ភ្នំពេញៈ ទើប​តែ​លេចឮ​ព័ត៌មាន​ថា​មាន​គូស្នេហ៍​ថ្មី ក្រោយ​បាន​ផ្តាច់​ពាក្យ​ពី​គូ​ដណ្តឹង​ជា​កូន​ថៅកែ​រោងល្ខោន ភី សុគន្ធី តារា​កំប្លែង​ស្រី​វ័យក្មេង​មាន​អាជីព​ជា​អ្នកសិល្បៈ​តាំងពី​វ័យ​កុមារ​កញ្ញា នីឡា កូន​លោកតា​វ៉ិចទ័រ​បាន​បណ្តើរ​ម្ចាស់​បេះដូង​យ៉ាង​បើកចំហ​ក្នុង​ថ្ងៃ​សម្ពោធ​រឿង «​លោក​ប្តី​» របស់​ផលិតកម្ម LD Picture កាលពី​ថ្ងៃ​ទី​ ៥ ខែ​មីនា​កន្លង​ទៅ​នេះ​ដោយ​រូបនាង​ថែម​ទាំង​ហ៊ាន​ទម្លាយ​ប្រាប់​សាវតារ​បុរស​ជា​សង្សារ​រូបនេះ​ជា​សាធារណៈ​ទៀត​ផង​។

តារាកំប្លែង​ស្រី​ក្រមិចក្រមើម​សម្រស់​កាន់តែ​ស្អាត​សាច់​សខ្ចី​ត្រូវ​នឹង​របរ​លក់​ផលិតផល​ឡេ​ថែ​សម្ផស្ស​អនឡាញ កញ្ញា នីឡា មិន​ត្រឹម​តែ​បណ្តើរ​គូស្នេហ៍​បង្អួត​ក្រសែភ្នែក​អ្នក​ចូលរួម​ក្នុង​កម្មវិធី​នោះ​ទេ នាង​ថែម​ទាំង​បង្ហាញ​ពី​អារម្មណ៍​ដែល​ស្រលាញ់​ទៅ​លើ​ដៃគូ​ប្រាប់​មក​អ្នក​សារព័ត៌មាន​ថា​៖ «​តាមពិត​ទៅ​គាត់​មិនមាន​អ្វី​ដែល​ពិសេស​ខ្លាំង​ដល់​ថ្នាក់​ថា​អស្ចារ្យ​ពេក​នោះ​ទេ គ្រាន់តែ​ថា​ទី​ ១ ​ខ្ញុំ​គិត​ពួក​ខ្ញុំ​អាច​នៅ​ជាមួយ​គ្នា​បាន ដោយសារ​ឆាប់​យល់​ពី​គ្នា​ច្រើន​ហើយ​ទី​ ២ ពេល​និយាយ​គ្នា​ឆាប់​យល់​គ្នា មិនមែន​ថា​និយាយ​គ្នា​មួយ​បែកឆ្វេង​មួយ​បែក​ស្តាំ​ទេ​និយាយ​ទៅ​ស្រប​គ្នា​ធ្វើ​អី​ក៏​ស្រប​គ្នា​ដែរ ទើប​ធ្វើឲ្យ​ខ្ញុំ​ដាក់​ចិត្ត​ស្រឡាញ់​គាត់​»​។

ខណៈ​នោះ​ដែរ​គូ​កំណាន់ចិត្ត​របស់​តារាស្រី នីឡា ដែល​ត្រូវ​គេ​បាន​ដឹង​ថា​ឈ្មោះ សក្ការៈ មាន​វ័យ​ទើបតែ ២០ ឆ្នាំ​នោះ​ក៏​បាន​តប​នឹង​អារម្មណ៍​ស្រលាញ់​ទៅ នីឡា វិញ​ថា​៖ «​ចំពោះ​ខ្ញុំ​វិញ​អត់​មាន​ហេតុផល​​អី​ទាំងអស់ គឺ​ខ្ញុំ​ស្រលាញ់​គ្រប់​យ៉ាង​របស់​គាត់​សម្រាប់​ខ្ញុំ គាត់​គឺ Perfect [​ល្អ​ឥតខ្ចោះ​]»​។

កញ្ញា នីឡា តារា​កំប្លែង​ស្រី​វ័យ ១៩ ឆ្នាំ​រូប​នេះ​ក៏​បាន​បញ្ជាក់​ថា​ចំពោះ​ទំនាក់ទំនង​ស្នេហា​ជាមួយ​គូស្នេហ៍​ថ្មី​អស់​រយៈពេល​ជិត ២ ឆ្នាំ​នេះ​ត្រូវ​បាន​ឪពុកម្តាយ​ទាំង​សងខាង​បាន​ដឹងឮ និង​យល់ស្រប​អស់​ហើយ តែ​ក្នុង​ខណៈ​ពេល​នេះ​អ្នក​ទាំង​ ២ ​មិន​ទាន់​បាន​គិត​រឿង​ភ្ជាប់ពាក្យ ឬ​មួយ​ក៏​រៀបការ​ឡើយ​។ យ៉ាងណា​កញ្ញា នីឡា ដែល​ទើប​ឡើង​កាលីប​រថយន្ត​មែរសឺដេស​ថ្មី​សន្លាង​រូប​នេះ​បាន​ប្រាប់​ដែរ​ថា​ប្រហែល ២ ឆ្នាំ​ទៀត​ទើប​គិតគូរ​។

តែ​អ្វី​ដែល​ធ្វើឲ្យ​អ្នក​គ្រប់​គ្នា​ចាប់​អារម្មណ៍​នោះ​គឺ​សាវតារ​គ្រួសារ​ម្ចាស់​ចិត្ត​នាង ដោយ លោក សក្ការៈ ជា​គូស្នេហ៍​នីឡា​បាន​បង្ហើប​ពី​របរ​ការងារ​របស់​ឪពុកម្តាយ​ខ្លួន​ថា​៖ «​ប៉ា​ខ្ញុំ​គាត់​ជា​អតីត​ឯកអគ្គរាជទូត ចំណែក​ម៉ាក់​ខ្ញុំ​គាត់​ជា​អ្នកវិនិយោគ​ធំ​មួយ​ដែល​មាន​ច្រើន​ជំនួញ​»​។

លោក សក្ការៈ ថែមទាំង​បាន​បង្ហាញ​នូវ​គោលជំហរ​បើក​ចិត្ត​ទូលាយ​មិន​ដែល​ប្រចណ្ឌ​ស្រី​ស្រស់ នីឡា ពេល​ទៅ​សម្តែង​នោះ​ទេ​។ លោក​ថែមទាំង​ចង់​ឲ្យ​នាង​រឹតតែ​ល្បី​ជាង​នេះ​ដោយ​គ្រាន់តែ​ពេល នីឡា ទៅ​កម្មវិធី ឬ ទៅ​សម្តែង​ត្រូវ​មាន​វត្តមាន​លោក​កំដរ​គ្រប់​ទីកន្លែង​ដោយ​មិន​ខ្លាច​ពាក្យ​និន្ទា​ពី​មហាជន​ឡើយ​៕