ភ្នំពេញ៖ ជា​និស្សិត​ចិន​ចាប់​អារម្មណ៍​រៀន​អក្សរ​សាស្ត្រ​ខ្មែរ ស្រឡាញ់​ប្រពៃណី​វប្បធម៌​ខ្មែរ ចូលចិត្ត​ម្ហូប​ខ្មែរ និង​ចង់​ចេះ​ភាសា​ខ្មែរ Wen Sheng-yuan ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា សុភក្ត្រ បាន​មក​រៀន​នៅ​ប្រទេស​កម្ពុជា ​កាល​ពី​ឆ្នាំ ២០១៩ ខែមីនា ក្នុង​នាម​ជា​និស្សិត​ទូទៅ​នៃ​កម្មវិធី​ផ្លាស់ប្ដូរ​បទពិសោធ​សិក្សា​ពី​គ្រឹះស្ថាន​អប់រំ​នៅ​ប្រទេស​ចិន។

និស្សិត​រូប​សង្ហា សុភក្ត្រ មិន​នឹក​ស្មាន​ថា ខ្លួន​អាច​មក​ដល់​ចំណុច ដែល​មាន​បងប្អូន​ខ្មែរ​ស្គាល់​រហូត​ដល់​មាន​អ្នកគាំទ្រ​ជា​ច្រើន​ដូច្នេះ​ឡើយ។

ជាមួយ​រូបសម្បត្តិ​អំណោយផល​ពី​ធម្មជាតិ នៅ​ពេល​ទំនេរ​ក្រៅ​ម៉ោង​សិក្សា សុភក្ត្រ ក៏​ដូចជា​បងស្រី​របស់​លោក​ដែរ គឺ​សុទ្ធតែ​មាន​ការងារ​ថត​ម៉ូដែល​បន្ថែម។

មុនពេល​មក​ដល់​ទឹកដី​កម្ពុជា សុភក្ត្រ ជា​និស្សិត​ម្នាក់​ដែល​រៀន​នៅ​សាកលវិទ្យាល័យ​ភាសាបរទេស​ហ្គ័ងស៊ី (Guangxi University of Foreign Language) ជាទី​ដែល​លោក​ទទួល​បាន​ឈ្មោះ សុភក្ត្រ ពី​គ្រូបង្រៀន​ភាសា​ខ្មែរ​នៅ​ទីនោះ។

ជា​កូន​ទី២ ក្នុង​ចំណោម​បងប្អូន ៣ នាក់ សុភក្ត្រ បាន​រំឭក​ប្រាប់​ពី​បំណង​ដែល​នាំ​ឱ្យ​លោក​ជ្រើសរើស​ការ​រៀន​ភាសា​ខ្មែរ​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំ​ចូលចិត្ត​រៀន​ភាសាបរទេស។ នៅ​ពេល​សម្រេច​ចិត្ត​ជ្រើសរើស​ភាសា​រៀន ខ្ញុំ​ឃើញ​ភាសា​ផ្សេង​ទៀត​មាន​អ្នក​រៀន​ច្រើន ហើយ​ភាសា​ខ្មែរ​មិន​សូវ​មាន​អ្នក​រៀន​ទេ»។

សុភក្ត្រ ជាមួយ​បងស្រី ​និង​ប្អូន​ប្រុស​បង្កើត ដែល​សុទ្ធ​សឹង​តែ​មាន​រូប​សម្បត្តិស​្រស់​ស្អាត​​។ រូបថត សហ​ការី

លោក​បាន​ឱ្យ​ដឹង​ថា ការ​ជ្រើសរើស​រៀន​ខ្មែរ គឺ​ជា​​អ្វី​ដែល​លោក​មាន​មោទនភាព​បំផុត ព្រោះ​ក្នុង​ចំណោម​និស្សិត ៨ លាន​នាក់ សុភក្ត្រ ស្ថិត​ក្នុង​ចំណោម ២០០ នាក់ ដែល​បាន​ជ្រើសរើស​យក​ការ​រៀន​ភាសា​ខ្មែរ។

