ភ្នំពេញៈ ថ្មីៗ​នេះ​បង្ក​ការភ្ញាក់ផ្អើល ខណៈ​តារាកំប្លែង​ស្រី​ប្រចាំ​ទូរទស្សន៍ CTN & CNC ដែល​ជា​កូនស្រី​សំណព្វចិត្ត​លោក សុវណ្ណ ឬទ្ធី ហៅ​តាវ៉ិចទ័រ កញ្ញា នីឡា បាន​នាំ​អនាគត​ឪពុក​ម្តាយក្មេក​ឲ្យ​មក​ស្គាល់​ផ្ទះ​ខ្លួន ហាក់​ដូចជា​ការប្រាប់​នូវ​តម្រុយ​ថា ជិត​ទទួល​បាន​ដំណឹង​ល្អ​សម្រាប់​សម្ព័ន្ធ​គូស្នេហ៍​វ័យក្មេង​ផង​ដែរ​។

បន្ថែម​ពី​លើ​បណ្តុំ​រូបថត​ដ៏ស្និទ្ធស្នាល​ទាំងឡាយ​នៃ​គ្រួសារ​ទាំង​ ២ មហាជន​ក៏​ចាប់អារម្មណ៍​ខ្លាំង​ណាស់​ដែរ​ទៅលើ​ពាក្យពេចន៍​របស់​តារាកំប្លែង​ស្រី​កញ្ញា នីឡា ដោយ​នាង​បាន​ហាត់​ហៅ​ម្ដាយ​របស់​គូស្នេហ៍​ថ្មី​ខ្លួន​ដែរ​ថា «​ម៉ាក់ក្មេក​» ពេញៗ​មាត់​រួច​ទៅ​ហើយ ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល ឬ​ឲ្យ​ទម្លាប់​មាត់​ទុក​មុន​។

ខណៈ​គូស្នេហ៍​របស់​នាង​គឺ​លោក សូត្រ សក្ការៈ ក៏​បាន​បង្ហោះ​រូបថត​ជុំ​គ្រួសារ​ទាំង​សងខាង​មួយ​សន្លឹក​អម​ដោយសារ​យ៉ាង​ខ្លី​ផងដែរ​ថា «​ឆ្នាំ​ក្រោយ​» ដែល​នេះ​គឺជា​ពាក្យពេចន៍​អាច​ធ្វើឲ្យ​មហាជន​យល់ និង​មាន​ការសន្មត​បាន​ថា កំលោះ​រូបសង្ហា​រូបនេះ​ទំនង​ជា​រំអុក ឬ​ស្នើសុំ​ឲ្យ​ស្រីស្រស់​សោភា​កញ្ញា នីឡា ព្រម​រៀបការ​ជាមួយ​ខ្លួន​នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ​មើល​ទៅ​។

តារាកំប្លែង​ស្រី ក្រមិចក្រមើម​សម្រស់​កាន់តែ​ស្អាត​សាច់​សខ្ចី​ត្រូវ​នឹង​ភាព​កាក់កប​ជាមួយ​របរ​លក់​ផលិតផល​ឡេ​ថែសម្ផស្ស​អនឡាញ កញ្ញា នីឡា ដែល​មិន​ត្រឹម​តែ​បាន​បណ្តើរ​គូស្នេហ៍​បង្អួត​ក្រសែភ្នែក​មហាជន​ស្ទើរតែ​គ្រប់​កម្មវិធី​សិល្បៈ​នោះ​ទេ នាង​ថែម​ទាំង​បង្ហាញ​ពី​អារម្មណ៍​ស្រឡាញ់​ទៅ​លើ​ដៃគូ​ស្នេហ៍​ខ្លួន​ខ្លាំង​ទៀត​ផង​នាពេល​កន្លងមក​។

តែ​ចំពោះ​ការឆ្លើយតប​នឹង​រឿង​ដែល​នាង​បាន​នាំ​គ្រួសារ​បណ្តូលចិត្ត​ថ្មី​មក​ជួបជុំ​គ្នា​ជា​លើកដំបូង ក្រោយពី​សាមីខ្លួន​ទាំង​ ២ ​បាន​យល់​ចិត្ត​ថ្លើម​គ្នា​មក​នោះ កញ្ញា នីឡា ប្រាប់​ថា​៖ «​អូ​!​តាមពិត​ទៅ​នោះ​គ្រាន់​តែ​ជា​ការ​ជួបជុំ​គ្រួសារ​ទាំង​ ២ ជា​លក្ខណៈ​ធម្មតា​ទេ​បង​!​មិន​ទាន់​មាន​រឿង​ដូចជា​បង​សួរ​នោះ​ឡើយ​។ ដោយសារ​តែ​ពួកយើង​ស្គាល់ចិត្ត​ថ្លើម​គ្នា និង​មាន​ទំនាក់ទំនង​ល្អ​ច្រើន​ហើយ​នោះ ចង់​ឲ្យ​មាន​ការជួបជុំ​ចាស់ទុំ​ទាំង​សង​ខាង​ជា​លើក​ដំបូង​តែ​ម្តង​ទៅ​»​។

កញ្ញា នីឡា តារាកំប្លែង​ស្រី​វ័យ ១៩ ឆ្នាំ​ដែល​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គូស្នេហ៍​ថ្មី​អស់​រយៈពេល​ជិត ២ ​ឆ្នាំ​នេះ​ និង​ត្រូវ​បាន​ឪពុកម្តាយ​ទាំង​សងខាង​បាន​ដឹងឮ និង​យល់ស្រប​អស់​ហើយ តែ​ក្នុង​ខណៈ​ពេលនេះ​គ្រួសារ​ទាំង ២ ក៏​នៅ​មិន​ទាន់​បាន​គិត​រឿង​ភ្ជាប់ពាក្យ ឬ​មួយ​ក៏​រៀបការ​នោះ​ឡើយ​។

តារាកំប្លែង​ស្រី​ដែល​មាន​ដុង​តាំងពី​កំណើត​ខាង​សម្តែង​សិល្បៈ​កំប្លែង​បាន​បន្ត​ទៀត​ថា​៖ «​ការជួបជុំ​នេះ​មិនមែន​ជា​ការ​ជុំ​ដើម្បី​គិតគូរ​រឿង​រក​វេលា​រៀបចំ​មង្គលការ​អ្វី​​នោះ​ទេ គឺ​គ្រាន់តែ​ជា​ការនាំ​ចាស់ទុំ​ទាំងសងខាង​ដើម្បី​បាន​មក​ស្គាល់​គ្នា​តែ​ប៉ុណ្ណោះ​។ យើង​ពុំទាន់​គិតគូរ​រឿង​រៀបការ​នោះទេ​។ សម្រាប់​នាង​ខ្ញុំ​គិត​ថា​ចាំមើល​ចិត្តថ្លើម​គ្នា ២-៣ ឆ្នាំ​ទើប​គិត​រឿង​មង្គលការ​នេះ​»៕