រង់របាំបុរាណខ្មែរបង្កើតថ្មីឈ្មោះថា «តំណក់ និងគ្រាប់-Drops and Seeds » ឬមានន័យថាជា ទឹកភ្នែក និងទឹកភ្លៀង ការកម្ទេច និងការកើតឡើងវិញនៃជីវិត មានលោក ឱក ព្រហ្មសុដន្ត្រៈ និងក្រុមនាដ្យរស សហការជាមួយនឹងក្រុមភ្លេងសហសម័យ Ensemble KNM Berlin ធ្វើកម្មវិធីសមាធិទៅលើឈាម និងសោភណភាពនៃដូនតាយើង។
ក្នុងការសម្តែងសិល្បៈអន្តរវិស័យនេះ សិល្បកររួមគ្នាពិចារណាទៅលើប្រវត្តិដ៏លំបាក និងអភ័ព្វរបស់ប្រទេសកម្ពុជា ក្រោមរបបខ្មែរក្រហមស្វែងយល់អំពីវដ្តនៃអំពើហិង្សា ការបាត់បង់ ការលូតលាស់ និងការផ្លាស់ប្តូរ ប្រែសាជាថ្មីនៅក្នុងចក្កវាឡ។ ការសម្តែងរបាំមានឈ្មោះថា «តំណក់ និងគ្រាប់» នេះគឺជាគម្រោងសហការជាមួយមហោស្រព CTM Festival 2020 និងសាលសិល្បៈ radial system និងមានការគាំទ្រពី Capital Cultural Fund Germany (HFK) និង Goethe-Institute Thailand។
លោក ឱក ព្រហ្មសុដន្រ្តៈ ក៏បានបង្ហើបពីការចាប់ផ្តើមសិក្សាស្រាវជ្រាវបង្ហើតស្នាដៃធំថ្មីទី៣ នេះផងដែរថា៖ «តាមរយៈមជ្ឈមណ្ឌលសម្រាប់ផ្ដល់សិទ្ធិអំណាចជូនជនភៀសខ្លួន និងជនអន្តោប្រវេសន៍ (Center for Empowering Refugees and Immigrants-CERI) ព្រមទាំងសិល្បៈរួមគ្នា (ARTogether) ក៏បានទទួលប្រាក់ $ ១៥០ ០០០ ដុល្លារ ពីមូលនិធិ The William and Flora Hewlett Foundation ឬ Hewlett 50 Arts Commissions ដើម្បីឲ្យប្រធានស្ថាបនិកនៃក្រុមនាដ្យរស គឺរូបខ្ញុំ [ឱក ព្រហ្មសុដន្ត្រៈ] ដើម្បីដំឡើងស្នាដៃថ្មីមានឈ្មោះថា «ខៀវមួយជ្រៅបំផុត» ឬ «A Deepest Blue»។ កម្មវិធី Hewlett 50 Arts Commissions គឺជាការអបអរសាទរខួបទី ៥០ របស់មូលនិធិនេះ ដែលគេប្រើលុយចំនួន ៨ លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ ដើម្បីឲ្យអង្គការនៅតំបន់ទីក្រុង San Francisco ស្នើសុំឲ្យក្រុមសិល្បករ ដែលមានគុណភាពសកល (world-class artists) ធ្វើស្នាដៃថ្មីៗរបស់ពួកគេ។ នេះជាឆ្នាំទី៣ នៃរយៈពេល ៥ ឆ្នាំ ហើយក៏មានក្រុមអង្គការ និងសិល្បករចំនួន ១០ រូប ដែលបានមកទទួលជយលាភីនេះ រួមមានរូបខ្ញុំជាខ្មែរម្នាក់ផងដែរ»។
លោក ព្រហ្មសុដន្រ្តៈ បន្តឲ្យដឹងពីអត្ថន័យរបាំបង្កើតថ្មីសា្នដៃធំទី៣ នឹងត្រូវបញ្ចប់ការតាក់តែងនៅឆ្នាំ ២០២២ ខាងមុខដែរថា៖ «ស្នាដៃអន្តរវិស័យវប្បធម៌នេះ បានផ្ដើមគំនិត ពីទេវកថា នៃប្រភពរាជវង្ស មានក្នុងពង្សាវតារនៃប្រទេសកម្ពុជា និងប្រទេសជប៉ុន ជាក់ស្ដែងជារឿងព្រេង ដែលស្ដីអំពីក្សត្រ ១ អង្គចុះទៅឯក្រោមបាតសមុទ្រ ដើម្បីរៀបអាពាហ៍ពិពាហ៍ជាមួយកូនស្រីស្តេចនាគ គឺនាងនាគ ឬខ្មែរយើងហៅថារឿង «ព្រះថោងនាងនាគ»។
ចំពោះសា្នដៃ «ខៀវមួយជ្រៅបំផុត- A Deepest Blue» មានការចូលរួមសហការពីលោក អូតា យូថាកា (ជាអ្នកតែងភ្លេងនៅវាំងជប៉ុន) ព្រមទាំងព្រះភិក្ខុ នូអ៊ីយ៉ា ថូស៊ីយ៉ា នៅវត្តអេកូអ៊ីន នៃខូយ៉ាសាន ក្នុងប្រទេសជប៉ុន ហើយក៏លាយចម្រុះរបាំក្បាច់បុរាណខ្មែរជាមួយភ្លេងបុរាណនៃវាំងជប៉ុនហៅថា «ហ្កាហ្កាឃូ» ការវាយទូង ស្គរ និងសូត្រធម៌ព្រះពុទ្ធសាសនាទៅតាមលំនាំជប៉ុន ព្រមទាំងកុនបែបជីវចល «សម្បូណ៌រេខា» ឬ holographic animation ជាដើម។ «ខៀវមួយជ្រៅបំផុត» នឹងពិនិត្យពិចារណាទំនាក់ទំនងនៃមនុស្សជាតិជាមួយ សមុទ្រ និងទឹក និងការចោទសួរថា តើអ្វី ទៅជាតួនាទីរបស់មនុស្សយើងឆ្ពោះទៅលើធម្មជាតិ និងពិភពលោកយើងនេះ?»។
គួរបញ្ជាក់ដែរថា ឱក ព្រហ្មសុដន្រ្តៈ បានច្នៃការសម្តែងរបាំបុរាណជាទ្រង់ទ្រាយតូចបែបបុរាណសុទ្ធ ៣ ស្នាដៃ ច្នៃរបាំបុរាណផ្សំនឹងតន្រ្តីបរទេស ៣ ស្នាដៃ និងស្នាដៃទ្រង់ទ្រាយធំ ៣ ស្នាដៃ ទី១ ឈ្មោះថា «ស្ងួន ឬ ស្នេហាឆ្លងភព-Beloved» ទី២ ឈ្មោះថា «តំណក់ និងគ្រាប់- Drops and Seeds» និងទី៣ ឈ្មោះថា «A Deepest Blue-ខៀវមួយជ្រៅបំផុត» នាពេលថ្មីៗនេះ៕