The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - នាយក​សាលា​វត្ត​បូព៌ ចង់​សម្រេច​មហិច្ឆតា​ថ្មី​មុន​ចូល​និវត្តន៍

នាយក​សាលា​វត្ត​បូព៌ ចង់​សម្រេច​មហិច្ឆតា​ថ្មី​មុន​ចូល​និវត្តន៍

Content image - Phnom Penh Post
សកម្ម​ភាព​សណ្តាប់ធ្នាប់​ និង​វិន័យ​របស់​សិស្សានុសិស្សនៅ​សាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប។ រូបថត Wat Bo Primary School

នាយក​សាលា​វត្ត​បូព៌ ចង់​សម្រេច​មហិច្ឆតា​ថ្មី​មុន​ចូល​និវត្តន៍

ក្រុង​សៀមរាបៈ ទោះបី​កេរ្តិ៍ឈ្មោះ​សាលាបឋមសិក្សា​វត្ត​បូព៌ ស្ថិត​នៅ​ខេត្ត​សៀមរាប កំពុង​តែ​សាយ​ភាយ​ភាព​ល្បី​ពេញ​ទូទាំង​ប្រទេស និង​ហៀរ​ដល់​ក្រៅ​ប្រទេស​ពី​គំរូ​សាលា​បឋម​សិក្សា​មាន​វិន័យ​ល្អ សណ្តាប់​ធ្នាប់​សិស្ស​ល្អ គ្រូ​ល្អ និង​នាយក​ដឹកនាំ​ល្អ​ទៅ​ហើយ​ក្តី ក៏​មិន​ទាន់​បាន​បញ្ឈប់​នូវ​ក្តី​ប្រាថ្នា​របស់​លោក​នាយក​សាលា​រូប​នេះ​នៅ​ឡើយ​ទេ ក្នុង​ការ​ខិតខំ​រិះរក​យុទ្ធសាស្ត្រ ឬ​គោល​ដៅ ដើម្បី​កសាង​កិត្តិសព្ទ​បន្ត​ទៅ​អនាគត​កាន់​តែ​ប្រសើរ​មុន​លោក​ចូល​និវត្តន៍។

លោក ពឹង គិ​ម​ឆេន គឺជា​នាយក​សាលាបឋមសិក្សា​វត្ត​បូព៌ ដែល​ប្រឡូក​ក្នុង​វិស័យ​អប់រំ​មាន​រយៈពេល ៣៨ ឆ្នាំ និង​បទ​ពិសោធ​ជា​នាយក​តាំង​ពី​ឆ្នាំ ១៩៩៤ មក​នោះ បង្ហើប​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នា​ពេល​ថ្មីៗ​នេះ​អំពី​ឆន្ទៈ​ដ៏​មុតមាំ​ជា​ទស្សន​វិស័យ​របស់​ខ្លួន​នៅ​ក្នុង​ការ​បន្ត​អភិវឌ្ឍន៍​នូវ​ចំណុច​ស្នូល​នៃ​សាលា​វត្ត​បូព៌​ឆ្ពោះ​ទៅ​អនាគត​ថា៖ «ខណៈ​ខ្ញុំ​បាទ នៅ​សល់​ពេល​តែ ២ ឆ្នាំ ទៀត​តែ​ប៉ុណ្ណោះ​នឹង​ត្រូវ​ចូល​និវត្តន៍​ក៏មាន​ផែនការ​ជា​គោល​ដៅ​ទៅ​ថ្ងៃមុខ ដើម្បី​បន្ត​ការ​ជួយ​អភិវឌ្ឍ​សាលា​ដែរ។ សម្រាប់​ផែនការ​អនាគត​នោះ គឺ​ខ្ញុំ​ចង់​បាន​សម្រេច​គោល​ដៅ​ធំ​ចំនួន ។ ចំណុច​ទី ១ ការ​ពង្រឹង​ផ្នែក​គុណភាព​អប់រំ​ដែល​ខ្ញុំ​ចង់​មើល​ឃើញ​ពី​ភាព​កាន់​តែ​ប្រសើរ​ឡើង ផ្នែក​ចំណេះ​ដឹង​របស់​លោក​គ្រូ​អ្នក​គ្រូ​នៅ​សាលា។ បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ប្រៀប​ធៀប​កម្រិត​ចំណេះដឹង​របស់​គ្រូ​នៅ​ប្រទេស​យើង និង​ប្រទេស​នានា​ជា​សមាជិក​អាស៊ាន សម្គាល់​ឃើញ​ថា ចំណេះ​ដឹង​គ្រូ​យើង​ក្នុង​កម្រិត​បឋម​សិក្សា​នៅ​ចាញ់​គេ​ខ្លាំង ដោយ​គ្រូ​គេ​មាន​សញ្ញាបត្រ​រហូត​ដល់​កម្រិត​ថ្នាក់​បណ្ឌិត​ទៅ​ហើយ។ តែ​គ្រូ​យើង​ពួក​គាត់​មាន​ភាព​ល្អ​ប្រសើរ​ជាង​ប្រទេស​ចំនួន ៣ គឺ​ប្រទេស​ហ្វីលីពីន ឡាវ និង​មីយ៉ាន់ម៉ា សម្រាប់​ការ​ទទួល​បាន​នូវ​ប្រាក់​បៀវត្សរ៍​នៅ​ក្នុង​ការ​បង្រៀន​នៅ​កម្រិត​បឋម​សិក្សា​នេះ»។

Content image - Phnom Penh Post
​រដ្ឋមន្រ្តី​​ក្រសួងអប់រំ​​ និងនាយកសាលាវត្តបូព៌ពេលទទួល​រង្វាន់​សាលាគំរូ​កាលពី​ឆ្នាំ ២០១៤។ រូបថត Wat Bo Primary School