តារា​ម៉ូដែល​ក្រៅ​ម៉ោង​សិក្សា​រូប​នេះ​បាន​បន្តថា៖ «ខ្ញុំ​គិត​ថា បើ​ខ្ញុំ​ចេះ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ខ្មែរ ខ្ញុំ​នឹង​មាន​ឱកាស​ការងារ​ច្រើន។ កាល​នោះ​គិត​បាន​ត្រឹមតែ​ថា ចង់​រៀន​ឱ្យ​ចេះ មិន​គិត​ថា​បាន​មក​ប្រឡូក​ក្នុង​សិល្បៈ​អី​នៅ​ប្រទេស​កម្ពុជា ​ទេ»។

មក​កម្ពុជា​ដំបូង យុវជន​វ័យ ២២ ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ពី​ការ​ភ្ញាក់ផ្អើល​នឹង​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​ថា៖ «ថ្វី​ដ្បិត​ថា​បាន​រៀន​ភាសា​ខ្មែរ​នៅ​ចិន​ក្នុង​ឆ្នាំ​ទី១ និង​ទី២ ដែរ ប៉ុន្តែ​ឆ្នាំ​ទី៣ ដែល​មក​រៀន​នៅ​ស្រុក​ខ្មែរ​តែ​ម្ដង ខ្ញុំ​បែរ​ជា​ឃើញ​ថា ការ​និយាយ និង​ការ​សរសេរ​ភាសា​ខ្មែរ​ខុសគ្នា​ច្រើន​ណាស់»។

សុភក្ត្រ បាន​បន្ត​ទាំង​អស់​សំណើច​ថា៖ «មាន​ពេល​មួយ​នោះ ខ្ញុំ​ទៅ​ទិញ​ម្ហូប គេ​ប្រាប់​ថា អស់ មួយ​ពាន់​ប្រាំ ខ្ញុំ​ឆ្ងល់​មែនទែន ខ្ញុំ​អត់​ដឹង​ថា ប៉ុន្មាន? ពេល​ខ្ញុំ​ទៅ​សួរ​មិត្តភក្តិ​ខ្មែរ​ខ្ញុំ ទើប​ខ្ញុំ​ដឹង​ថា មួយ​ពាន់​ប្រាំ​រយ»។

រំឭក​មក​ដល់​ចំណុច​នេះ សុភក្ត្រ រៀបរាប់​ពី​វេលា​មួយ​នៅ​ក្នុង​ខែ​មេសា ឆ្នាំ​មុន​មាន​អ្នក​គាំទ្រ​ម្នាក់​បាន​យក​រូប​លោក​ក្នុង​ឈុត​ប្រពៃណី​ខ្មែរ​ពី​បណ្ដាញ Weibo ទៅ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក រហូត​ដល់​មាន​ការ​ចែក​រំលែក និង​បង្ហោះ​តៗ​គ្នា​ធ្លាយ​ដល់​បណ្ដាញ​វីដេអូ​ខ្លី TikTok។

ដោយ​លោក​ជា​មនុស្ស​ដែល​ចូលចិត្ត​ចង់​ដឹង​ចង់​ចេះ ពេល​នេះ សុភក្ត្រ អាច​យល់ និង​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ ដោយ​លោក​បាន​បញ្ជាក់​ថា នេះ​ក៏​ព្រោះ​តែ​គាត់​តែងតែ​សួរនាំ និង​ព្យាយាម​ស្តាប់​គេ​និយាយ​ច្រើន។

សុភក្ត្រ ផ្ទាល់​មិន​ច្បាស់​ថា ហេតុ​អ្វី​បាន​ជា​មាន​បងប្អូន​ខ្មែរ​ចូលចិត្ត​លោក​ច្រើន​ទេ តែ​លោក​គិត​ថា ដោយសារ​មិន​មាន​ជនជាតិ​ចិន​ច្រើន​ចេះ​និយាយ​ភាសា​ខ្មែរ។ ម្យ៉ាង សុភក្ត្រ ស្រឡាញ់​វប្បធម៌​ខ្មែរ ជាពិសេស​គឺ​របាំ និង​ភាព​រាក់ទាក់​របស់​ប្រជាជន​ខ្មែរ ដែល​នាំ​ឱ្យ​​លោក​មាន​ថ្ងៃ​នេះ។

