ភ្នំពេញ៖​ ចាប់​តាំង​​ពី​បាន​​​សាង​ជីវិត​គ្រួសារ​នឹង​​ប្រពន្ធ​ទី ​២ ឈ្មោះ នាង យ៉ាយ៉ា​​ ជា​ភរិយា​ក្រៅ​ខាន់ស្លា​បង្កើត​កូន​បាន​ពីរ​គ្រាប់ បាន​ប៉ុន្មាន​ឆ្នាំ​មក​នេះ ក៏​ស្រាប់​តែ​ផ្ទុះ​សារ​បង្ហើប​រឿង​​​រង្គោះរង្គើ​ធ្វើ​ឲ្យ​ នាយ ក្រិន ​ក្លាយ​ជា​បុរស​ពោះ​ម៉ាយ​​​លើក​ទី ២ និង​សុខ​ចិត្ត​​មើល​ថែ​ទាំ​​កូន​ទាំង​ ៣ ​ដោយ​​ខ្លួន​ឯង​​ ហើយ​ប្រកាស​​ដាច់​អហង្ការ​ថា​ មិន​​ព្រម​ផ្សះផ្សា​គ្នា​ឡើយ ​ទោះបី​ប្រពន្ធ​ចង់​វិល​វិញ​យ៉ាង​​ណា​ក៏​​ដោយ​​​​នោះ​។

មិន​នឹក​ស្មាន​ថា ឆាក​ជីវិត​ស្នេហា​របស់​តារា​​កំប្លែង​​ប្រុស​ មាឌ​តូចល្អិត នាយ ក្រិន ដែល​ត្រូវ​​មហាជន​តែង​រំពឹង​ថា នឹង​មាន​​សុភមង្គល​យូរ​​អង្វែង​ បន្ទាប់​ពី​រូប​លោក​បាន​មក​រួម​រស់​ជាមួយ​នឹង​​​ប្រពន្ធ​ទី ២ ក្រោយ​លែងលះ​ប្រពន្ធ​ដើម​​មក​នោះ បាន​មក​​ជួប​​រឿង​ប្រេះ​ឆា​សា​ជា​ថ្មី​​ដោយ​​​ភរិយា​ទី ២​​ បាន​លួច​ក្បត់​ចិត្ត​​ទៅ​មាន​សាហាយ​​ថ្មី ចោល​លោក និង​កូន​ទាំង​ ៣ នាក់​ ឲ្យ​រស់នៅ​​​យ៉ាង​​​កណ្តោច​​កណ្តែង​។

តារា​កំប្លែង ទេស សុជន ហៅ នាយ​ក្រិន ​​បាន​​បញ្ជាក់​​យ៉ាង​​ម៉ឺង​​ម៉ាត់ ពេល​មាន​សំណួរ​​​ថា​តើ​នាយ​អាច​ទទួល​យក​បាន​ទេ ប្រសិន​​បើ​ភរិយា​ក្រោយ​នេះ ដឹង​កំហុស ហើយ​ចង់​វិល​មក​រួម​រស់​ជុំ​​ប្តី​ និង​កូន​វិញ​នោះ​​​​ថា​៖ «ដោយសារ​តែ​ដំណឹង​បែក​បាក់​សង្គម​គ្រួសារ​មួយ​​នេះ បាន​បែក​ខ្ចាយ​គេ​​ដឹង​ឮ​ស្ទើរ​គ្រប់​ទិស​ទី​ទៅ​ហើយ​ ដូច្នេះ​ខ្ញុំ​គិត​ថា មិន​អាច​ទទួល​យក​បាន​ឡើយ​​ចំពោះ​​ករណី ដែល​គាត់​ចង់​វិល​មក​វិញ​នោះ​គឺ​ខ្ញុំ​សុខ​ចិត្ត​​ស៊ូ​ទ្រាំ​​លំបាក​គ្រប់​យ៉ាង​ដើម្បី​ចិញ្ចឹម​​​មើល​​​ថែទាំ​កូន​ទាំង ​៣​ តែ​​​ម្នាក់​ឯង​ចុះ និង​បន្ត​មុខ​របរ​​​ហាង​​លក់​គ្រឿង​ក្លែម​​ឈ្មោះ​ថា «ជួប​គ្នា​នៅ​ហាង​នាយក្រិន» ដែល​មាន​ទីតាំង​​​​ស្ថិត​នៅ​លើ​វិថី​លេខ ​២០០៤ នោះ​​​​​​ដ​ដែល​។ ម្យ៉ាង​​វិញ​ទៀត កាល​​​ពី​មិន​​ទាន់​បែក​ធ្លាយ​ជា​រឿង​ធំ​ខ្ញុំ​​​ក៏​ធ្លាប់​ផ្តល់​នូ​វឱកាស​ឲ្យ​គាត់​​ដែរ តែ​គាត់​​មិន​​ស្តាប់ និង​មិន​ព្រម​ធ្វើ​ទៅ​តាម​សំណូម​ពរ​ខ្ញុំ​​ឡើយ​»។​

នាយក្រិន ក៏​មាន​ជា​សំណូម​ពរ​តូច​មួយ​ចុង​ក្រោយ​​ដែរ​ ពី​មហាជន​​ក្រោយ​ពី​​​​អះអាង​រក្សា​ជំហរ​មើល​ថែទាំ​កូនៗ​​ដោយ​ខ្លួន​ឯង​​ និង​​​​​​​បន្ត​បើក​របរ​រក​​ស៊ី​មាន​ស្រាប់​​ថា៖ «​ខ្ញុំ​មិន​ចង់​បាន​អ្វី​ពី​បង​ប្អូន​​ទេ គ្រាន់​តែ​សំណូម​ពរ​ជួយ​គាំទ្រ​ និង​ជួយ​ជាវ​ម្ហូប​​អាហារ​​​​​នៅ​​​ហាង​ខ្ញុំ​ផង ដើម្បី​ជួយ​​ឲ្យ​ខ្ញុំ​ឲ្យ​មាន​លទ្ធភាព​​ចិញ្ចឹម​​កូន​ទាំង ​៣​»។​​​

គួរ​​បញ្ជាក់​ដែរ​ថា នាយ​ក្រិន ​មាន​ភរិយា ​២ ​នាក់​ហើយ ដោយ​ប្រពន្ធ​ដើម​មាន​កូន​ប្រុស ១ ​បច្ចុប្បន្ន​កំពុង​រស់នៅ​​​ជាមួយ​​អតីត​ប្រពន្ធ​ដើម នៅ​ខេត្ត​ព្រះសីហនុ។ ខណៈ​​​​​ប្រពន្ធ​ទី ២​ ចាប់​ពី​ឆ្នាំ​ ​២០១៣ គិត​​មក​​ទល់​ពេលនេះ ដោយ​ទទួល​​បាន​​កូន ៣ នាក់ ប្រុស ១ និង​ស្រី ២ គឺ​សរុប​​ទាំង​​​អស់​​​នាយ​ក្រិន​ មាន​កូន​ ៤ នាក់៕