ភ្នំពេញៈ ទោះបី​ជា​សព្វថ្ងៃ ខ្លួន​ជា​និស្សិត​កំពុង​តែ​ចាប់យក​ការសិក្សា​ជំនាញ​គិលានុបដ្ឋាក​មែន​ក្តី តែ​ទេពកោសល្យ​ជា​ដុង​ពី​កំណើត​បូកផ្សំ​នឹង​ការធ្លាប់​ចូលរៀន​សិល្បៈ​វិចិត្រកម្ម​តិចតួច​កាល​នៅ​រៀន​វិទ្យាល័យ​នោះ បន្ត​ជំរុញ​អ្វី​ជា​ចំណូលចិត្ត​របស់​លោក ហួរ សុបិន ចាប់​ជក់​គំនូរ​មក​គូរវាស​ស្នាដៃ​សិល្បៈ​ខ្លួន​ដាក់​ចូលរួម​ប្រកួត​រហូត​ឈ្នះ​ការប្រកួតប្រជែង​ទេពកោសល្យ​គំនូរ​ប្រចាំ​ឆ្នាំ​ ២០១៨​។

លោក ហួរ សុបិន ជា​និស្សិត​រៀន​ជំនាញ​គិលានុបដ្ឋាក​ឆ្នាំ​ទី​ ២ នៃ​សាកលវិទ្យាវិទ្យាសាស្ត្រ​សុខាភិបាល​មាន​វ័យ ២១ ​ឆ្នាំ​មាន​ស្រុកកំណើត​ពី​ក្រុង​សៀមរាប​បង្ហើប​ប្រាប់​ពី​ហេតុផល​ដែល​ខ្លួន​រៀន​ពេទ្យ តែ​បែរ​ជា​មាន​ចំណូលចិត្ត​ផ្នែក​វិចិត្រកម្ម​ទៅវិញ​នោះ​ថា​៖ «​អាច​និយាយ​ជា​ដុង​សិល្បៈ ដែល​មាន​តាំងពី​កាល​ខ្ញុំ​រៀន​នៅ​ថ្នាក់​ទី​ ១១ វិទ្យាល័យ​ក្នុង​ខេត្ត​សៀមរាប​ដោយសារ​ខ្ញុំ​ធ្លាប់​បាន​ចូលរៀន​វគ្គ​សិល្បៈ​គូររូប​ខ្លីៗ​ពី​សាលា​សិល្បៈ​ឈ្មោះថា Colors of Cambodia ដែល​បច្ចុប្បន្ន​នេះ​បាន​ក្លាយ​ទៅ​ជា​អង្គការ​មួយ​ស្របច្បាប់​នៅ​កម្ពុជា​ដោយ​មាន​គោលដៅ​សំខាន់​គឺ​ជួយ​បង្រៀន​កុមារ​ឲ្យ​ចេះ​ជំនាញ​ផ្នែក​គំនូរ​តាម​ចំណូលចិត្ត ហើយ​សាលា​នេះ​ក៏​ទទួល​យក​នូវ​ស្នាដៃ​របស់​កុមារ​គូរ​មក​លក់​បាន​ប្រាក់​ជួយ​ឲ្យ​កុមារ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការសិក្សា​របស់​ពួកគេ​។ កាលពី​ខ្ញុំ​រៀន​នោះ បាន​តិចតួច​ណាស់ គឺ​គ្រាន់តែ​ចេះ​គូរគំនូរ​ប្រើ​ខ្មៅ​ដៃ ប្រើ​ខ្មៅ​ដៃ​ពណ៌ និង​គំនូរទឹក​ពណ៌​តែ​ប៉ុណ្ណោះ​។

