
តារាកំប្លែងវិវឌ្ឍខ្លួនជាអ្នកចម្រៀង នាយ ចឺមព្រមទាំងលោក ឈុន សុវណ្ណភក្ដី និងភរិយាក្នុងថ្ងៃរៀបការកាលពីចុងឆ្នាំ ២០១៥។ វុទ្ធី
ភ្នំពេញ: ទន្ទឹមនឹងការធ្លាយព័ត៌មានចំណងស្នេហ៍ថៅកែផលិតកម្មប៊ីខេអេស (BKS) និងអ្នកនាង ម៉ែន ចេតនីត បានឈានទៅដល់ការប្រេះឆាគ្នាក្រោយរៀបការបានជាង ២ ឆ្នាំ ក៏លេចដំណឹងដ៏រសើបផ្ទុយនឹងក្រឹត្យក្រមស្នេហ៍ធម្មជាតិ ដែលថា «ដោយសារតែថៅកែផលិតកម្ម ប៊ីខេអេស វ័យក្មេង លោក ឈុន សុវណ្ណភក្ដី មានភាពស្និទ្ធស្នាលគ្នាខ្លាំងជាមួយ នាយ ចឺម បណ្តាលឲ្យប្រពន្ធកើតរោគប្រចណ្ឌ រហូតដល់ដំណាក់កាលមិនអាចចរចាគ្នាបាន ទើបឈានទៅដល់ដំណាក់កាលលែងលះយ៉ាងស្ងៀមស្ងាត់ ដោយបន្សល់នូវតំណក់ឈាម ២ នាក់»។
តែយ៉ាងណា ហេតុផលហោះតាមខ្យល់ រណ្ដំដោយសំឡេងញាតិ មិនឃ្លាតពីជំនួបស្នេហ៍ត្រីកោណ ត្រូវមានម្នាក់ដកខ្លួនចេញនោះ មិនត្រូវបានអតីតភរិយាថៅកែផលិតកម្ម BKS អ្នកនាងម៉ែន ចេតនីត ដែលកំពុងគេងឱបបុត្រ ២ គ្រាប់នេះ ទទួលស្គាល់ឡើយ។
ផ្ទុយពីព័ត៌មានដែលថា អ្នកនាង និងអតីតស្វាមីនោះ បែកគ្នាដោយតារាចម្រៀងសាន់ដេនាយ ចឺម ជាអ្នកទី ៣ ចូលខ្លួនមកបំបែកស្នេហ៍ ក្នុងសារបរិយាយដ៏វែងអន្លាយនោះ អតីតភរិយាថៅកែផលិតកម្ម ប៊ីខេអេស ក៏បានបង្ហាញថា៖ «វាមិនដែលខ្ញុំឆ្កួតប្រចណ្ឌមនុស្សប្រុសដូចគ្នានោះទេ សំខាន់ចរិតប្តីខ្ញុំវាល្អពេក បានម៉ាចប់ ហើយក៏ចង់បញ្ជាក់ មិនមែនលោក ឈុន សុវណ្ណភក្តី លែងនាងខ្ញុំទេ នាងខ្ញុំអ្នកប្តឹងសុំលែង»។
គួររំឭកផងដែរថា កាលពីសប្ដាហ៍មុន ក្នុងថ្ងៃអញ្ជើញជាភ្ញៀវចូលរួមមង្គលការប្អូនស្រីពៅអ្នកនាង ចន ច័ន្ទលក្ខិណា ឪពុកលោក ឈុន សុវណ្ណភក្ដី បានសារភាពថា រឿងកូនប្រុសលែងភរិយានោះគឺជាការពិតមែន និងបានកើតឡើងតាំងពីខែតុលា ឆ្នាំ ២០១៧។ ចំណែកផ្ទះ និងកូនទាំង ២ បានទៅភរិយារបស់លោក ភក្ដី។
តែយ៉ាងណាឪពុកលោក ភក្តី នៅតែអះអាងថា ការបែកគ្នារវាងកូនប្រុសលោក និងអតីតកូនប្រសានោះ ក៏ដោយសារវត្តមាននាយ ចឺម មកស្និទ្ធស្នាលនឹងកូនប្រុសលោក ដោយលោកថា៖ «រឿងហ្នឹងប្រពន្ធគេប្រចណ្ឌ នាយ ចឺម ហ្នឹងឯង»។
ការដែល នាយ ចឺម បានក្លាយទៅជាកូនធម៌ ឪពុកលោក ឈុន សុវណ្ណភក្ដី នោះ នាយ ចឺម ថែមទាំងទទួលបានកាដូរថយន្ដ តូយ៉ូតា Tundra ស៊េរីឆ្នាំ ២០០៧ តម្លៃជិត ៣ ម៉ឺនដុល្លារទៀតផង។
បន្ថែមពីការក្លាយខ្លួនជាកូនធម៌ឪពុកថៅកែផលិតកម្ម ប៊ីខេអេស និងជាអ្នកជំនួញវត្ថុធាតុដើមគ្រឿងអលង្ការឆ្លងប្រទេសនោះ នាយ ចឺម ក៏មានភាគហ៊ុនបើកហាងផឹកស៊ីជុំគ្នាជាមួយនឹងថៅផលិតកម្ម ប៊ីខេអេស រួមនឹងភាពស្និទ្ធស្នាលកើនទ្វេរហូតបណ្តើរគ្នាទៅប្រទេសថៃតែ ២ នាក់ និងសំពះស្បថស្បែធ្វើបងប្អូនធម៌នឹងគ្នាដែរ។
ផ្ទុយទៅវិញ ឆ្លើយតបនឹងការបកស្រាយពីអតីតឪពុកក្មេកនេះ អ្នកមេម៉ាយកូន ២ វ័យក្មេង អតីតថៅកែស្រីផលិតកម្ម ប៊ីខេអេស រូបនេះក៏បានអះអាងថា៖ «បើសិនជាជឿថា ខ្ញុំលែងដោយសារ អាចឺម មានតែមនុស្សវាល្ងង់ វាមិនមែនខ្ញុំសុខចិត្តដើរចេញឲ្យកូនខ្ញុំតូចៗទាំង ២ អត់ឪហៅដោយសារ អាចឺម ត្រឹមតារាកំប្លែងនោះទេ»។
ក្រៅពីបញ្ជាក់ថា ចំណងប្ដីប្រពន្ធឈានដល់ការលែងព្រោះតែអតីតប្ដីមានស្រីច្រើន នោះអ្នកមេម៉ាយរូបនេះបានឲ្យដឹងផងដែរថា៖ «ផ្ទះដែលខ្ញុំនៅ រាល់ថ្ងៃ គឺនៅផ្ទះប៉ាម៉ាក់របស់ខ្ញុំ មិនមែនដូចអ្វីដែលអតីតឪពុកក្មេកនិយាយនោះទេ។ ផ្ទះដែលគាត់និយាយគឺ ផ្ទះរបស់គាត់ និងកូនគាត់រស់នៅ មិនបានទទួលផ្ទះអី ១ ខ្នងផង»។
ជុំវិញរឿងនេះ នាយ ចឺម ពី ម្សិលមិញពុំអាចទាក់ទងសុំការបកស្រាយឡើយ៕