ភ្នំពេញៈ ដោយសារ​ការប្រើប្រាស់​ម៉ាស៊ីន​ព្រីន 3D មាន​ភាព​ចាំបាច់​ក្នុង​ការច្នៃ​បង្កើត​ឧបករណ៍​ថ្មីៗ ពិសេស​ផ្នែក​សំខាន់​សម្រាប់​ធ្វើ​រ៉ូបូត​ជាដើម ទើប​ក្រុម​និស្សិត​ផ្នែក​ដេប៉ាតឺម៉ង់​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​រួម​គ្នា​បង្កើត​ម៉ាស៊ីន​ព្រីន 3D សម្រាប់​ផលិត​វត្ថុ​នានា​ផ្គត់ផ្គង់​ការសិក្សា​ស្រាវជ្រាវ​។

និស្សិត​ព័ត៌មានវិទ្យា​ឆ្នាំ​ទី​ ៣ ​ជា​ប្រធាន​ក្រុម​ដំឡើង​ម៉ាស៊ីន 3D យុវជន បុង រ៉ង បាន​ថ្លែង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​លោកគ្រូ​គាត់​មើល​ឃើញ​ពី​ភាព​លំបាក​នៅក្នុង​សាលា​ពី​ការផលិត​របស់​ផ្សេងៗ​សម្រាប់​យក​មក​ប្រើប្រាស់​ធ្វើ​ឧបករណ៍​ច្នៃប្រឌិត​នានា​ក្នុង​ការសិក្សា​ស្រាវជ្រាវ​របស់​ពួក​ខ្ញុំ ពិបាក​ក្នុង​ការរក​ទិញ​នៅ​លើ​ទីផ្សារ ហើយ​ណា​មួយ​វា​មាន​តម្លៃ​ថ្លៃ ទើប​លោកគ្រូ​គាត់​នឹក​ឃើញ​ដល់​ការ​បង្កើត​ជា​ម៉ាស៊ីន 3D នេះ​ឡើង​មក ដើម្បី​សម្រួល​ដល់​ការចំណាយ​របស់​សាលា និង​ងាយស្រួល​ក្នុង​ការផលិត​របស់​ផ្សេងៗ​ក្នុងការ​សិក្សា​របស់​ពួក​ខ្ញុំ​ផង​»​។

ក្រៅពី​មាន​យុវជន បុង រ៉ង ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ជំនាញ​មេកានិក​ក្នុង​ការផលិត​ម៉ាស៊ីន​ព្រីន 3D នេះ​មាន​ការសហការ​ពី​និស្សិត​សរសេរ​កម្មវិធី និង​ផ្នែក​រចនា​មាន​យុវជន ជា សេងហ៊ួ លាង សៀងហ៊ួរ អ៊ុក ឥន្ទបុត្រ តាំង សៀកលី សំ សុខឡាយ ផុន សុជា និង​យុវតី ហោះ លក្ខិណា ដោយ​ពួកគេ​ស្ថិត​ក្នុង​វ័យ​ប្រមាណ​ពី ១៨ ទៅ ២៣ ​ឆ្នាំ​។

យុវជន​វ័យ ២៣ ​ឆ្នាំ​ជា​ប្រធាន​ក្រុម​បាន​រៀបរាប់​ពី​ការដំឡើង​ម៉ាស៊ីន​ថា​៖ «​ដំបូង​ពួក​ខ្ញុំ​ចាប់ផ្តើម​ឌីហ្សាញ​ចេញ​ជា​រូបរាង​របស់​ម៉ាស៊ីន បន្ទាប់មក​យើង​ចាប់ផ្តើម​សិក្សា​ថា តើ​ក្នុង​ការដំឡើង​ម៉ាស៊ីន​ត្រូវការ​ឧបករណ៍​អ្វី​ខ្លះ​ដើម្បី​អាច​ដំឡើង​ឲ្យ​ម៉ាស៊ីន​ដំណើរការ​បាន និង​ព្យាយាម​យល់ច្បាស់​ពី​តួនាទី​នៃ​ឧបករណ៍​នីមួយៗ ហើយ​ពួកយើង​ចាប់ផ្តើម​សិក្សា​ពី​ការសរសេរ​កម្មវិធី ដើម្បី Upload ចូល​ទៅ​ក្នុង​ឧបករណ៍​ឲ្យ​វា​ដំណើរការ​បាន​»​។