លោក ហួរ សុបិន ដែល​មាន​បងប្អូន​បង្កើត ៤ នាក់​គឺ​សុទ្ធតែ​ប្រុស​នៅក្នុង​គ្រួសារ មាន​ជីវភាព​មិន​សូវ​ធូរធារ​ទេ ខណៈ​ខ្លួន​ក៏​មាន​បងប្រុស​ចេះ​ជំនាញ​វិចិត្រកម្ម​នេះ​ដែរ តែ​គាត់​មិន​បាន​ចាប់​យក​ធ្វើ​ជា​អាជីព​ប្រកប​ចិញ្ចឹមជីវិត ហើយ​សម្រាប់​លោក​ជំនាញ​សិល្បៈ​គំនូរ និង​ពេទ្យ​គឺ​ស្រឡាញ់​ដូចគ្នា ទើប​ជា​ហេតុ​មិន​អាច​ឲ្យ​លោក​បោះចោល​ចំណែក​ណាមួយ​បាន​។

គំនូរ​ចម្លាក់​ព្រះនាង​ជ័យរាជទេវី ដែល​ជា​ប្អូនស្រី​របស់​ព្រះនាង​ឥន្ទ្រទេវី និង​ជា​មហេសី​ទី​ ១ ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧​។ រូបថត Hour Soben

វិចិត្រករ​ទើបតែ​ឈ្នះ​ប្រកួតប្រជែង​ទេពកោសល្យ​គំនូរ​លើក​ដំបូង​នៅ​កម្ពុជា​ឆ្នាំ​ ២០១៨ (Kbach Artist Competition 2018) ដែល​កំពុងតែ​រៀន​ជំនាញ​គិលានុបដ្ឋាក​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ឆ្នាំ​ទី​ ២ រូប​នេះ​បាន​ប្រាប់​ពី​គោលដៅ​សម្រាប់​អនាគត​ដែរ​ថា​៖ «​ក្រោយពី​ទទួល​រង្វាន់​ផ្នែក​សិល្បៈ​ឆ្នាំ​ ២០១៨ ​កន្លង​មក​នោះ ខ្ញុំ​ក៏​មាន​ត្រៀម​ស្នាដៃ​គំនូរ​នានា​សម្រាប់​ការបើក​តាំងពិព័រណ៍​នៅ​ចុង​ឆ្នាំ​ ២០១៩ នេះ​ផងដែរ​នៅ​វិចិត្រសាល Kbach Gallery ខណៈ​ស្នាដៃ​ខ្ញុំ​ភាគច្រើន​លើក​យក​ពី​គុណសម្បត្តិ​របស់​ព្រះនាង​ជ័យរាជទេវី ជា​ប្អូនស្រី​របស់​ព្រះនាង​ឥន្ទ្រទេវី និង​ជា​មហេសី​ទី​ ១ របស់​ព្រះបាទជ័យវរ្ម័ន​ទី​ ៧ ដែល​ជា​មហាក្សត្រ​ខ្មែរ​នៅ​សម័យអង្គរ​។ ចំណែក​ការរៀន​ចប់​ជំនាញ​ពេទ្យ​វិញ​នោះ​គឺ​ខ្ញុំ​មាន​បំណង​នឹង​បន្ត​ការសិក្សា​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ណា​មួយ​ដែល​មាន​ភាព​ពាក់ព័ន្ធ​គ្នា​ទាំង​វិស័យ​វិចិត្រកម្ម និង​វិស័យ​សុខាភិបាល​ (​ផ្នែក​គិលានុបដ្ឋាក​) ផង​ដែរ​ដោយសារ​ខ្ញុំ​បានឮ​គ្រូ​ខ្ញុំ​ប្រាប់​ថា ដូចជា​មាន​មុខវិជ្ជា​ខ្លះ​អាច​មាន​ទំនាក់ទំនង​គ្នា​រវាង​សិល្បៈ និង​សុខាភិបាល​នេះ​»៕

គំនូរ​ចម្លាក់​ព្រះនាង​ជ័យរាជទេវី ដែល​ជា​ប្អូនស្រី​របស់​ព្រះនាង​ឥន្ទ្រទេវី និង​ជា​មហេសី​ទី​ ១ ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧​។ រូបថត Hour Soben