ភ្នំពេញ៖​ បើ​ទោះ​បីជា​មាន​ទាំង​ការ​គាំទ្រ​​ និង​ការ​រិះគន់​មែន​ក្តី​​ ​ក្រោយ​ពី​បាន​បង្កើត​​ឧបករណ៍​​បំពង​សំឡេង ច្នៃ​ជាមួយ​នឹង​ឆ្នាំង​ដី​​​បង្ក​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​អ្នក​លេង​បណ្តាញ​សង្គម​ របស់​​និស្សិត​ស្រី រៀន​​​​មហាវិទ្យាល័យ​ផ្នែក​វិស្វកម្ម​ នៃ​ដេប៉ាតឺម៉ង់​វិស្វកម្ម​ទូរគមនាគមន៍ និង​​អេឡិចត្រូនិក​ នៅ​​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​មាន​ឆន្ទៈ​ចង់​សម្រេច​ក្តី​សុបិន​ធំ​សម្រាប់​ការ​ច្នៃ​នេះ​ទៀត​ផង​ទៅ​ថ្ងៃ​អនាគត​​។​

និស្សិត​ស្រី​មក​ពី​ខេត្ត​កំពង់ឆ្នាំង​ កញ្ញា ដាំ សុស្រីនាង មាន​ស្រុក​កំណើត​​នៅ​ភូមិ​ថ្មរាប ឃុំ​ពង្រា ស្រុក​រលា​​ប្អៀរ ខេត្ត​​កំពង់ឆ្នាំង មាន​វ័យ​ ១៨ ឆ្នាំ ​ជា​កូន​ស្រី​​ពៅ​​ក្នុង​គ្រួសារ មាន​​បង​ប្រុស​ម្នាក់​ និង​កំព្រា​ឪពុក​តាំង​​ពី​​កំណើត រស់នៅ​ជាមួយ​​ម្តាយ​ក្នុង​​ជីវភាព​ក្រីក្រ​​ ដែល​ម្តាយ​​ប្រកប​របរ​ធ្វើ​នំ​ជើង​​ជ្រូក (នំ​កំប៉ុង)​ ដើម្បី​​ចិញ្ចឹម​កូន​ឲ្យ​បាន​រៀន​​​សូត្រ​ និង​អតីត​​ជា​​​ក្រុម​យុវជន​កាក​បាទ​ក្រហម​​របស់​វិទ្យាល័យ​ហ៊ុនសែន​រលា​ប្អៀរ ​បាន​​​​និទ្ទេស C ពី​ការ​ប្រឡង​​​បាក់ឌុប​ឆ្នាំ ​២០១៨​ និង​ជា​​និស្សិត​ជាប់​អាហារូបករណ៍​​​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​​ភ្នំពេញ​។​

និស្សិត​ស្រី ដាំ សុស្រីនាង កាន់​​ស្នាដៃ​ច្នៃ​ឆ្នាំងដី​ជា​ឧបករណ៍​បំពងសំឡេង​។​ ហ្វេសប៊ុក​

ការ​ច្នៃ​នេះ ធ្វើ​នៅ​ក្នុង​​រយៈពេល​សិក្សា​ឆ្នាំ​ទី ​១ ឆមាស​ទី ​២ ​ខណៈ​ពេល​លោក​​គ្រូ​ផ្នែក​​ដេប៉ាតឺម៉ង់​វិស្វកម្ម​ទូរគមនាគមន៍ និង​​​​អេឡិចត្រូនិក ​បាន​ដាក់​​កិច្ច​ការ​គម្រោង​ច្នៃ​ប្រឌិត​ ដែល​មាន​​លក្ខណៈ​បញ្ជាក់​ពី​អត្តសញ្ញាណ​កំណើត​របស់​ខ្លួន​​នៃ​ទ្រឹស្តី​ «Design Thinking»​​។​​

កញ្ញា ដាំ សុស្រីនាង បន្ត​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​បាន​នឹក​ឃើញ​គំនិត​ច្នៃ​នូវ​ឧបករណ៍​មួយ ដែល​លេច​ចេញ​ជា​រូប​រាង​​​ឡើង​បង្ហាញ​​​​ពី​អត្តសញ្ញាណ​នៃ​តំបន់​​ស្រុក​កំណើត​របស់​ខ្លួន​នោះ ទើប​សម្រេច​​​យក​​ឆ្នាំង​ដី ដែល​ជា​ផលិតផល​​​​សិប្បកម្ម​​បញ្ជាក់​អំពី​អត្តសញ្ញាណ​នៃ​ខេត្ត​ខ្លួន​​តាំង​ពី​​ដូន​​តា​​តរៀង​​មក​​។​​ នាង​ខ្ញុំ​បាន​យក​​​មក​ចោះ​​ច្នៃ​​បំពាក់​​​គ្រឿង​អេឡិចត្រូនិក​​បាស​សំឡេង ​២​ តូចៗ​​ ដែល​មាន​តម្លៃ​ថោក គឺ​​មិន​ដល់ ​២ ​ម៉ឺន​រៀល​ផង​ទេ ខ្ញុំ​មិន​សូវ​​​មាន​ប្រាក់​។ ហើយ​គុណភាព​នៃ​សំឡេង​របស់​​ក៏​អាស្រ័យ​តាម​គ្រឿង​របស់​វា​ដែរ​​»។​

