ភ្នំពេញ៖ ​ទម្រង់​របាំ​​​​ច្នៃ​ប្រឌិត​ដែល​ផ្អែក​លើ​ក្បាច់​​បុរាណ​​ខ្មែរ សម្តែង​​ដោយ ​នាដកា​​ជប៉ុន​ ហ៊ីតុមិ យ៉ាម៉ាណាកា នឹង​មាន​​​ក្នុង​​​កម្មវិធី​​មហោស្រព​​សិល្បៈ​ខ្មែរ-ជប៉ុន នៅ​ដើម​​ខែ​វិច្ឆិកា​​ ឆ្នាំ ​២០២០​ នេះ​ នៅ​​សាល​សម្តែង​សិល្បៈ​នៃ​ផ្សារ​ទំនើប​ Noro​ Mall​។

ស្ត្រី​​​ជប៉ុន​​វ័យ​​​ចំណាស់​បន្តិច ហ៊ីតុមិ យ៉ាម៉ាណាកា ​​​តាំង​ពី​ក្មេង​​រហូត​ធំ​ពេញ​វ័យ​ធ្លាប់​បាន​​ស្គាល់​តែ​អ្វី​ជា​វប្បធម៌​របស់​ជប៉ុន​​​​ខ្លួន​​ឯង និង​វប្បធម៌​​នៃ​បណ្តា​​បស្ចិម​ប្រទេស​នោះ​ ក៏​បង្ហើប​ឱ្យ​ដឹង​ពី​ដើម​ចម ​ដែល​នាំ​​ឱ្យ​ខ្លួន​រៀន​របាំ​បុរាណ​ខ្មែរ​​និយាយ​ថា​៖ «ខ្ញុំ​ចូល​ចិត្ត​​ខ្លាំង​​ប្រភេទ​​របាំ​​​បែប​​មាន​ឥទ្ធិពល​ផ្នែក​ស្មារតី។ កាល​​ពី​ក្មេង ខ្ញុំ​ជា​ក្មេង​មាន​ជំងឺ​ច្រើន​ក៏​បាន​ស្វែង​យល់​ពី​ទម្រង់​របាំ​ជប៉ុន ហើយ​​​ក៏​​បាន​ដឹង​ដែរ​​ថា វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​រូបរាង​​កាយ​យើង ​​ដោយសារ​តែ​បាន​​ហាត់​របាំ​នេះ។ ក្រោយ​មក​​នាង​​ខ្ញុំ​ក៏​បាន​លង់​ចិត្ត​​ស្រឡាញ់​នូវ​របាំ​បុរាណ​ខ្មែរ ព្រោះ​ជា​របាំ​មាន​​លក្ខណៈ​​សមសួន និង​ជា​របាំ​​មាន​ឥទ្ធិពល​ផ្នែក​ស្មារតី ដែល​​នាំ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​គិត​ថា ​​​ខ្លួន​ឯង​កំពុង​តែ​ធ្វើ​សមាធិ​ពេល​​ហាត់​របាំ​នេះ​»។

នាដកា ហ៊ីតុមិ យ៉ាម៉ាណាកា ពេលសម្តែងនៅ​ជប៉ុន​។ រូបថត សហ​ការី

នាដកា ហ៊ីតុមិ យ៉ាម៉ាណាកា ដែល​​បាន​​ហាត់​របាំ​បុរាណ​ខ្មែរ​តាំង​​ពី​ឆ្នាំ ១៩៩៧ មក​​​នៅ​​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នោះ ក៏​​​បាន​បង្ហើប​ទៀត​​​ថា៖ «នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​​នេះ ខ្ញុំ​ក៏​បាន​បង្រៀន​​ពី​វប្បធម៌​ជប៉ុន​ឈ្មោះ​​ Yomiuri និង​របាំ​បុរាណ​ខ្មែរ​ តាមរយៈ​សាលា​ឈ្មោះ​​ Sakarak។ ​​ខ្ញុំ​ក៏​​បាន​​បង្កើត​​របាំ​របុរាណ​​ខ្មែរ ​ដែល​​មាន​ឥទ្ធិពល​នៅ​ក្នុង​​អក្សរសិល្ប៍​ជប៉ុន ​នៅ​​សាកល​​វិទ្យាល័យ​ Ibaraki Christian University។ លើស​ពី​នេះ​ ខ្ញុំ​នៅ​​តែ​បន្ត​ស្ម័គ្រ​ចិត្ត​បើក​ថ្នាក់​សម្តែង​របាំ​បុរាណ​​ខ្មែរ​នេះ​​ជា​ប្រចាំ​ ដើម្បី​អភិ​រក្ស​ថែ​រក្សា​​​​តម្លៃ​វប្បធម៌​ខ្មែរ​​។ នា​ថ្ងៃ​អនាគត​ ខ្ញុំក៏​នៅ​តែ​​ចង់​បន្ត​ការ​​ច្នៃ​របាំបែប​​ចម្រុះ​វប្ប​ធម៌​ខ្មែរ​-​ជប៉ុន ​នេះ​»​។​​

ដោយសារ​តែ​ក្តី​ស្រឡាញ់​ខ្លាំង​​ពី​ទម្រង់ និង​ឥទ្ធិពល​ផ្នែក​ស្មារតី​​នៃ​សិល្បៈ​របាំ​បុរាណ​ខ្មែរ ទើប​​ជំរុញ​ឱ្យ​ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់​នេះ​ ចំណាយ​ពេល​​ច្រើន​​ឆ្នាំ ដើម្បី​​​ហាត់​រៀន​របាំ​នោះ​ ​រហូត​បាន​ចេះ​ស្ទាត់​ជំនាញ និង​​បាន​ច្នៃ​ប្រឌិត​ជា​របាំ​ថ្មី ​១ ដែល​​ផ្អែក​​លើ​មូលដ្ឋាន​នៃ​របាំបុរាណ​នេះ​ទៀត​ផង ​​ដោយ​សម្តែង​​នៅ​កម្ពុជា​ដំបូង​​ឯ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​សិន មុន​នឹង​នាំ​យក​ទៅ​សម្តែង​នៅ​ប្រទេស​​​ជប៉ុន ​ជា​ស្រុក​​កំណើត​​​ខ្លួន​នា​រយៈ​ពេល ៣-៤ ឆ្នាំ ចុង​ក្រោយ​នេះ​៕

នាដកា ហ៊ីតុមិ យ៉ាម៉ាណាកា ពេលចូលរួម​នៅ​ស្រុកខ្មែរ​។ រូប សហ​ការី