ភ្នំពេញៈ ទើប​តែ​បាន​បកស្រាយ​ឲ្យ​មហាជន​យល់​រឿង​នាំ​គូ​អនាគត​ឪពុក​ម្តាយក្មេក​មកលេង​ផ្ទះ គ្រាន់​តែ​ជា​ការជួបជុំ​ធម្មតា​ក្នុង​នាម​ចាស់ទុំ​ទាំង​សងខាង​មុន​នេះ​សោះ ក៏​ស្រាប់​លេច​ឮថា​តារា​កំប្លែង​ស្រី​វ័យក្មេង​មាន​ដុង​ពី​កំណើត​កញ្ញា វ៉ាន់ នីឡា នាំ​គូស្នេហ៍​ថ្មី​ទៅ​រក​ទិញ​ផ្ទះ​វីឡា​ទុក​សាង​ទ្រនំ​ស្នេហ៍ មុន​រៀបការ​បង្ក​ការភ្ញាក់ផ្អើល​សាជាថ្មី​។

តែ​ដំណឹង​នេះ​ក៏​ត្រូវ​បាន​តារាកំប្លែង​ស្រី និង​ជា​ថៅកែ​លក់​ផលិតផល​រក្សា​សម្រស់​តាម​អនឡាញ​កញ្ញា វ៉ាន់ នីឡា បាន​ចេញ​មក​បដិសេធ​ភ្លាមៗ​ក្រោយ​បាន​ឃើញ​ការចុះផ្សាយ​ថា នាង និង​ម្ចាស់​បេះដូង​ថ្មី​គឺ​លោក សូត្រ សក្ការៈ នាំគ្នា​ទៅ​ទិញ​ផ្ទះ​វីឡា​មុន​ពេល​ចូល​រោងការ​នោះ​។

កញ្ញា វ៉ាន់ នីឡា តារាកំប្លែង​ស្រី​វ័យ ១៩ ឆ្នាំ​ដែល​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គូស្នេហ៍​ថ្មី​អស់​រយៈពេល​ជិត ២ ឆ្នាំ​នេះ និង​ត្រូវ​បាន​ឪពុកម្តាយ​ទាំង​សងខាង​ដឹងឮ និង​ទើប​មាន​ការជួបជុំគ្នា​រវាង​គ្រួសារ​ទាំង​ ២ ​នោះ​បាន​ចេញ​តប​សារ​នៅ​តាម​បណ្តាញ​សង្គម​ថា​៖ ​«​សូមទាន​ជ្រាប​ជម្រាប​លោក​មេបា​ទាំង​សងខាង​ថា យើង​ខ្ញុំ​ទាំង​ ២ មិន​បាន​ទិញ​ទេ គឺ​គ្រាន់តែ​មក​មើល​សិន​ទេ ចាស ចាំ​ទិញ​ពេល​ការ​ហើយ​ចាស ជ្រាប​នៅ​បងប្អូន ជ្រាប​នៅ​!»​។

តារាកំប្លែង​ស្រី​វ័យក្មេង​មាន​សម្តី​ញ៉ែតៗ មិន​សូវ​​ជា​ចាញ់​តារាកំប្លែង​រៀមច្បង​រួម​ក្រុម​ប្រចាំ​ទូរទស្សន៍ CTN & CNC ជា​កូនស្រី​សំណព្វចិត្ត​លោក សុវណ្ណ ឫទ្ធី ហៅ​តាវ៉ិចទ័រ កញ្ញា នីឡា បាន​បន្ថែម​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹងថា​៖ «​ចាស​បង​!​ចំពោះ​រឿង​នោះ​គ្រាន់តែ​យើង​បាន​នាំគ្នា​ទៅ​មើល​សិន​ប៉ុណ្ណោះ​គឺ​ផ្ទះ​វីឡា​នៅឯ​បុរី​ប៉េងហួត​នៅ​លើ​ផ្លូវជាតិ​លេខ ៦ ​អា​កាលពី ២-៣ ថ្ងៃ​មុន ហើយ​ពួកយើង​ក៏​មិន​ទាន់​គិត​ដល់​រឿង​ទៅ​ទិញ​នៅ​ឡើយ​ទេ ព្រោះ​មិន​ទាន់​មាន​លុយ​»​។

ខណៈ​ពេល​សួរនាំ​ថា​តើ​ប្រភេទ​ជា​ផ្ទះ​វីឡា​បែប​ណា ប្រសិន​បើ​ចង់​ទិញ​ក្រោយ​ពេល​រៀបការ​រួច​នោះ កញ្ញា នីឡា ក៏​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​ហ៊ាន​ថា​នឹង​ទិញ​បែប​ណា​ទេ ព្រោះ​អត់​គិត​រឿង​ហ្នឹង ព្រោះ​ពេល​នេះ​គ្រាន់តែ​មក​មើល​លេង​ប៉ុណ្ណោះ ហើយ​ក៏​អត់​ចង់​និយាយ​អ្វី​ជា​មុន​ផង​ដែរ​»​។

មុន​នេះ​បន្តិច​បង្ក​ការភ្ញាក់ផ្អើល ខណៈ​តារាកំប្លែង​ស្រី កញ្ញា នីឡា បាន​នាំ​អនាគត​ឪពុក​ម្តាយក្មេក​ឲ្យ​មក​ស្គាល់​ផ្ទះ​ខ្លួន​ហាក់​ដូចជា​ការប្រាប់​នូវ​តម្រុយ​ថា ជិត​ទទួល​បាន​ដំណឹង​ល្អ​សម្រាប់​សម្ព័ន្ធ​គូស្នេហ៍​វ័យក្មេង​ពួកគេ​។

បណ្តុំ​រូប​ដ៏ស្និទ្ធស្នាល​ទាំងឡាយ​នៃ​គ្រួសារ​ទាំង ២ មហាជន​ក៏​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ដែរ​ទៅលើ​ពាក្យពេចន៍​របស់​តារាកំប្លែង​ស្រី​កញ្ញា នីឡា ដោយ​នាង​បាន​ហាត់​ហៅ​ម្ដាយ​របស់​គូស្នេហ៍​ថ្មី​ខ្លួន​ដែរ​ថា «​ម៉ាក់ក្មេក​» ពេញៗ​មាត់​រួច​ទៅ​ហើយ ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល ឬ​ឲ្យ​ទម្លាប់មាត់​ទុក​មុន​។

ខណៈ​គូស្នេហ៍​នាង​គឺ​លោក សក្ការៈ ក៏​បង្ហោះ​រូប​ជុំ​គ្រួសារ​ទាំង​សង​ខាង​មួយ​សន្លឹក​អម​សារ​យ៉ាង​ខ្លី​ដែរ​ថា «​ឆ្នាំក្រោយ​» ដែល​នេះ​គឺជា​ពាក្យពេចន៍​អាច​ធ្វើឲ្យ​មហាជន​សន្មត​ថា កំលោះ​រូប​សង្ហា​រូប​នេះ​ទំនង​ជា​រំអុក ឬ​ស្នើសុំ​ឲ្យ​កញ្ញា នីឡា យល់​ព្រម​រៀបការ​នឹង​ខ្លួន​នៅ​ឆ្នាំ​ក្រោយ​៕