ក្រុងអាត្លង់តា៖ បវរកញ្ញា​អាហ្វ្រិក​ខាង​ត្បូង បាន​គ្រង​មកុដ​រាជិនី​សម្រស់​ចក្កវាឡ ឬ Miss Universe កាល​ពី​ថ្ងៃ​អាទិត្យ ​ក្នុង​ទីក្រុង​អាត្លង់តា ក្រោយ​ពី​ព្រឹត្ដិការណ៍​ដ៏​ធំ​គគ្រឹកគគ្រេង​​ដំណើរការ​ពោរពេញ​ទៅ​ដោយ​ពាក្យ​ពេចន៍​ និង​សារ​ដ៏​រឹងមាំ​ស្ដីពី​តម្លៃ​ស្ដ្រី​។

កញ្ញា ហ្សូហ្ស៊ីប៊ីនី ធុនហ្ស៊ី អាយុ ២៦ ឆ្នាំ បាន​បញ្ចប់​ដោយ​នាំ​មុខ​កញ្ញា​ឯក​​ ព័រតូរីកូ និង​​​ម៉ិកស៊ិក​ ក្នុង​ព្រឹត្ដិការណ៍​បញ្ចាំង​​តាម​កញ្ចក់​ទូរទស្សន៍​ រៀបចំ​ឡើង​ដោយ​តារា​កំប្លែង​អាមេរិក​ ដែល​ប្ដូរ​មក​ជា​ពិធីករ​ទូរទស្សន៍ Steve Harvey​។

ពិធីករ និង​ពិធីការិនី​ទូរទស្សន៍ Vanessa Lachey និង​ Olivia Culpo ស្ថិត​នៅ​ក្រោយ​ឆាក​ ធ្វើ​ការ​សម្ភាស​បេក្ខនារី​ ៧ នាក់ ​ដែល​មាន​ការ​តាំង​ចិត្ដ​យក​ជ័យ​ជម្នះ​។

កញ្ញា ធុនហ្ស៊ី បាន​ទទួល​ការ​គាំទ្រ​ជា​ច្រើន​មុន​ពេល​បង្ហើយ​ពាក្យ​ពេចន៍​ ដែល​នាង​បាន​និយាយ​អំពី​បំណង​ចង់​ផ្ដល់​តម្លៃ​ដល់​ស្ដ្រី​ប្រកប​ដោយ​ជំនឿ​ចិត្ដ​មុត​មាំ​។

រាជិនី​សម្រស់​ចក្កវាឡ​បាន​និយាយ​ថា​៖ «​ខ្ញុំ​ធំ​ដឹង​ក្ដី​មក​ក្នុង​ពិភព ដែល​ស្ដ្រី​ដូចជា​រូប​ខ្ញុំ ដោយ​​មាន​ស្បែក​ និង​សក់​ដូច​ខ្ញុំ​នេះ​ មិន​ត្រូវ​បាន​ចាត់​ទុក​ជា​សម្បុរ​មាន​ឆោម​លោម​ពណ៌​ស្រស់​ស្អាត​នោះ​ទេ»។

កញ្ញា​បាន​និយាយ​អម​ដោយ​សំឡេង​សាទរ​កង​រំពង​ថា​៖ «​ខ្ញុំ​គិត​ថា វា​ដល់​ពេល​​​ត្រូវ​បញ្ឈប់​ទស្សនៈ​បែប​នេះ​ហើយ​»។

កញ្ញា ហ្សូហ្ស៊ីប៊ីនី ​​ក្នុង​ឈុត​ប៊ីគីនី និង​ឈុត​តំណាង​ជាតិ​របស់នាង​​។ រូបថត AFP

ធុនហ្ស៊ី បាន​ឈ្នះ​កញ្ញា​ឯក​ជាង ៩០ នាក់ ទូទាំង​ពិភព​លោក​ ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្កវាឡ​​​​ទី ៦៨ ដែល​រៀបចំ​​ឡើង​នៅ​ស្ទូឌីយោ Tyler Perry Studios ក្រុង​អាត្លង់តា សហរដ្ឋ​អាមេរិក​។

បេក្ខនារី​មាន​ប្រជាប្រិយភាព ២ រូប ​មុន​ពេល​ប្រកួត គឺ​កញ្ញាឯក​ថៃ ផាវីនស៊ូដា សែតាន-​ដ្រូវីន និង​កញ្ញា​ឯក​ហ្វីលីពីន ហ្គាហ្ស៊ីនី ហ្គាណាដូស អត់​ជាប់​ដល់​វគ្គ​​ជម្រុះ ១០ នាក់​ ចុង​ក្រោយ​ឡើយ​។

បវរកញ្ញា​អាហ្រ្វិក​ខាង​ត្បូង កញ្ញា ធុនហ្ស៊ី ត្រូវ​បាន​បំពាក់​មកុដ​ដោយ​​បវរកញ្ញា​ហ្វីលីពីន ខាទ្រីយ៉ូណា ហ្គាយ ម្ចាស់​មកុដ​​ចក្កវាឡ​ឆ្នាំ ២០១៨។

ថ្វី​ដ្បិត​តែ​ដល់​ឆ្លង​ចូល​វគ្គ​ផ្ដាច់ព្រ័ត្រ កញ្ញា​ឯក​មីយ៉ាន់ម៉ា Swe Zin Htet បាន​បង្ក​ការ​ភ្ញាក់​​ផ្អើល​កាល​ពី​សប្ដាហ៍​មុន​ ពេល​នាង​ចេញ​មុខ​មក​បកស្រាយ​ថា រូប​នាង​ជា​បេក្ខនារី​ភេទ​ទី ៣។

កញ្ញា ​Swe Zin Htet បាន​ប្រាប់​ទស្សនាវដ្ដី People ដោយ​​ប្រើ​ពាក្យ​ «ភូមា» ជា​ឈ្មោះ​ប្រវត្តិសាស្ត្រ​ប្រទេស​ខ្លួន​​​​ថា​៖ «​បើ​ខ្ញុំ​និយាយ​ថា ខ្ញុំ​ស្រឡាញ់​ស្រី​ដូច​គ្នា​ វា​ច្បាស់​ជា​ប៉ះពាល់​ដល់​សហគមន៍ LGBTQ ក្នុង​ប្រទេស​ ​ភូមា​»។

ស្នេហា​ភេទ​ដូច​គ្នា​គឺ ជា​ទង្វើ​ខុស​ច្បាប់​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​​មួយ​នេះ និង​អាច​ទទួល​ទោស​ជាប់​គុក​រហូត​ដល់​អស់​មួយ​ជីវិត។

ឆ្នាំ​នេះ​ បវរកញ្ញា​ចក្ក​វាឡ​បាន​បន្ដ​រៀបចំ​ការ​ប្រកួត​ឈុត​ហែល​ទឹក ទោះ​ជា​មុន​នោះ​ វគ្គ​នេះ​រង​ការ​រិះ​គន់​ថា​បំពាន​ដល់​បេក្ខនារី​។ យ៉ាង​ណា​ផ្នែក​ខ្លះ​នៃ​ការ​ប្រកួត​មិន​ត្រូវ​បាន​​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ក៏​ដោយ​៕ AFP/HR