យុវតី ហោះ លក្ខិណា សមាជិក​ក្រុម​ក្នុង​ការធ្វើ​ម៉ាស៊ីន​ព្រីន 3D​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ការចំណាយ​ជាង ១៦០ ​ដុល្លារ​ទៅ​លើ​ការទិញ​គ្រឿង​មក​ដំឡើង​ត្រូវបាន​​រ៉ាប់រង​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​។ ក្រោយពី​ប្រើ​ពេល​ជិត ៣ ខែ​ពេលនេះ​ម៉ាស៊ីន​ព្រីន 3D ដំណើរការ​បាន ១០០ ​ភាគរយ​ហើយ​។

និស្សិត បុង រ៉ង បាន​រៀបរាប់​ពី​ភាពលំបាក​ក្នុង​ការបង្កើត​ម៉ាស៊ីន​បន្ត​ទៀត​ថា​៖ «​ទាក់ទង​ទៅ​នឹង​ការទិញ​ឧបករណ៍​មកពី​ស្រុក​ក្រៅ​តែ​ម្តង យើង​ត្រូវ​ចាំ​រយៈពេល​យូរ​ទម្រាំ​តែ​មក​ដល់​ដៃ​យើង ហើយ​វា​មាន​ភាពស្មុគស្មាញ​ច្រើន​ដែរ ដែល​ពេល​ខ្លះ​ពួកយើង​ក៏​ចង់​បោះបង់ ប៉ុន្តែ​នៅពេល​ដែល​ឃើញ​លទ្ធផល​តិចតួច​ពួកយើង​ក៏​មាន​កម្លាំងចិត្ត​ធ្វើ​បន្ត​ទៀត​»​។

ទោះ​ជា​ប្រើពេល​ព្រីន​យូរ​បន្តិច ម៉ាស៊ីន​ព្រីន 3D អាច​ព្រីន​បាន​របស់​គ្រប់​យ៉ាង​ដូចជា​កូន​ផ្ទះ ប្រាសាទ​អង្គរវត្ត និង​របស់​ផ្សេងៗ​អាស្រ័យ​ទៅ​តាម​ការ​ឌីហ្សាញ​។ វត្ថុ​នីមួយៗ​បាន​​មកពី​ការរំលាយ​ជ័រ ហើយ​ផលិតផល​សម្រេច​មាន​ទំហំ​ត្រឹម ២០ ​សង់​ទីម៉ែត្រ គុណ​នឹង ២០ ​សង់ទីម៉ែត្រ​។

ទិសដៅ​ធំ​របស់​ក្រុមយុវជន​គឺ​ការព្រីន​ចំណែក​ផ្គុំ​របស់​រ៉ូបូត​ដូចជា​ដៃ ជើង ឬ​ក្បាល ដើម្បី​យក​ទៅ​ប្រកួត​នៅ​ឆាក​ជាតិ និង​អន្តរជាតិ​។

ដំណើរការ​ប្រើ​ពេល​ជិត ៣ ​ខែ ដោយ​ក្នុង​នោះ​ជាង ១ ​ខែ​ជា​វេលា​រង់ចាំ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

វត្ថុ​ដែល​បាន​ព្រីន​ចេញ​ពី​ម៉ាស៊ីន​ព្រីន 3D ក៏​អាច​ចូលរួម​ចំណែក​ក្នុង​វិស័យ​កសិកម្ម​ក្នុង​ការច្នៃ​របស់​ដែល​ធ្វើ​ពី​ជ័រ​បាន​ដោយ​ខ្លួនឯង និង​សន្សំ​ថវិកា​ដោយ​មិន​ចាំបាច់​ទិញ​ពី​ផ្សារ​។

មុន​ពេល​ដែល​បង្កើត​ម៉ាស៊ីន​ព្រីន 3D ក្រុម​និស្សិត​ដេប៉ាតឺម៉ង់​ព័ត៌មានវិទ្យា​ធ្លាប់​បាន​បង្កើត​រ៉ូបូត​តូចៗ និង​ការបង្កើត Remote បញ្ជា​ទៅ​លើ​​ប្រព័ន្ធ​ស្វ័យប្រវត្តិ​នៅ​តាម​ផ្ទះ​។

