ភ្នំពេញ៖ ក្រុមនិស្សិតខ្មែរមកពី ៧ សាកលវិទ្យាល័យ ដែលមានចំនួន ១២ រូប ជាជយលាភីទាំង ៦ ក្រុម ដែលបានឆ្លងកាត់ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងប្រទេស កម្ពុជា កាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៩ កន្លងមកនៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានចេញទៅចូលរួមនៅក្នុងកម្មវិធីបណ្តាញផ្លាស់ប្តូរ និសិ្សត និងយុវជនរវាងប្រទេស ជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើតឆ្នាំ ២០១៩ ឬកម្មវិធី JENESYS 2019 ហើយ។
នេះបើតាមសេចក្តីប្រកាសនៃសន្និសីទព័ត៌មានពីចុងសប្តាហ៍កន្លងមកបានឲ្យដឹងថា៖ «តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន និស្សិតកម្ពុជាចំនួន ១២ រូប មកពី ៧ សាកលវិទ្យាល័យរួមជាមួយនឹងនិស្សិតបណ្តាប្រទេសនៅអាស៊ាន និងប្រទេសទីម័រខាងកើត នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេស ជប៉ុន ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្សនិស្សិត និងយុវជនរវាងប្រទេស ជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត ដែលហៅកាត់ថា JENESYS 2019។
និស្សិតប្រតិភូនឹងត្រូវបែងចែកជា ៥ ក្រុម តាមប្រធានបទផ្សេងៗដូចជា ១. វិស័យទេសចរណ៍ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ២. ពលករអន្តោប្រវេសន៍ ៣.ការអប់រំប្រកបដោយគុណភាព ៤. ការខ្ជះខ្ជាយអាហារ ៥. ការយល់ដឹងអំពីកាត់បន្ថយគ្រោះមហន្តរាយ»។ ក្រុមជយលាភីពីការប្រកួតកម្មវិធី JENESYS 2019 ក្រុមទាំង ៦ ដែលរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន កន្លងមកគឺក្រុមជយលាភីលេខ ១ គឺបានទៅក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពញ និងសាកលវិទ្យាល័យលីមកុកវីង មានសមាជិក ៤ រូប ដែលបានធ្វើបទបង្ហាញប្រធានបទ «ស្រុកខ្ញុំចម្លាក់ខ្ញុំ» ផ្តោតលើការប្រកបរបរជាងប្រាក់ស្ពាន់ ឬជាងចម្លាក់ខ្មែរពីបុរាណកាល កំពុងតែជិតអស់អ្នកបន្តវេន។ ចំណែកក្រុមជយលាភីលេខ ២ បានលើក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពញមានសមាជិក ៤ រូប បានធ្វើបទបង្ហាញប្រធានបទ «កេរដំណែលវប្បធម៌នៃខេត្តពោធិ៍សាត់» បានលើកយកពីរបាំឈ្មោះថារបាំបេះក្រវាញជាកេរដំណែលតពីដូនតារបស់អ្នកនៅខេត្តពោធិ៍សាត់ ខណៈឥឡូវលែងសូវមានអ្នកបានស្គាល់ហើយ ជាពិសេសគឺកូនខ្មែរនៅជំនាន់ក្រោយ។
ជយលាភីលេខ ៣ បានលើក្រុមនិស្សិតរួមគ្នាមាន ៣ សាលា គឺសាកលវិទ្យាល័យភូមិន្ទភ្នំពញ មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យកម្ពុជា ដែលមានសមាជិក ៤ រូប បានធ្វើបទបង្ហាញពីរឿងសត្វ «រពីង»។ រីឯជយលាភីលេខ ៤ វិញបានទៅលើក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពញមានសមាជិក ៤ រូប ដែលបានធ្វើបទបង្ហាញប្រធានបទ «ព្រះវិហារស្រុកកំណើតខ្ញុំ/ដែនដីនៃមាសបៃតង» ខណៈក្រុមជយលាភីលេខ ៥ បានទៅលើក្រុមនិស្សិត ដែលមានសមាជិកចំនួន ៤ រូប បានធ្វើបទបង្ហាញប្រធានបទ «របាំបណ្តាំបាត់ដំបង» និងក្រុមជយលាភីលេខ ៦ បានទៅលើក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានសមាជិក ៤ រូប ដែលបានធ្វើបទបង្ហាញក្រោមប្រធានបទ «ខេត្តរតនគិរីកន្លែង ដែលយើងហៅថាផ្ទះ»៕