ក្រុងញូវដែលី៖ លោកនាយករដ្ឋមន្ដ្រីឥណ្ឌា ណារិនដ្រា ម៉ូឌី កាលពីថ្ងៃពុធប្រកាសថា ប្រជាជនជាង ១,៣ លាននាក់ អាចបន្ទោបង់នៅតាមទីសាធារណៈដោយសេរី និងដាក់គោលដៅលប់បំបាត់ការប្រើប្លាស្ទិកតែម្ដងបោះចោលសម្រាប់ជំហានបន្ទាប់។
លោក ម៉ូឌី ដែលការអះអាងរបស់លោកនេះត្រូវបានរិះគន់ដោយក្រុមអ្នកជំនាញ បានបង្កើតមហិច្ឆតាសង់បង្គន់សម្រាប់ពលរដ្ឋគ្រប់រូបប្រើ ពេលលោកឡើងកាន់អំណាចលើកដំបូងក្នុងឆ្នាំ ២០១៤ ហើយការប្រកាសនៅល្ងាចថ្ងៃពុធនោះ បានធ្វើឡើងស្របពេលការប្រារឰខួប ១៥០ ឆ្នាំ របស់លោក មហាត្មះ ហ្គានធី មិនត្រឹមតែជានិមិត្តរូបតំណាងឯករាជភាពឥណ្ឌានោះទេ តែថែមទាំងអនាម័យផងដែរ។
លោក ម៉ូឌី បាននិយាយទៅកាន់មេភូមិ ២ ម៉ឺននាក់ នៅភាគលិចក្រុងអាមេដាបាដ និងរដ្ឋកំណើតរបស់លោក ហ្គូចារ៉ាត់ ថា៖ «ក្នុងរយៈពេល ៦០ ខែ មនុស្ស ៦០០ លាននាក់ ត្រូវបានផ្ដល់លទ្ធភាពប្រើប្រាស់បង្គន់ ដោយបង្គន់ជាង ១១០ លាន ត្រូវបានកសាងឡើង»។
លោក ម៉ូឌី បានបន្ថែមដោយបានហៅការសម្រេចគោលដៅនេះជាព្រឹត្ដិការណ៍សំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំនេះថា៖ «ស្ដ្រីក្នុងប្រទេសយើងលែងត្រូវរង់ចាំដល់ពេលយប់ ដើម្បីមានឱកាសចេញបន្ទោបង់ទៀតហើយ។ ជីវិតដ៏បរិសុទ្ធរបស់កុមារត្រូវបានសង្គ្រោះ ចំពោះការចំណាយលើការថែទាំសុខភាព»។
យ៉ាងណាមិញ ទោះមានការបោះជំហានទៅមុខលឿនយ៉ាងណា ក៏ក្រុមអ្នកជំនាញថ្លែងពីភាពស្រពេចស្រពិលអំពីអំណះអំណាងរបស់នាយករដ្ឋមន្ដ្រី ដោយនិយាយថា មនុស្សរាប់លាននាក់ទៀត នៅមិនទាន់មានលទ្ធភាពប្រើបង្គន់ឲ្យបានសមរម្យនោះទេ ហើយដោយសារតែទម្លាប់ប្រពៃណី បង្គន់ថ្មីៗដែលទើបកសាង មិនត្រូវបានពលរដ្ឋប្រើប្រាស់ឡើយ។
លោក ម៉ូឌី ទទួលស្គាល់ថា ការលំបាកនៅតែមានដោយលោកបានអះអាងថា៖ «យើងត្រូវបន្ដដំណើរ ដើម្បីធ្វើឲ្យឥណ្ឌាស្អាត។ យើងត្រូវធ្វើការផ្លាស់ប្ដូរអត្ដចរិតបែបទម្លាប់។ យើងត្រូវធ្វើឲ្យប្រាកដថា បង្គន់ត្រូវបានប្រើទៅតាមការសាងសង់។ អ្នកដែលនៅមិនទាន់ស៊ាំ គួរតែងាកមកសាករបស់ថ្មីនេះ»៕ AFP/HR