រយៈពេល ១ ឆ្នាំ​ពេញ សុភក្ត្រ បាន​បង្កើត​អនុស្សាវរីយ៍​ជាមួយ​មិត្តភក្តិ និង​អ្នក​គាំទ្រ​ជា​ច្រើន។ លោក​ត្រូវ​បាន​គេ​អញ្ជើញ​ចូលរួម​កម្មវិធី​នានា​ជាមួយ​តារា​ល្បី​នៅ​កម្ពុជា​ចេញ​តាម​កញ្ចក់​ទូរទស្សន៍ ថត​ពាណិជ្ជកម្ម​ផ្សាយ​ផលិតផល​នានា តាំង​ពី​ស្មាតហ្វូន រហូត​ដល់​សាប៊ូ​កក់សក់។

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​រយៈពេល ១ ឆ្នាំ សុភក្ត្រ​បាន​ត្រឡប់​ទៅ​ស្រុក​ចិន​វិញ​កាល​ពី​ខែតុលា ឆ្នាំ​មុន ដើម្បី​បន្ត​ការ​សិក្សា​ឆ្នាំ​ទី៤។

តារា​​ល្បីៗ​ក្នុង​ពិធីខួប​កំណើត​របស់ សុភក្ត្រ។​ រូបថត សហ​ការី

សុភក្ត្រ បាន​ឱ្យ​ដឹង​ថា៖ «ពេល​នេះ​ខ្ញុំ​រវល់​ច្រើន​ក្នុង​ការ​សរសេរ​សារណា​ឱ្យ​សាលា តែ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ខ្ញុំ​ចង់​មក​បន្ត​អនុបណ្ឌិត​នៅ​ស្រុក​ខ្មែរ ព្រោះ​ក្ដី​សុបិន​របស់​ខ្ញុំ ខ្ញុំ​ចង់​ធ្វើ​ជា​គ្រូ​អក្សរសាស្ត្រ​ខ្មែរ​នៅ​ស្រុក​ចិន ហើយ​បើ​មាន​ឱកាស​បងប្អូន​ខ្មែរ​នៅ​តែ​គាំទ្រ ខ្ញុំ​ក៏​ចង់​ធ្វើ​ជា​សិល្បករ​ដែរ»។

ទៅដល់​មាតុភូមិ​កំណើត​វិញ រឿង​ដែល សុភក្ត្រ រីករាយ​បំផុត​នោះ ​គឺ​សាលារៀន​របស់​លោក​មាន​មោទនភាព និង​ថែម​ទាំង​ចាត់​ទុក​រូប​លោក​ជា​គំរូ​ដល់​សិស្ស​ប្អូន​ក្រោយ។

រឿង​ដែល​ចងចាំ​បំផុត​ពី​កម្ពុជា​នោះ ​គឺ​អ្នក​គាំទ្រ ហើយ សុភក្ត្រ ក៏​សូម​ផ្ដាំផ្ញើ​ផង​ដែរ​ថា៖ «ចង់​ប្រាប់​ហ្វេនៗ​ខ្ញុំ​ថា ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​នៅ​ពេល​ឆាប់ៗ​នេះ កុំ​ភ្លេច​រង់ចាំ​ខ្ញុំ​ផង។ ខ្ញុំ​នឹង​ខិតខំ​ថត​វីដេអូ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។ ខ្ញុំ​ក៏​សង្ឃឹម​ថា គ្រប់គ្នា​នឹង​នៅ​តែ​បន្ត​គាំទ្រ​ខ្ញុំ ហើយ​កុំ​ភ្លេច​ពាក់​ម៉ាស់ មើលថែ​សុខភាព និង​ជ្រើសរើស​ការ​រស់នៅ​ក្នុង​ភាព​រីករាយ​ជា​រៀង​រាល់​ថ្ងៃ»៕