ក្រុង​កាប៊ុល: មិន​គួរ​ឲ្យ​ជឿ​ថា អាហ្វហ្គានីស្ថាន ជា​ប្រទេស​ដែល​ហែក​ហួរ​ដោយ​សង្គ្រាម​ និង​​ សម្បូរ​ក្រុម​សាសនា​ជ្រុល​និយម ធ្លាប់​ជា​ទីឋាន​ស្ងប់​សុខ​របស់​ពុទ្ធ​សាសនិក​។

ដំណើរ​ធម្មយាត្រា​ពី​គ្រប់​ទិស​ទី​នៃ​តំបន់​អាស៊ី​កណ្ដាល និង​ខាង​ត្បូង មក​កាន់​តំបន់​ភ្នំ​ដ៏​ដាច់​ស្រយាល​នេះ បាន​កសាង​អារាម​ និង​ចម្លាក់​ពុទ្ធ​បដិមា​ដ៏​ធំ​សម្បើម​ជា​ច្រើន​ ​​ល្អាង​ជីក​ក្នុង​ភ្នំ​ថ្ម​កំបោរ និង​ទីឋាន​សមាធិ​ច្រើន​សន្ធឹក​ទៀត​។

ពុទ្ធ​សាសនា​ ​ត្រូវបាន​នាំ​មក​កាន់​ប្រទេស​ អាហ្វហ្គានីស្ថាន ​ក្នុង​សតវត្សរ៍​ទី​ ១ ដោយ​ចក្រ​ភព​គូសាន​។

មន្ដ្រីរបស់​ព្រះ​អង្គ​​ និង​​បុព្វ​ជិក​ពុទ្ធ​សាសនា​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិថី​សូត្រ​ ហើយ​ការ​សាប​ព្រួស​ពុទ្ធ​សាសនា​នៅ​ទូទាំង​តំបន់​ការ៉ាកូរ៉ាម​ រហូត​ដល់​ឥណ្ឌា ចិន និង​ប្រទេស​ខ្លះ​ទៀត​នៅ​​អាស៊ី​។

ពេល​សាសនា​អ៊ិស្លាម​ជ្រៀប​ចូល​ដល់​តំបន់​អាស៊ី​កណ្ដាល​ ហើយ​តំបន់​គូស ព្រហ្មញ្ញ​សាសនា​បុរាណ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​នេះ ក៏ត្រូវ​ប្រមុខ​ដឹក​នាំ​សាសនា​ថ្មី​បាន​បញ្ជា​ឲ្យ​កម្ទេច​តំបន់​ប្រវត្ដិ​សាស្ដ្រ​ពុទ្ធ​សាសនា​ទាំង​អស់​។ សង្គ្រាម​រ៉ាំ​រ៉ៃ​រាប់​ទសវត្សរ៍​បាន​បំផ្លិច​បំផ្លាញ​តំបន់​បុរាណ​វត្ថុ​វិទ្យា​សំខាន់​ជា​ច្រើន​ ហើយ​ការ​ប្រមែ​ប្រមូល​ទុក​ដាក់​ក្នុង​សារមន្ទីរ​ក៏​ត្រូវ​កម្ទេច​ចោល​ផង​ដែរ​។

សកម្មភាព​បំផ្លិច​បំផ្លាញ​ចុង​ក្រោយ​ទើប​បាន​កើត​ឡើង​មិន​យូរ​ប៉ុន្មាន​ ពេល​ព្រះ​ពុទ្ធ​បដិមា​ដ៏​ធំ​សម្បើម​ចំនួន​ពីរ​នៅ​ក្បែរ​​ក្រុង​បាមីយ៉ាន ត្រូវបាន​កម្ទេច​ដោយ​ក្រុម​តាលីបង់​ ក្នុង​ឆ្នាំ​ ​២០០១​។

ក្រុង​បាមីយ៉ាន ជា​គោល​ដៅ​ទេសចរណ៍​សំខាន់​មួយ​របស់​អាហ្វ​ហ្គានីស្ថាន ភាគ​ច្រើន​ដោយសារ​ព្រះ​ពុទ្ធ​បដិមា​យក្ស​ដែល​ត្រូវបាន​កម្ទេច​នោះ​។ វា​ក៏​ជា​ទីឋាន​ដ៏​ស្រស់​ត្រកាល​មួយ​ក្នុង​ប្រទេស​ថែម​ទៀត។ វា​ស្ថិត​នៅ​លើ​រយៈ​កម្ពស់​ប្រមាណ ២៥០០ ម៉ែត្រ​ និង​ជា​តំបន់​ត្រជាក់​ជាង​នៅ​ក្រុង​កាប៊ុល​។

ព្រះ​ពុទ្ធ​បដិមា​ទាំង​ពីរ​អង្គ​មាន​កម្ពស់ ៣៦,៥ ម៉ែត្រ និង​ ៥៣ ម៉ែត្រ​ ព្រមទាំង​រចនា​ដោយ​ពណ៌​មាស និង​ដាំ​ត្បូង​ភ្លឺ​ចញ្ចាច​ថែម​ទៀត​។ ប្រវត្ដិ​វិទូ​ជឿ​ថា ចម្លាក់​ព្រះ​ពុទ្ធ​បដិមា​ធំ​ៗ​ទាំង​នោះ ត្រូវបាន​ឆ្លាក់​តាម​ជញ្ជាំង​ភ្នំ​ចន្លោះ​សតវត្សរ៍​ទី​៣ និង​ទី​៦​។

បុរាណ​វត្ថុ​វិទូ ហ្សេម៉ាយ៉ាឡៃ តាហ្ស៊ី បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​ដឹង​ថា​ ទីអារាម​​ណា​ផ្សេង​ទៀត​ដែល​មាន​ចម្លាក់​ព្រះ​ពុទ្ធ​បដិមា​ដ៏​ល្អ​អស្ចារ្យ​ទៀត​ទេ​។ ទំនាក់​ទំនង​ដ៏​ស្អិត​រមួត​រវាង​ពុទ្ធ​បរិស័ទ​ និង​ទីអារាម​ ​ជាមួយ​​អ្នក​កេង​ប្រយោជន៍​ពី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​​ដោយ​ប្រើ​ធន​ធាន​ធម្មជាតិ​អត់​មាន​ពី​មុន​មក​ទេ»៕ HR