ក្រុង​តូក្យូ៖ ស្រ្តី​ចម្រៀង និង​របាំ​ប្រពៃណី​​ជប៉ុន​ ​ឆាឆា បាន​អង្គុយ​លុត​ជង្គង់ ដៃ​ប្រណម្យ​សំពះ​លើ​កម្រាល​ឈើ​ ជា​ការ​គារវៈ​ចំពោះ​​​ទស្សនិកជន​ដែល​មិន​​មែន​អង្គុយ​នៅ​ចំពោះ​មុខ តែ​គន់​តាម​អនឡាញ​។ ​

នៅ​​ក្រោម​ពន្លឺ​ភ្លើង​ ស្ត្រី​របាំ​ស្រស់​សោភា ​អាយុ​ ៣២ ​ឆ្នាំ​បាន​សម្ដែង​​របាំ​ប្រពៃណី​ ជាមួយ​នឹង​កាយ​វិការ​ដូច​​មេអំបៅ​ ​ពន់​ពេន និង​បក់​ផ្លិត​យ៉ាង​ទន់​ភ្លន់​​។ ជា​ទូទៅ ទស្សនិកជន​ភាគ​ច្រើន​ជា​​បុរស​ចំណាស់​​ទ្រព្យ​​ស្ដុក អង្គុយ​​គន់​សម្រស់​អ្នក​របាំ​ក្នុង​បន្ទប់​ក្រាល​កន្ទេល​​តាតាមិ​។ ​

ប៉ុន្តែ​​ពេល​នេះ​ ទស្សនិកជន​បាន​ត្រឹម​​ទស្សនា​របាំ​​ពី​ចម្ងាយ​តាម​អេក្រង់​កុំព្យូទ័រ​ ​ដែល​មាន​ចាប់​ពី​នារី​​​ក្មេង​ៗ​កាន់​កែវ​ស្រា​ទំពាំង​បាយជូរ​រហូត​ដល់​​ក្រុម​គ្រួសារ​​​កូនៗ​របស់​ពួក​គេ​​ចង់​ដឹង​ចង់​ឃើញ​អំពី​ការ​សម្ដែង​​។

ឆាឆា ​បាន​​សាក​សួរ​​ទស្សនិកជន​​ថា៖​ «​តើ​អ្នក​ទាំង​អស់​គ្នា​ សម្រាក​នៅ​ផ្ទះ​យ៉ាង​ម៉េច​ដែរ​? ចំណែក​ខ្ញុំ​​​លេង​វីដេអូ​ហ្គេម​ «Animal Crossing» ​​ក្នុង​អំឡុង​​​មាន​អាសន្ន​នេះ​»។

ថ្វី​បើ​មាន​ការ​ភាន់​ច្រឡំ​របស់​លោក​ខាង​លិច​ក៏​ដោយ​ តាម​ពិត​ ស្រី្ត​ចម្រៀង និង​​របាំ​មិនមែន​ជា​ស្រី​ពេស្យា​ទេ ​ប៉ុន្តែ​​​ពួក​គេ​មាន​ជំនាញ​ក្នុង​ទម្រង់​សិល្បៈ​ប្រពៃណី​ រួម​ទាំង​ការ​លេង​ឧបករណ៍​តន្ដ្រី និង​ហ្គេម​ផង​ដែរ​។ ​

ស្ទើរ​​គ្រប់​ស្ទីល​នៃ​សកម្មភាព​កម្សាន្ដ​របស់​ពួក​គេ ​ចាប់​ពី​ការ​ច្រៀង​ និង​រាំ​នៅ​​តាម​ឆាក​តូចៗ​ រហូត​ទៅ​ដល់​ការ​និយាយ​កំប្លុក​កំប្លែង​ជាមួយ​អតិថិជន​ ក៏​ដូចជា​ការ​ចាក់​ស្រា​សាកេ សុទ្ធ​តែ​ផ្ទុយ​នឹង​គោល​ការណ៍​រក្សា​សុវត្ថិភាព​បុគ្គល និង​សង្គម​។ ​

កូរ៉ូណា​​បំផ្លាញ​អាជីព​​ស្ដ្រី​ចម្រៀង និង​របាំ​ ដូចជា ឆាឆា ដែល​ចំណូល​របស់​នាង​កាន់​ខើច​តិច​ និង​​កំពុង​អន្ទះសា​ចាំ​ជំនួយ​ពី​រដ្ឋាភិបាល។ ​

ឆាឆា បាន​ប្រាប់​​ AFP ​ថា៖​ «តាម​ធម្មតា ​យើង​​រវល់​ខ្លាំង​អំឡុង​ខែ​មេសា​ ឧសភា​ និង​មិថុនា ​នេះ។​ ប៉ុន្តែ​ឆ្នាំ​នេះ​​ គឺ​សូន្យ​ គ្មាន​កម្មវិធី​ណា​ទាំង​អស់​»។

នេះ​គឺ​ជា​មូលហេតុ​ដែល​សេវាកម្ម​អនឡាញ​ចាប់​កំណើត​មក។ ​​​ឆាឆា​ ​​សារភាព​ថា ​ដំបូង​​មាន​ការ​​ច្របូកច្របល់​ចំពោះ​សេវាកម្ម​បែប​ថ្មី​នេះ​ ដោយ​នាង​អត់​មាន​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​ ដែល​ប្រើ iPad ជំនួស​ និង​បាន​និយាយ​ទាំង​អស់​សំណើច​ថា​៖ «​​មាន​សញ្ញា​សួរ​ពេញ​ខួរ​ក្បាល​តែ​ម្ដង​!»។

ប៉ុន្តែ​ដោយ​មាន​ជំនួយ​ពី ​នីស៊ីមូរ៉ា​ ក្នុង​ការ​រៀបចំ​ផ្នែក​បច្ចេកទេស​ ឆាឆា​ និង​ស្រី​របាំ​ដទៃ​ទៀត ពេល​នេះ​អាច​ផ្តល់​​ជូន​នូវ​សិល្បៈ​ប្រពៃណី​របស់​ពួក​គេ​​តាម​ប្រព័ន្ធ​ដ៏​ទំនើប​​ Zoom​។

ការ​​សម្ដែង​​តាម​អនឡាញ​បាន​ផ្ដល់​ទាំង​​ប្រាក់​ចំណូល​ និង​ជា​វិធី​ផ្សព្វផ្សាយ​​ដល់​អតិថិជន​នូវ​ទម្រង់​សិល្បៈ​បុរាណ​កាន់​តែ​ទូលំទូលាយ​។ ​

អ្នកស្រី​ នីស៊ីមូរ៉ា ​បាន​ឲ្យ​ដឹង​ថា​៖ «គោល​បំណង​មួយ​​ គឺ​ដើម្បី​ផ្សព្វផ្សាយ​ទៅ​កាន់​ទស្សនិកជន​​ថ្មី​ ពី​ព្រោះ​​វា​មាន​តម្លៃ​សមរម្យ​​»។

អ្នកស្រី មីឈីកូ ម៉េដា វ័យ ៦៥ ឆ្នាំ​ ​​ជា​ទស្សនិកជន​ឆាឆា​អនឡាញ​ម្នាក់​បាន​និយាយ​ថា​ ទម្រង់​ថ្មី​នេះ​បាន​ជំរុញ​​​ទឹក​ចិត្ត​អ្នក​ស្រី​ចង់​ទទួល​យក​​នូវ​​​បទពិសោធ​ការ​កម្សាន្ដ​សិល្បៈ​ប្រពៃណី​នេះ»៕ AFP/RS