ភ្នំពេញ៖ ថ្មីៗនេះក៏ស្រាប់តែតារាកំប្លែង និងចម្រៀងប្រុស នាយ ពែកមី បង្ហោះសារមួយឃ្លាដ៏កម្របង្កើតភាពភ្ញាក់ផ្អើលខ្លាំងពីមហាជនចំពោះសារដែលមានខ្លឹមសារ ចង់ប្រាប់ថារូបលោកហាក់ដូចជាលែងហ៊ានបង្ហាញភាពសិ្នទ្ធស្នាលដៃគូលេងកំប្លែងអ្នកនាង ខ្ញុង ដោយសារភ្លើងប្រចណ្ឌពីស្វាមីនាង គឺនាយកៃដ។
លោក ចែម ចាន់ដារ៉ា ហៅនាយ ពែកមី ដែលជារៀមច្បងគ្រួសារ នៃក្រុមតារាកំប្លែងរួមមាន នាយ គ្រឿន នាយ ក្រាន ក្រោយពីបានចាប់យកឱកាសសាងកេរ្តិ៍ឈ្មោះល្បីលើវិថីសិល្បៈកំប្លែង និងតារាចម្រៀង រហូតមានទ្រព្យធនធូរធាររៀងៗខ្លួនមកនោះ ក៏ស្រាប់តែថ្មីៗនេះ នាយបង្ហោះសារថា៖ «បានត្រឹមលួចថត ដៃគូកាត់សក់ជាមួយគ្នា លែងហ៊ានថតជាមួយគ្នាហើយ ប្តីគេប្រចណ្ឌ ហួសចិត្ត!»។
រំពេចនោះក៏ស្រាប់តែមានការងឿងឆ្ងល់ខ្លាំងពីប្រិយមិត្តគាំទ្រ ចូលទៅ Comments ជាហូរហែ ខណៈមតិភាគច្រើនបានលើកឡើងបែបឆ្ងល់ថា៖ «ម៉េចចឹងបង?» និងសារថា៖ «នុះវីវរហើយ Idol ដល់តែអ៊ីចឹងសម្តែងជុំគ្នាម៉េចទៅ?»។
តែតារាកំប្លែងប្រុសពូកែវោហារ មិនចេះរីងស្ងួត សម្បូរទេពកោសល្យសម្តែង នាយ ពែកមី ក៏បានបញ្ជាក់ថា៖ «តាមពិតទៅ សារនោះគឺខ្ញុំគ្រាន់តែបានថតកាលពីពួកយើងទៅច្រៀងការគេ នៅឯខេត្តកំពង់ចាម នាពេលកន្លងមកថ្មីៗនេះតែប៉ុណ្ណោះ ហើយយើងក៏អត់មានរឿងអ្វីកើតឡើងដោយសារភាពអាក់អន់ស្រពន់ចិត្ត ជាមួយនឹងគ្នានោះទេ។ ចំណងមិត្តភាព ឬការងារដើរលើវិថីសិល្បៈរវាងខ្ញុំ និងនាងខ្ញុង នោះគឺមានរយៈពេល ៨-៩ ឆ្នាំ ហើយដែរគឺថា មិនងាយនឹងមានរឿងអ្វីឡើយ»។
លោក ពែកមី បន្ថែមថា៖ «ចំពោះការប្រចណ្ឌពីស្វាមី របស់នាង ខ្ញុង វិញនោះ គឺខ្ញុំគិតថា រឹតតែមិនអាចនោះឡើយ»។
គួរបញ្ជាក់ថា នាយ ពែកមី គឺជាកូនប្រុសរៀមច្បងនៃគ្រួសារ ដោយនាយបានជួយជ្រោមជ្រែងបងប្អូនបង្កើត ៣-៤ នាក់ រួមមានដូចជា នាយ គ្រឿន នាយ ក្រាន នាយ ប៉ូយ ឬអាប៉ូយ នោះឲ្យចូលសិល្បៈកំប្លែង និងបានចូលសម្តែងកុនរហូតដល់មានជីវភាពធូរធាររៀងៗខ្លួន និងបានសង់ផ្ទះដ៏ល្អប្រណីតជូនឪពុកម្តាយតម្លៃជិត ១០ ម៉ឺនដុល្លារ នៅឯខេត្តស្វាយរៀងផងដែរ កាលពីឆ្នាំមុននេះ។
លើសពីនេះទៀតនោះនាយ ពែកមី ដែលជាមេក្រុមរបស់ក្រុមកំប្លែងដ៏មានប្រជាប្រិយរបស់ CTN បានប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទឲ្យដឹងពីការងារដ៏មមាញឹកនៅក្រៅសិល្បៈរបស់លោកដែរថា៖ «សព្វថ្ងៃការងារសិល្បៈ ហាក់ដូចជាមានភាពរាងរយាលបន្តិច ដោយសារតែខ្ញុំកំពុងជាប់រវល់ទៅនឹងរឿងការងារផ្នែកអចលនទ្រព្យវិញច្រើនជាង គឺគម្រោងពុះដីឡូត៍សង់ផ្ទះល្វែងនៅឯក្រុងកំពង់ចាម។ និយាយរួមទៅ ខ្ញុំទទួលតែការងារសិល្បៈដែលចាំបាច់ខ្លាំងទេ»។
ដោយឡែកដៃគូសម្តែងដ៏ស័ក្តិសមទាំងនៅលើឆាក និងនៅតាមកម្មវិធីសិល្បៈនានា នាង ខ្ញុង តារាកំប្លែងស្រីពូកែសម្តី មេម៉ាយកូន ១ បានសម្រេចចិត្តភ្ជាប់និស្ស័យរៀបការនឹងលោក អុំ ក្សត្រា ហៅនាយ កៃដ កាលពីថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៩៕