ក្រុង​រ៉ាបា: ស្ដ្រី​ម៉ារ៉ុក​ម្នាក់​ដែល​ចង់​រួច​ផុត​ពី​ភាព​អាម៉ាស​នៅ​តំបន់​ឆ្នេរ​កំពុង​នាំ​គ្នា​សម្រុក​ទៅ​លេង​អាង​ហែល​​ទឹក​សាធារណៈ​ថ្មី​មួយ​នៅ​ទីក្រុង​​រ៉ាបា តែ​ស្ដ្រី​ជា​ច្រើន​អត់​ហ៊ាន​គ្រង​ឈុត​ហែល​ទឹក​ដោយ​ខ្លាច​ក្រសែ​ភ្នែក​​ក្នុង​ន័យ​មាក់​ងាយ​។

អ្នកស្រី សាណេ ​​អាយុ ៣៦ ឆ្នាំ ដែល​ធ្វើ​ដំណើរ ១៥០ គីឡូ​ម៉ែត្រ ​ទៅ​លេង​អាង​ទឹក​ «Grande Piscine» ដែល​បើក​សម្ពោធ​កាល​ពី​ថ្ងៃទី ៤ ខែ ​កក្កដា បាន​និយាយ​ថា​៖ «​ទី​នេះ គ្មាន​ការ​បៀតបៀន​ ឬ​មាក់​ងាយ​អ្វី​ឡើយ​។ ការ​ងូត​ទឹក​សមុទ្រ ធ្វើ​ឲ្យ​ស្ត្រី​ម៉ារ៉ុក​ឆ្អែតឆ្អន់​​នឹង​​ការ​មើល​ដៀមដាម​ហើយ»។

អ្នកស្រី​បន្ដ​ថា​៖ «​ខ្ញុំ​ត្រូវ​បាន​គេ​បៀតបៀន​ ដោយសារ​តែ​ខ្ញុំ​ពាក់​ឈុត​ងូត​​ទឹក​។ សំណាង​ហើយ​ស្វាមី​របស់​ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ​»។

កញ្ញា អាម៉ាល់ ជា​សិស្ស​អាយុ ១៨ ឆ្នាំ ដែល​មក​លេង​ទឹក​ជាមួយ​មិត្ដភក្ដិ​ស្រីៗ បាន​និយាយ​ថា​៖ «​នៅ​តាម​ឆ្នេរ​កាន់​តែ​យ៉ាប់​យ៊ឺន​ខ្លាំង​ហើយ​»។

នារី​ស្លៀក​ឈុត​ហែល​​ទឹកប្រទេស​ម៉ារ៉ុក ប្រឈម​នឹង​ក្រសែ​ភ្នែកបុរសៗ។ រូបថត AFP

មនុស្ស​រាប់​ពាន់​នាក់​នាំ​គ្នា​មក​លេង​អាង​ហែល​ទឹក​ ដែល​ដាប់​ឆ្លាក់​ពី​ថ្ម​ដុស​នៅ​ជាយ​ក្រុង​ម៉ារ៉ុក​ ជា​ផ្នែក​មួយ​នៃ​​គម្រោង​អភិវឌ្ឍន៍​ដ៏​មហិមា​ដោយ​មាន​ឈ្មោះ​ថា «​រ៉ាបា ទីក្រុង​ភ្លើង​ពណ៌​»។

យោង​តាម​មន្ដ្រី​គម្រោង​បាន​ឲ្យ​ដឹង​ថា បរិវេណ​ទឹក​ ១៧ ០០០ ម៉ែត្រ​ការ៉េ បាន​ទទួល​ភ្ញៀវ​មធ្យម​ក្នុង​កំណត់​ត្រា​ ៥ ០០០ នាក់​មួយ​ថ្ងៃ​ តាំង​ពី​បើក​ដំណើរការ​។ សំបុត្រ​មួយ​មាន​តម្លៃ ១០ ដឺហាម (១ ដុល្លារ​) ជា​តម្លៃ​សមរម្យ​សូម្បី​តែ​គ្រួសារ​ចំណូល​ទាប​ក៏​អាច​មាន​លទ្ធភាព​មក​លេង​បាន​​។

ក្នុង​ទស្សនីយភាព​ជក់​ចិត្ដ​កម្រៗ​នៅ​​ប្រទេស ​ម៉ារ៉ុក​ ទាំង​បុរស និង​នារី​ក្មេងៗ​​ហែល​ទឹក និង​លេង​កម្សាន្ដ​ក្នុង​ទឹក ខណៈ​គ្រឿង​បំពង​សំឡេង​បន្លឺ​​បទ​ចម្រៀង​ប៉ុប​ល្បីៗ​បែប​​យុវវ័យ​។

បញ្ហា​ចោទ​ត្រង់​សន្ដិសុខ​ល្អ​ដែល​ទាក់ទាញ​ចិត្ដ​នារីៗ​ ដោយ​ឆ្មាំ​សន្ដិសុខ​ប្រមាណ ៦០ នាក់​ និង​ប៉ូលិស​ល្បាត​ក្នុង​ឯកសណ្ឋាន​ស៊ីវិល​ធានា​រក្សា​សុជីវធម៌​ល្អ​។ ប៉ុន្ដែ​ទោះ​មាន​ការ​លួច​ដៀង​កន្ទុយ​ភ្នែក​តិចៗ នារី​ៗ​ក៏​មិន​មាន​អារម្មណ៍​ស្រណុក​ចិត្ដ​ឡើយ​។

ជាក់​ស្ដែង​អ្នកស្រី​ សាណេ សុខ​ចិត្ត​​ស្លៀក​ខោ​ខ្លី​ និង​អាវ​រុំ​ជិត​ល្វែង​លើ​ ​ដើម្បី​ចៀសវាង​​ការ​បៀតបៀន​។

អ្នកស្រី​និយាយ​ថា៖ «ឈុត​ហែល​ គឺ​សម្រាប់​តែ​​​​វិស្សមកាល​​ក្រៅ​ប្រទេស ទេ​ទើប​ស្លៀក​បាន»៕ AFP/HR