កញ្ញា ដាំ សុស្រីនាង និស្សិត​ស្រី​ច្នៃ​ឧបករណ៍​បំពង​សំឡេង​​​ឆ្នាំង​ដី​ រូប​នេះ បន្ត​​ឲ្យ​ដឹង​ថា៖ «​ដោយសារ​​នាង​ខ្ញុំ​ ជា​អ្នក​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង ហើយ​គ្រឿង​ក្អម ឆ្នាំង​ដី គឺ​ជា​អត្តសញ្ញាណ​​មួយ​បញ្ជាក់​​​ថា​ជា​គ្រឿង​​សម្គាល់​របស់​អ្នក​ខេត្ត​កំពង់ឆ្នាំង​នោះ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​យក​ឆ្នាំង​ដី​មក​ច្នៃ​ ​បើ​ទោះបី​ជា​ដឹង​ថា នឹង​មិន​​​​ធន់​​សម្ពាធ​​​សំឡេង​​ពី​គ្រឿង​អំភ្លី​មែន​ក្តី តែ​នាង​ខ្ញុំ​នៅ​​តែ​ខិតខំ​​ច្នៃ​វា​ឲ្យ​កើត​បាន​ជា​លទ្ធផល​​ដូច​ដែល​​បាន​ឃើញ​នា​ពេល​បង្ហាញ​នៅ​​ក្នុង​កម្មវិធី​បង្ហាញ​ស្នាដៃ​និស្សិត​នៃ​ដេប៉ាតឺម៉ង់​​​​វិស្វកម្ម​ទូរគមនាគមន៍ ​និង​​​អេឡិចត្រូនិក កាល​ពី​ប៉ុន្មាន​សប្តាហ៍​​មុន​នៅ​ឯ​សាកល​វិទ្យាល័យ​​ភ្នំពេញ​ នៅ​អគារ STEM ដោយ​មាន​​លោក​គ្រូ​ជនជាតិ​កូរ៉េ​ជំនាញ​វិស្វកម្ម​ចូលរួម​ផង​ដែរ​»។​​

យ៉ាង​ណា​ក្រោយ​ពី​ឆ្លង​កាត់​នូវ​បទពិសោធ​បង្កើត​ឧបករណ៍​សំឡេង​ច្នៃ​ជាមួយ​នឹង​ឆ្នាំង​ដី​​រួច​មក​នោះ មិន​បាន​​ធ្វើ​ឲ្យ​កញ្ញា ស្រីនាង បោះបង់​ក្តី​សុបិន​របស់​ខ្លួន​​លើ​ការ​ច្នៃ​នេះ​ឡើយ គឺ​ថែម​ទាំង​​ជំរុញ​ឲ្យ​​និស្សិត​ស្រី​ ទើប​តែ​បន្ត​ការ​​សិក្សា​​​ឆ្នាំ​ទី ​២​​​ ឆ្នាំ​ថ្មី (២០១៩-២០២០)​ ខណៈ​ស្នាដៃ​របស់​ក្រុម​និស្សិត​ទាំង​អស់​ត្រូវ​បាន​ដេប៉ាតឺម៉ង់​​​​វិស្វកម្ម​ទូរ​គមនាគមន៍ និង​​អេឡិចត្រូនិក រក្សា​ទុក​។ ​

ក្រុម​និស្សិត​​មហាវិទ្យាល័យ​វិស្វកម្ម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញពេល​បង្ហាញ​ស្នាដៃ​កែច្នៃ​របស់​ខ្លួន​។ ហ្វេសប៊ុក​

ស្រីនាង ​បន្ថែម​ថា៖ «ក្រោយ​​​​ពី​មាន​ការ​សរសើរ​ផង និង​រិះគន់​ផង​លើ​ការ​​ច្នៃ​របស់​ខ្ញុំ និង​​​​បាន​​យោបល់​ល្អៗ​បន្ថែម​​​ពី​លោក​​​គ្រូ​ និង​មិត្តភក្តិ​ជា​ច្រើន​មក​ ក៏​ជំរុញ​ឲ្យ​ខ្ញុំ​រឹត​តែ​​ចង់​សម្រេច​ក្តី​ស្រមៃ​​របស់​ខ្ញុំ​នេះ ចង់​ធ្វើ​ឲ្យ​វា​បាន​​​​តែ​​​ម្តង​ទៅ​ថ្ងៃ​អនាគត​។​ ខ្ញុំ​ទទួល​បាន​យោបល់​ពី​លោកគ្រូ​ជំនាញ​គីមី​ម្នាក់​​ បាន​ផ្តល់​ជា​គំនិត​ថា ប្រសិន​ចង់​ឲ្យ​​ឆ្នាំង​ដី​អាច​ធានា​នឹង​ការ​បុក​សំឡេង​ ដែល​យើង​ត​គ្រឿង​បំពង​សំឡេង​នោះ​ គឺ​យើង​សិក្សា​​ និង​ដក​ពិសោធន៍​លើ​ឆ្នាំង​ដី​​នេះ​បាន ​គឺ​យើង​ផលិត​វា​ដូចជា​ប្រភេទ​ព័រសឺឡែន​ ដែល​វា​ធន់​​នឹង​ការ​បែក​បាក់​បាន។ ដូច្នេះ នាង​ខ្ញុំ តាំង​ចិត្ត​ថា នឹង​បន្ត​គំនិត​នោះ​​ទុក​​រហូត​ដល់​ពេល​​នាង​ខ្ញុំ​​អាច​​រក​ឃើញ​ពី​វិធី​ពង្រឹង​​គុណភាព​ឆ្នាំង​ដី​នេះ​ និង​បន្ត​ធ្វើ​វា​ឲ្យ​បាន​នា​​ពេល​អនាគត»៕​​​