ភ្នំពេញ៖ ក្រោយ​ពី​​​សាកល្បង​ប្រើ​ជំនាញ​​តាម​ចំណូល​ចិត្ត​គូរ​វាស​ជា​គំនូរ​​​​ប្លែកៗ​​ចម្រុះ​មុខងារ​តាម​អារម្មណ៍​​របស់​ខ្លួន​ប្រមាណ​ជា​ជិត ​២ ឆ្នាំ និង​ទទួល​​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​ក៏​​ជំរុញ​ចិត្ត​នារី​ម្នាក់​ ដែល​មិន​បាន​រៀន​ជំនាញ​សិល្បៈ​​គំនូរ​សោះ​ ​​ក៏​ក្លាយ​ជា​វិចិត្រករ​ស្រី​ជំនាញ​​​គំនូរ​ពណ៌​ទឹក និង​គំនូរ​​ឌីជីថល និង​សុខចិត្ត​​​​​ចោល​ជំនាញ​រៀន​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។​

កញ្ញា សុគន្ធ កណ្ណិកា វ័យ ​២៩ ឆ្នាំ អតីតជា​និស្សិត​រៀន​ចប់​ជំនាញ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ​(NUM) បាន​សម្រេច​ចិត្ត​មក​ប្រកប​របរ​ជា​វិចិត្រករ​គំនូរ​​ទឹក​ពណ៌ និង​គំនូរ​ឌីជីថល នា​រយៈពេល​ប្រមាណ​ជាង​ ១​​ ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយសារ​​ស្នាដៃ​របស់​ខ្លួន​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ពី​មហាជន ក៏​ដូចជា​មាន​អ្នក​និយម​ស្នាដៃ​គំនូរ​បាន​ជាវ​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ ហើយ​ក៏​អាច​ចាប់​យក​ជា​របរ​ចិញ្ចឹម​ជីវិត​បាន​។​

កញ្ញា សុគន្ធ កណ្ណិកា ដែល​មាន​ទេពកោសល្យ​​ពី​កំណើត​ខាង​សិល្បៈ តែ​មិន​​បាន​ចាប់​យក​តាំង​ពី​ពេល​ដំបូង​មក​ពី​​ព្រោះ​ជា​ជំនាញ​មិន​សូវ​ទទួល​បាន​​ការ​គាំទ្រ​នោះ​បាន​ឲ្យ​ដឹង​ពី​ការ​សុខ​ចិត្ត​​បោះ​បង់​ចោល​ជំនាញ​​​​សេដ្ឋកិច្ច និង​ពាណិជ្ជ​ មក​​ស្រាវជ្រាវ​ រៀន​ស្វែង​យល់​​ពី​សិល្បៈ​គំនូរ​​ជា​ចំណូល​ចិត្ត​ដោយ​​ខ្លួន​ឯង​គ្មាន​គ្រូ និង​គ្មាន​បាន​​​រៀន​​ពី​កម្មវិធី​វីដេអូ​ ​YouTube នោះ​ថា​៖ «បើ​និយាយ​ទៅ​ជំនាញ​គំនូរ​នេះ នាង​​ខ្ញុំ​មិន​បាន​រៀន​នៅ​សាលា​ណា​​នោះ​ទេ​ ហើយ​ក៏​មិន​បាន​រៀន​តាម​កម្មវិធី​របស់​​ YouTube អ្វី​ដែរ ​គឺ​គ្រាន់​តែ​ជា​​ការ​ដក​ស្រង់​យក​បទពិសោធន៍​ដោយ​​ខ្លួន​ឯង​ប្រមាណ​ជាង ​១ ​ឆ្នាំ ​ទៅ​លើ​​ការ​បង្កើត​ស្នាដៃ​គំនូរ​ ដែល​ភាគ​ច្រើន​ទាមទារ​ឲ្យ​នាង​ខ្ញុំ​ប្រើ​អារម្មណ៍​ស្រមើស្រមៃ​គិត​ផ្តោត​​ខ្លាំង​ទៅ​នឹង​​រូបភាព​​​ណា​មួយ ដែល​នាង​ខ្ញុំ​នឹក​ឃើញ​​ចង់​គូរ​ ទោះ​បី​ជា ​វា​ជា​ប្រភេទ​គំនូរ​​ទឹក​ពណ៌​ក្តី និង​គំនូរ​ឌីជីថល​ក្តី​​។ ដូច្នេះ​ហើយ​​ស្នាដៃ​គំនូរ​របស់​នាង​ខ្ញុំ​ភាគ​ច្រើន​​កើត​ចេញ​ពី​ការ​ស្រមៃ​គិត​ ប្រើ​អារម្មណ៍​បង្កើត​ជា​គំនូរ​មក»។

