ភ្នំពេញ៖ ដោយសារ​មាន​គោលបំណង​ចង់​បង្កើន​ចំនួន​ធនធាន​មនុស្ស ផ្នែក​ផលិត​ភាពយន្ត​ជំនាន់​ថ្មី មជ្ឈមណ្ឌល​បើក​វគ្គប​ណ្តុះ​បណ្តាល​ផ្នែក​ផលិត​ភាពយន្ត និង​ពហុ​ប្រព័ន្ធផ្សព្វផ្សាយ​នៃ​គម្រោង​ដែល​ស្តីពី«ការអភិរក្ស​សត្វ​ដំរី និង​បទពិសោធ​របស់​ជនជាតិដើម​ភាគតិច​នៅ​ប្រទេស​កម្ពុជា ការផ្តោត​ការយកចិត្តទុកដាក់​លើ​បរិស្ថាន​តាមរយៈ​ការបង្កើត​ភាពយន្ត» សម្រាប់​ក្រុមនិស្សិត​ជំនាន់ទី៥ របស់ខ្លួន ដែល​បានទទួល​វិញ្ញាបនបត្រ​បញ្ចប់​វគ្គបណ្ដុះបណ្ដាល កាលពី​ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២១ ចំនួន ១២ រូប (ស្រី ៤ និង​ប្រុស ៨)។

គម្រោង «ការអភិរក្ស​សត្វ​ដំរី និង​បទពិសោធ​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា ជាការផ្តោត​ការយកចិត្តទុកដាក់​លើ​បរិស្ថាន តាមរយៈ​ការបង្កើត​ភាពយន្ត» ទទួលបាន​មូលនិធិ​ពី Arts and Humanities Research Council អនុវត្ត​ដោយ​មជ្ឈមណ្ឌល​បុប្ផា​ណា សហការ​ជាមួយ​សាកល​វិទ្យាល័យ Bath សាកលវិទ្យាល័យ Leeds សាកលវិទ្យាល័យ Queen''s University Belfast និង​អង្គការ​ថែរក្សា​សត្វ​ដំរី ជីវភាព​រស់នៅ កិច្ច​ផ្ដួចផ្ដើម និង​បរិស្ថាន (ELIE)។

បើតាម​លោក ចេង រតនា មន្ត្រី​ផ្នែក​ទំនាក់ទំនង និង​ព្រឹត្តិការណ៍​វប្បធម៌ នៃ​មជ្ឈមណ្ឌល​បុប្ផា​ណា បានឱ្យដឹង​ពី​គោលបំណង និង​ចំនួន​និស្សិត​បញ្ចប់​វគ្គ​នៅ​ជំនា​ន់ទី៣នៅ​បុប្ផា​ណា​ថា៖ «បន្ទាប់ពី​អស់​រយៈពេល ១២ ខែ សិក្ខាកាម​ទាំងអស់ បានបញ្ចប់​ដោយ​ជោគជ័យ​នូវ​វគ្គ​បណ្ដុះបណ្ដាល របស់​ពួកគេ ប្រកបដោយ​ជំនាញ និង​បទពិសោធ​យ៉ាងច្រើន ព្រមទាំង​បានសម្រេច​ចេញ​ជា​ភាពយន្ត​ឯកសារ​ចំនួន ៣ រឿង ក្រោម​ប្រធានបទ​នៃ​គម្រោង ដែល​នឹង​បន្ត​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​ទៅកាន់​សាធារណជន​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ។ សំខាន់​គឺ​ចង់ឱ្យមាន​ធនធាន​ផ្នែក​ផលិត​កុន​នេះ​ច្រើន​ជាម​នុស្ស​ជំនាន់​ថ្មី»។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង​បរិស្ថាន ក្នុង​​កម្ម​វិធី​ប្រគល​​់វិញ​្ញា​បនបត្រ​បញ្ចប់វគ្គ​បណ្ដុះបណ្ដាលរបស់សិក្ខាកាមផ្នែកផលិតភាពយន្ត និង​ពហុប្រព័ន្ធផ្សព្វផ្សាយ។សហការី​

សម្រាប់​ពិធី​ប្រគល់​វិញ្ញាបនបត្រ​នេះ ប្រព្រឹត្តទៅ​ក្រោមអធិបតីភាព​លោក ហាប់ ទូច រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោកស្រី Jemma Bullock ជា​តំណាង​នៃ​អង្គការ​ថែរក្សា​សត្វ​ដំរី ជីវភាព​រស់នៅ កិច្ច​ផ្ដួចផ្ដើម និង​បរិស្ថាន និង​លោក ជា សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បុប្ផា​ណា តំណាង​ស្ថានទូត តំណាង​អង្គការ សារព័ត៌មាន និង​មាន​សមិទ្ធ​ករ​កុន​ជាច្រើនរូប។

គួរ​បញ្ជាក់ដែរថា ភាពយន្ត​ឯកសារ​ស្តីពី​ការអភិរក្ស​សត្វ​ដំរី និង​បទពិសោធ​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា ចំនួន ៣ រឿង​នោះ រួមមាន​រឿង «My Home» រឿង «ដាន​ស្រអាប់» និង​រឿង «មរតក»៕

ក្រុម​​និស្សិត​​​​ផ្នែក​ផលិត​ភាព​យន្ត​ជំនាន់ទី​៣ មជ្ឈមណ្ឌល​​បុប្ផាណា ទទួល​វិញ្ញាបនបត្របញ្ចប់វគ្គបណ្ដុះបណ្ដាល។ សហការី​