ភ្នំពេញ: រូបភាព​នៃ​ពិធី​រៀប​អា​ពា​ហ៍​នាយ ច​យ តារា​កំប្លែង​អភ័ព្វ​រូប​ ជាមួយនឹងនារី​វ័យ​ក្មេង​រូប​ដ៏​ស្រស់​សោភា​ ប៉ិច ក្វាន់​ឌី ក៏​ធ្វើ​ឲ្យ​មហាជន​គ្រប់​មជ្ឈដ្ឋាន​លាន់មាត់​សរសើរ​មិន​ដាច់​ពី​​និស្ស័យ​ព្រេងសំណាង​​តារា​កំប្លែង​អន់សម្រស់​​រូបនេះ។

បន្ថែម​លើ​ព្រេងសំណាង​បាន​នារី​ដ៏​ស្រស់​ស្អា​ត​មក​ធ្វើជា​គូជីវិត​នោះ នាយ ចយ ក៏​ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី​ ប្រកាស​ចងដៃ​អាពាហ៍ពិពាហ៍​ចំនួន​ ៤០ លាន​រៀល​ ​ផងដែរ។

នៅ​ព្រឹក​ថ្ងៃទី ២ ខែ​មីនា​នេះ នាយ ច​យ ដែល​ទើបនឹង​រៀបការ​ប្រពន្ធ​ថ្មោងថ្មី ទាំង​ផ្អើល​អស់​មជ្ឈដ្ឋាន​មហាជន​ពី​ការ​សរសើរ​ពី​ភ័ព្វសំណាង​បាន​ប្រពន្ធ​ស្អាត​ ហើយ​ក្មេង​ខ្វី​នោះ នាយ​ ក៏បាន​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​ពិធី​ជាមួយ​ក្រុម​​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​តេ​ជោ នៅ​សាល​មហោស្រព​កោះ​ពេជ្រ ក្រោម​អធិប​តិ​ភាព​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

នៅក្នុង​ឱកាស​នោះ​ នៅមុខ​វត្តមាន​ក្រុមគ្រូពេទ្យ​រាប់រយ​នាក់ សម្តេច​ក៏បាន​ទាញ​ការចាប់អារម្មណ៍ ពី​កំពូល​តារា​​កំប្លែង​ជើងចាស់​នាយ ក្រឹម ដែល​បាន​ទទួលយក​នាយ ច​យ និង​ប្អូនស្រី នាយ ច​យ ឈ្មោះ នាង កា​ចុ​ប ធ្វើ​ជា​សមាជិក​ក្រុម​កំប្លែង និង​ថា ពេលនេះ នាយ ច​យ ក៏បាន​ចូល​ជា​សមាជិក​ក្នុង​ក្រុមគ្រូពេទ្យ​ស្ម​គ្រ​ចិត្ត​ផងដែរ។

បន្ទរ​នឹង​សំដី​សរសើរ​នូវ​ទឹកចិត្ត​នាយ ក្រឹម ដែលជា​មេ​កើយ នាយ ច​យ លោក​នាយករដ្ឋមន្ត្រី ​​ក៏បាន​បង្ហាញ​ថា៖ «សូម​ឲ្យ​នាយ ច​យ រៀបការ​​ហើយថ្មីៗហ្នឹង​ឆាប់​​មានកូន​នឹង​គេ ហើយក៏​សូម​ឲ្យ​ស្រឡាញ់គ្នា​ដល់​ចាស់​ណាស់»។

បន្ថែម​នោះ នាយករដ្ឋមន្ត្រី ក៏បាន​ប្រកាស​ជា​ចំហ​រថា៖ «ថ្ងៃនេះ​ខ្ញុំ​ក៏មាន​ទឹកប្រាក់​ចំនួន​មួយ​ម៉ឺន​ដុល្លារ មក​សម្រាប់​​ចង់ដៃ នាយ ច​យ និង​ភរិយា​ទៀត​រៀបការ​ផងដែរ»។

នាយ ចយ ក្នុង​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍ កាលពីប៉ុន្មានថ្ងៃមុន​នេះ។ រូបថត ហ្វេសប៊ុក

ក្នុង​ភាព​រីករាយ ដែល​ទទួលបាន​ការសណ្តោស ពី​នាយករដ្ឋមន្ត្រី ​ប្រទាន​ចំណងដៃ​អាពាហ៍ពិពាហ៍​ មួយ​ម៉ឺន​ដុល្លារ​ នេះ នាយ ច​យ ក៏បាន​ប្រាប់ថា៖ «គ្មានអ្វី​ក្រៅពី​សប្បាយចិត្ត ដែល​លោក​ស្រឡាញ់​រាប់អាន​ពួក​ខ្ញុំ ហើយ​ប្រាក់​នេះ​ខ្ញុំ​ក៏​នឹង​យកទៅ​ចាត់ចែង ជីវិត​គ្រួសារ​ ដើម្បី​ឲ្យ​មាន​សុភមង្គល​ដូចដែល​សម្តេច​មាន​ប្រសាសន៍»។

តែ​យ៉ាងណា នាយ ច​យ មិន​ហ៊ាន​សន្យា​នោះឡើយ ​ខណៈដែលលោក​នាយករដ្ឋមន្ត្រី​​ថា ចង់​ឲ្យ​នាយ ច​យ និង​ភរិយា​ថ្មោងថ្មី ឆាប់​មានកូន​នោះ ​ដោយ នាយ ច​យ បាន​ប្រាប់​ថា៖ «​រឿងនេះ​មិន​ហ៊ាន​កំណត់​ដែរ ចាំ​ពេលណា ពេលនោះ​ទៅ»។

អ្វីដែល​គួរឲ្យ​ចាប់អារម្មណ៍​ថែមទៀត​នោះ នៅ​រាត្រី​ជប់លៀង​មង្គលការ នាយ ​ច​យ ​ក៏មាន​ការចូលរួម​ពី​កូន​​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ គឺ​លោក​ ហ៊ុន ម៉ា​ណែ​ត និងលោក​​ ហ៊ុន ម៉ា​នី ដែល​ធ្វើឲ្យ​មង្គលការ​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​ពី​តារា​សិល្បៈ​រួម​អាជីព និង​មហាជន​ថែមទៀត៕

នាយ ចយ ស្រក់ទឹកភ្នែក​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍ ព្រោះ​រំភើបនឹង​វត្តមាន​កូន​លោក​នាយករដ្ឋមន្ត្រី​ទាំង​ពីរ​រូប​មក​ចូលរួម​។ រូបថត ហ្វេសប៊ុក