វិចិត្រករស្រី​ កណ្ណិកា និង​ស៊ុម​សម្រាប់​ដាក់​ផ្ទាំងគំនូរ​។ រូបថត ILLUSKA PAGE

យ៉ាង​ណា​ការ​ប្រកប​របរ​ជា​វិចិត្រករ​នា​សម័យ​នេះ គឺ​ទាមទារ​ការ​គាំទ្រ​​ដែល​​អ្នក​និយម​ស្នាដៃ​គំនូរ​ និង​ជា​ប្រភព​​​នៃ​ការ​រក​ប្រាក់​ចំណូល​​ចិញ្ចឹម​​ជីវិត​​​បាន​​នោះ ទើប​វិចិត្រករ​ស្រី​ស្រស់​សោភា ក៏​ទទួល​យក​ការ​កុម្ម៉ង់​ពី​អតិថិជន​​​សម្រាប់​​ស្នាដៃ​គំនូរ​ចូល​ចិត្ត​របស់​ពួក​គេ​ផង​ដែរ​។​​

កញ្ញា កណ្ណិកា បង្ហើប​ថា៖ «បច្ចុប្បន្ន​នេះ នាង​ខ្ញុំ​ទទួល​ការ​កុម្ម៉ង់​ពី​អតិថិជន​ច្រើន ហើយ​ថ្មីៗ​នេះ​ ក៏​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​​​ Art Gallery នៅ​ក្រៅ​ប្រទេស​ ១​ សម្រាប់​​យក​ស្នា​ដៃ​គំនូរ​របស់​​នាង​ខ្ញុំ​ ទៅ​​​ដាក់​តាំង​លក់​ផង​ដែរ។​

ដោយសារ​តែ​យើង​ នៅ​មិន​ទាន់​បាន​​​​ឈាន​​ដល់​កិច្ច​​ព្រមព្រៀង​ ១០០ ភាគរយ​ ​ពី​សំណាក់​ខាង​នាង​ខ្ញុំ​ព្រោះ​​​ថា​ ខ្ញុំ​ត្រូវ​ការ​គិត​ពី​ទំហំ​នៃ​ការងារ​មួយ​នេះ ​ឲ្យ​បាន​ច្បាស់​លាស់​សិន​នោះ សុំ​មិន​​ទាន់​​ជម្រាប​ប្រាប់​អំពី​ដៃគូ​ក្រៅ​ប្រទេស​នោះ​ឡើយ​។ ចាំ​ដល់​ពេល​ការងារ​ចប់​សព្វ​គ្រប់​នោះ នាង​ខ្ញុំ​នឹង​បង្ហាញ​ឈ្មោះ​ដៃគូ​​ Art Gallery​ ក្រៅ​ប្រទេស​នោះ​ជា​មិន​ខាន»។​

ស្នាដៃ​គំនូរ​ជា​ច្រើន​របស់​ កញ្ញា សុគន្ធ កណ្ណិកា​ តែងតែ​ទទួល​​បាន​ការ​​សរសើរ​ពី​​ទេពកោសល្យ​​ពី​មហាជន​ ជាតិ​ និង​អន្តរជាតិ​ តាមរយៈ​រូបភាព​គំនូរ​​ប្លែកៗ​ គំនូរ​បែប​​​ច្នៃ​ប្រឌិត​ជាពិសេស រូប​អប្សរា​សិចស៊ី​ ដក​ស្រង់​ចេញ​ពី​ចម្លាក់​តាម​​ជញ្ជាំង​​ប្រាសាទ​បុរាណ​ខ្មែរ​ ព្រម​ទាំង​រូប​គូរ​ឡើង​វិញ​នូវ​គំនូរ​ចាស់ ដែល​បាត់​បង់​ពណ៌​ដើម​ផ្សេង​ទៀត​។

ចំពោះ​ស្នាដៃ​គំនូរ​របស់​កញ្ញា កណ្ណិកា វិញ​មាន​តម្លៃ​ផ្សេងៗ​គ្នា​ទៅ​តាម​ទំហំ និង​ការ​កុម្ម៉ង់​របស់​អ្នក​ជាវ​ ខណៈ​សម្រាប់​គំនូរ​ទឹក​ពណ៌ ឬ​គំនូរ​ឌីជីថល​ធម្មតា​ក្នុង​ខ្នាត ​A4 មាន​តម្លៃ​ ៤៥ ដុល្លារ​ ដែល​ត្រូវ​ការ​ពេល​គូរ ​១ ព្រឹក ឬ ១ ​ថ្ងៃ​ទើប​ចប់​៕​

វីដេអូ៖