គម្រោង​បន្ទាប់​របស់​ពួកគេ​បង្កើត​​រ៉ូបូត​ឆ្លាត​វៃ ដែល​អាច​ធ្វើការ​ចាប់​អីវ៉ាន់​តាម​ប្រភេទ​នានា​នៅក្នុង​រោងចក្រ​។

និស្សិត បុង រ៉ង ដែល​ជា​កូន​កសិករ​មកពី​ខេត្ត​កំពត​បាន​ឲ្យ​ដឹង​ពី​ក្ដីប្រាថ្នា​នា​ថ្ងៃ​អនាគត​របស់​ខ្លួន​ថា​៖ «​សម្រាប់​ខ្ញុំ​ចង់​ធ្វើការ​ជាមួយ​នឹង​ផ្នែក​រ៉ូបូត​ហ្នឹង​តែម្តង ទាក់ទង​ជាមួយ​ការ​បង្កើត​ជា​ឧបករណ៍​ប្រើប្រាស់​ជា​តម្រូវការ​នៅក្នុង​ស្រុក​មិន​ថា​ជា 3D Printer ឬ​ក៏​ជា​ឧបករណ៍​អ្វី​ផ្សេងៗ​ទៀត​ដែល​​ទាក់ទង​ជាមួយ​ផ្នែក​រ៉ូបូត​គឺ​ខ្ញុំ​នឹង​បន្ត​ការងារ​នេះ​រហូត​ដល់​ថ្ងៃ​អនាគត​»​។

រូប​ដែល​ត្រូវ​បាន​ព្រីន​ចេញ​ពី​ម៉ាស៊ីន​ព្រីន 3D​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ប្រធាន​ក្រុម​ធ្វើ​ម៉ាស៊ីន​ព្រីន 3D រូប​នេះ​បន្ត​ថា​៖ «​ខ្ញុំ​ក៏​ចង់​បង្ហាញ​ទៅ​សាធារណជន​ថា​នៅក្នុង​ស្រុក​របស់​យើង​ក៏​មាន​និស្សិត ឬ​ក៏​មាន​អ្នក​ដែល​គាត់​អាចបង្កើត​នូវ​របស់​ដែល​អាច​ប្រើប្រាស់​ផ្នែក​បច្ចេកវិទ្យា​បាន​ដែរ​»​។

លោក ប៉ុក លក្សមុនី Pok Leakmony ជា​អនុប្រធាន​ដេប៉ាតឺម៉ង់​ព័ត៌មានវិទ្យា បាន​លើក​ពី​កង្វះ​សាស្ត្រាចារ្យ​ជំនាញ និង​កោតសរសើរ​ដល់​និស្សិត​ដែល​ពុះពារ​រៀនសូត្រ​។

លោក​លើក​ឡើង​ថា​ទោះ​ស្នាដៃ​និស្សិត​សព្វថ្ងៃ​នៅ​មិន​ទាន់​ល្អ​អាច​ប្រៀបធៀប​ជាមួយ​គេ​បាន​ល្អ ប៉ុន្តែ​ពួកគេ​ក៏​អាច​ធ្វើ​ជា​រ៉ូបូត​សម្រាប់​ដាក់​ប្រកួត​ដូច​គេ​ដូច​ឯង​បាន​ដែរ​។

លោក​បញ្ជាក់​ទៀត​ថា​៖ «​បច្ចុប្បន្ន​នេះ​យុវវ័យ​យើង​ចាប់​អារម្មណ៍​ខ្លាំង​ខាង​រ៉ូបូត​។ ពួកគាត់​មាន​សមត្ថភាព​ហើយ បើ​ទាក់ទង​ជាមួយ​ការសរសេរ​កូដ​វា​ជា​ជំនាញ​របស់​ពួកគាត់ ប៉ុន្តែ​ខ្វះ​ឧបករណ៍​សម្រាប់​ផលិត​ដែល​មាន​លក់​នៅ​តែ​ប្រទេស​ក្រៅ​ប៉ុណ្ណោះ​»៕

វីដេអូ៖