ភ្នំពេញៈ ទោះបី​ទើប​តែ​ដាក់​បង្ហាញ Trailer របស់​សាច់រឿង​ជួប​ស៊យ​វគ្គ​ ២ ក្ដី​ក៏​កុមារា​ រឹម សុរ៉ាហ៊ាទ្រី ហៅ អូនតួ កូនប្រុស​របស់​តារាកំប្លែង និង​ជា​តារាចម្រៀង​នាយ ពាក់មី បាន​ស្រូប​យក​ប្រជាប្រិយភាព​ពី​មហាជន ដោយសារ​ភាពក្រមិចក្រមើម​លាយឡំ​ជាមួយ​ការកំប្លែង​ស្ងួត និង​មាន​ទេពកោសល្យ​សិល្បៈ​ពី​កំណើត​។

ដោយសារ​តែ​មាន​ការគាំទ្រ​ច្រើន​ចំពោះ​ស្នាដៃ​និពន្ធ និង​ដឹកនាំ​សម្តែង​ព្រមទាំង​សម្តែង​ខ្លួនឯង​ផ្ទាល់​ក្នុង​រឿង​ជួប​ស៊យ វគ្គ​​ ១ កាលពី​ឆ្នាំ​ ២០១៦ ជា​រឿង​បែប​កំប្លែង នាយ គ្រឿន បាន​ដាក់​បង្ហាញ​ស្នាដៃ​ទី​ ៥ រឿង​ជួប​ស៊យ វគ្គ ២ កាលពី​ថ្ងៃ​ទី​ ៥ ខែ​មេសា​កន្លង​ទៅ​នៅក្នុង​បរិវេណ​ផ្សារ​ទំនើប​អ៊ីអន ២ ដោយ​សង្ឃឹម​ថា​មាន​ការគាំទ្រ​ច្រើន​ដូច​វគ្គ ១ តាមរយៈ​តួអង្គ​ល្បីៗ ជាពិសេស​តួប្រុស​វ័យក្មេង​ដែល​ត្រូវ​ជា​ក្មួយបង្កើត​កូន​របស់​តារាកំប្លែង​នាយ​ពាក់មី​ដែល​មាន​សមត្ថភាព​ក្នុង​ការសម្តែង និង​លេង​ទឹកមុខ​មិន​ចាញ់​មនុស្ស​ពេញវ័យ​។

តារា​វ័យកំប្លែង​ក្មេង និង​ជា​តារាសម្តែង អូនតួ ទើប​តែ​មាន​អាយុ ៦ ​ឆ្នាំ ប៉ុន្តែ​បាន​ឆ្លងកាត់​ការសម្តែង​ជាច្រើន​បែប​កំប្លែង កម្សត់ សម្រក់​ទឹកភ្នែក តាមរយៈ​រឿង​កំប្លែង «​អូនតួ​សិស្ស​ពូកែ​កូរ​» របស់​ទូរទស្សន៍​ស៊ីធីអិន និង​មាន​ស្នាដៃ​ក្នុង​ការសម្តែង​ជាច្រើន​ទៀត​។

ក្នុង​រឿង «​ជួប​ស៊យ​» វគ្គ​ ២ អូនតួ មាន​ឈ្មោះ​ក្នុង​សាច់រឿង​ថា «​អាចង្រៃ​» ដើរតួ​ជា​តួឯក​ប្រុស​ពេល​នៅ​តូច​ដែល​ត្រូវ​ចាកចេញ​ពី​គ្រួសារ​ទាំង​វ័យក្មេង​ទៅ​រស់នៅ​ក្នុង​វត្ត ដោយសារ​ភាព​ស៊យ​ធ្វើឲ្យ​អ្នកដទៃ​ដែល​នៅ​ជិត​ខ្លួន​ជួប​បញ្ហា និង​មាន​គ្រោះថ្នាក់​លើកលែង​តែ​ឪពុកម្តាយ​នៅក្នុង​សាច់រឿង​ (​នាយ​គ្រឿន និង​កញ្ញា គាត សុវណ្ណាឡាង​) ខ្លួន​ដោយ​ភាព​ស៊យ​បង្កប់​ភាព​កំប្លែង​សើច​បិទមាត់​មិន​ជិត​តាមរយៈ​ពាក្យសម្តី និង​កាយវិការ​ក្នុង​ការសម្តែង​បែប​ក្មេង​មិន​ដឹងអី​។

នាយគ្រឿន ដែល​ជា​តារាកំប្លែង​បាន​បន្ថែម​អាជីព​ជា​តារាចម្រៀង និង​ផលិតករ​ភាពយន្ត​បាន​បរិយាយ​ពី​សាច់រឿង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​រឿង​នេះ​ដែរ​គឺជា​ស្នាដៃ​ទី​ ៥ របស់​ខ្ញុំ​ដែល​បាន​ដឹកនាំ​សម្តែង ហើយ​វា​មាន​ភាព​ខុសប្លែក​ពី​រឿង​មុន​ដោយសារ​តែ​រឿងនេះ​មាន​តួ​ថ្មីៗ​ច្រើន ប៉ុន្តែ​ពួកគាត់​មាន​សមត្ថភាព​ក្នុង​ការសម្តែង​ខ្ពស់ ហើយ​វា​កាន់តែ​មាន​ភាពកំប្លែង​ជាង​មុន​ (​ជួប​ស៊យ​វគ្គ​ ១) និង​ខុសគ្នា​ត្រង់​វគ្គ​ ២ នេះ​ស៊យ​ជាង ឲ្យ​តែ​អ្នកណា​ជួប «​អាចង្រៃ​» ​ដឹង​តែ​មាន​គ្រោះថ្នាក់ បើ​មិន​អ៊ីចឹង​ទេ​ក៏​រលាយ​ធនធាន​តែម្តង​»​។

បន្ទាប់ពី​រឿង ជួប​ស៊យ​វគ្គ​ ២ នេះ លោក ចែម សារឿន ហៅ នាយគ្រឿន ក៏​បាន​បង្ហើប​ថា នឹង​គ្រោង​បញ្ចេញ​កុន​ថ្មី រសជាតិ​បែប​ថ្មី មាន​លក្ខណៈ​បែប​កម្សត់​វិញ​ម្តង ដើម្បី​ឲ្យ​អ្នកទស្សនា​បាន​ប្តូរ​អារម្មណ៍​ថ្មី និង​មិន​ធុញ​ក្នុង​ការទស្សនា​ជា​​ស្នាដៃ​និពន្ធ​របស់​លោក​។

រឿង «​ជួប​ស៊យ​» វគ្គ​ ២ នឹង​ត្រូវ​ចាក់​បញ្ចាំង​ចាប់ពី​ថ្ងៃទី​ ១១ ខែ​មេសា​គ្រប់​រោងភាពយន្ត Legend Cinemas៕