លោក​ពឹង គិ​ម​ឆេន នាយក​សាលាបឋមសិក្សា​វត្ត​បូព៌ អ្នក​ផ្តួច​ផ្តើមគំនិត​បើក​វគ្គ​សិក្សា​កុំព្យូទ័រ​បន្ថែម​ពី​លើ​ម៉ោង​សិក្សា​របស់​កម្មវិធី​សាលា​រដ្ឋ​មួយ​ឡើង​ដល់​សិស្សា​នុសិស្ស​ថ្នាក់​ភាសា​បរទេស (បារាំង ឬ អង់គ្លេស) ពី​ថ្នាក់​ទី ៣ ទៅ​ដល់​ទី ៦ តាំង​ពី​ឆ្នាំ ២០១៥ មក​នោះ​បន្ត​ឲ្យ​ដឹង​ពី​គោល​ដៅ​ទី ២ និង​ទី ៣ ទៀត ថា៖ «ចំណុច​ទី ២ ចង់​ឲ្យ​លោកគ្រូ​អ្នកគ្រូ​និង​សិស្សា​នុសិស្ស​មាន​សុខភាព និង​សុខុមាល​ភាព​ល្អ​ដើម្បី​ការ​បង្រៀន​សិស្ស និង​ក្រេប​យក​ចំណេះ​ដឹង​ពី​គ្រូ ដែល​ជា​កម្លាំង​ស្នូល​ដ៏​សំខាន់​នៃ​ប្រភព​ធនធាន​មនុស្ស​ក្នុង​ការ​កសាង​ប្រទេស​ជាតិ។ ចំណែក​ចំណុច​ទី ៣ វិញ ខ្ញុំ​ចង់​មើល​ឃើញ​សិស្សា​នុសិស្ស​ទៅ​ថ្ងៃ​ខាង​មុខ​មាន​ឥរិយាបថ​ល្អ​នៅ​ក្នុង​សង្គម​ជាតិ។ ដើម្បី​ទទួល​បាន​ឥរិយាបថ​ល្អ​នោះ សិស្សា​នុសិស្ស​ទាំង​អស់​ត្រូវ​ឈរ​នៅ​លើ​មូលដ្ឋាន​ធម៌ ៤ ប្រភេទ ទើប​អាច​ក្លាយជា​បុគ្គល​មាន​ឥរិយាបថ​ល្អ ដោយ​ទី ១ សីលធម៌ ទី២ សុជីវធម៌ ទី ៣ គុណធម៌ និង​ទី ៤ សង្គម​ធម៌»។

ស្របពេល​មានគំនិត​ចង់​ឲ្យ​សិ​ស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ នៅ​សាលាបឋម​សិក្សា​វត្ត​បូព៌ មាន​សុខុមាល​ភាព​ល្អ​នាពេល​ថ្ងៃ​អនាគត នាយក​កំពុង​តែ​បង្កើត​កេរ្តិ៍​ឈ្មោះ​ល្បី​ជូន​សាលា​រូប​នេះ​ក៏​បន្ថែម​ឲ្យ​ដឹង​ពី​វត្ថុ​វិស័យ​ដើម្បី​ឈាន​ទៅ​សម្រេច​គោល​ដៅ​មួយ គឺ​កត្តា​សុខុមាល​ភាព​ផង​ដែរ។

Content image - Phnom Penh Post
សិស្សានុសិស្សសំពះ​រំឮកគុណមាតាបិតា។ រូបថត Wat Bo Primary School

លោក ពឹង គិ​ម​ឆេន ដែល​ចូល​បម្រើ​ជា​គ្រូបង្រៀន​តាំងពី​ឆ្នាំ ១៩៨០ មក​នោះ​ក៏​បញ្ជាក់​ប្រាប់​ថា៖ «តទៅ​ថ្ងៃ​មុខ ជា​គម្រោង​នោះ ខ្ញុំ​ចង់​ឲ្យ​មាន​សំណង់​អគារ ១ ខ្នង​មាន ៣ ជាន់​សម្រាប់​ជា​វត្ថុ​វិស័យ​របស់​ខ្ញុំ ដើម្បី​សម្រេច​គោល​ដៅ​ឲ្យ​សិស្ស និង​គ្រូ មាន​សុខភាព​ល្អ។ ជាន់​ទី ១ នឹង​ប្រើ​ជា​អាហារ​ដ្ឋាន​ប្រកប​ដោយ​ភាព​អនាម័យ​លើ​ចំណី​អាហារ ដោយ​ពិនិត្យ​ពិច័យ​មិន​ឲ្យ​មាន​អាហារ​មាន​ជាតិ​គីមី ខណៈ​ឯ​ជាន់​ទី ២ ចង់​ប្រើប្រាស់​សម្រាប់​បំពាក់​សម្ភារ​គ្រឿង​បច្ចេកទេស​អេឡិច​ត្រូនិក ដែល​យើង​ចង់​ធ្វើ​ជា​បន្ទប់ Video Conference និង​នៅ​ជាន់​ទី ៣ វិញ ចង់​ធ្វើ​ជា​បន្ទប់​សម្រាប់​ការ​ហាត់​តាំង​សមាធិ»៕

Content image - Phnom Penh Post
លោកគ្រូ​អ្នកគ្រូ​ក្នុង​សម្លៀកបំពាក់ពណ៌បៃតងលាយស។ រូបថត Wat Bo Primary School

Content image - Phnom Penh Post
សិស្សានុសិស្សនា​ពេលតំរង់ជួរ។ រូបថត Wat Bo Primary School

អត្ថបទគួរចាប់អារម្មណ៍