ភ្នំពេញ៖ ថ្មីៗ​នេះ​ តារា​​សម្តែង​ស្រី​មាន​​​រហស្សនាម​ថា​​ «តារា​សម្តែង​​សម្រក់​ទឹក​ភ្នែក​»​ កញ្ញា នី មុនីនាថ​ បង្កើត​​ភាព​ភ្ញាក់​​ផ្អើល​សា​ជា​ថ្មី តាម​រយៈ​​​បង្ហើរសារ​​​ក្នុង​​បណ្តាញ​សង្គម​​ហាក់​ចង់​ប្រាប់​ថា​ ខ្លួន​​​​​កំពុង​តែ​មាន​ម្ចាស់​ចិត្ត​ថ្មី​មក​ស្អំ​​បេះដូង​។​​

ទើប​តែ​បក​ស្រាយ​រឿង​ផ្ទុះ​​​ការ​សង្ស័យ​លើ​​​ការ​កែ​​សម្ផស្ស​មុន​នេះ​​​​សោះ ស្រាប់​តែ​​​កញ្ញា នី មុនីនាថ បង្ហើរសារ​មួយ​ឃ្លា​​បង្ហើប​ថា ហាក់​ដូច​ខ្លួន​កំពុង​​មាន​​​​ម្ចាស់​ស្នេហ៍​ថ្មី​ មក​ស្អំ​បេះដូង​នឹង​​ចំណង​​ស្នេហ៍​​ខ្សែ​ក ​១ ខ្សែ​ជូន​មក​ខ្លួន ​ដោយ​នាង​បាន​សរសេរ​​ថា៖ «អរគុណ​ណា​ដែល​នៅ​ក្នុង ជីវិត​របស់​​ខ្ញុំ​ គ្រប់​ពេល​វេលា​! នេះ​ហើយ​គឺ​ជា​សេចក្តីសុខ​ សម្រាប់​​ជីវិត» និង​សារ​ថា៖ «ម្ចាស់​ខ្សែ​ក នេះ​ហើយ​​គឺ​ជា​ម្ចាស់​បេះដូង ជា​កែវ​ភ្នែក​របស់​ខ្ញុំ​»​។

សារ​​អម​នឹង​រូប​ថត​ឈរ​ពាក់​​​ខ្សែក​មួយ​ខ្សែ​នោះ​ត្រូវ​​តាមដាន​​ជីវិត​ឯកជន​កញ្ញា នី មុនី​នាថ ក៏​បង្កើត​​បាន​ជា​ចម្ងល់​ពី​មហាជន​លើក​ឡើង​មួយ​រំពេច​​ថា​៖ «​អីយ៉ា​! ​កញ្ញា នី មុនីនាថ មាន​អ្នក​​ថ្មី​មក​ស្អំ​បេះដូង​ហើយ​ទេ​​តើ​ហ្ន​ក្រោយ​ពី​ចែក​ផ្លូវ​គ្នា​នឹង​អតីត​​ម្ចាស់​​ចិត្ត​ជា​អាណិកជន​អាមេរិក​នោះ​! តើ​បុរស​ថ្មី​នេះ​​ ជា​អ្នក​ណា​​​ដែរ​​​ មាន​សំណាង​មក​ស្អំ​​បេះដូង​​​ស្រី​ស្រស់​រូប​​​នេះ​?»​។

ដោយ​ឡែក​តារា​ស្រី​កញ្ញា នី មុនីនាថ ក៏​នៅ​មិន​ទាន់​សារភាព​ច្បាស់​លាស់​ឡើយ​​ថា តើ​ម្ចាស់​ខ្សែ​ក​ដែល​​ជា​ម្ចាស់​បេះដូង និង​​កែវ​ភ្នែក​របស់​នាង​មែន​ឬ​អត់? ​ ខណៈ​​ភ្នំពេញ​ប៉ុស្តិ៍​​គ្រាន់​តែ​ទទួល​បាន​ការ​​បក​​​ស្រាយ​ពី​នាង​បែប​ពង្វាង​​ដាន​​យ៉ាង​ដូច្នេះ​ផង​ដែរ​​ថា៖ «​សារ​​នោះ គឺ​គ្រាន់​តែ​ជា​ប៉ារ៉ូល​​កុន​ប៉ុណ្ណោះ​​ ហើយ​​​ខ្ញុំ​​ក៏​តែងតែ​បង្ហោះ​លេង​ក្រោយ​ពេល​ថត​រូប​បង្ហោះ​​តាម​​ហេ្វសប៊ុក​ដែរ​។ សព្វ​ថ្ងៃ​នេះ ចំពោះ​រូប​នាង​​ខ្ញុំ​អ្នក​តាម​​ស្រឡាញ់​នោះ គឺ​ថា​មាន​ច្រើន​ណាស់ គ្រាន់​តែ​ថា​ខ្ញុំ​មិន​ទាន់​សម្រេច​ទទួល​​យក​​ស្នេហា​ពី​អ្នក​ណា​ម្នាក់​នៅ​ឡើយ​ទេ​។»​

កន្លង​មក​​នេះ​ដែរ បើ​តាម​អ្នកស្រី សុភាលី ត្រូវ​ជា​ម្តាយ​បង្កើត​របស់​កញ្ញា នី មុនីនាថ នោះ​ធ្លាប់​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​​​ថា​៖ «​ចាស​! ​ក្មួយ កូន​មីង អត់​ទាន់​មាន​អ្នក​ណា​ថ្មី​នោះ​ទេ​! ​ហើយ​រីឯ​សារ​នាង​និយាយ​រឿង​​​ខ្សែក នោះ​គឺ​គ្រាន់​តែ​នាង​​​​​​បាន​សរសេរ​​លេង​ទេ​ក្មួយ!»​។

ដោយ​ឡែក​ជុំវិញ​រឿង​ការងារ​សិល្បៈ​វិញ​នោះ​គឺ​ កញ្ញា នី មុនី​នាថ មិន​ត្រឹម​តែ​មិន​​​រង​ផល​​​​ប៉ះពាល់​ ឬ​ជួប​វិបត្ដិ​​ដោយ​​កូវីដ ​១៩ ប៉ុណ្ណោះ​​ទេ ថែម​ទាំង​ជាប់​រវល់​គួរ​សម​​ក្នុង​ការ​​ថត​កុន​ពី​​មួយ​រឿង​​ទៅ​​មួយ​រឿង​ទៀត​​ផង។

កញ្ញា នី មុនីនាថ បញ្ជាក់​ថា៖ «សម្រាប់​នាង​ខ្ញុំ​ ទើប​តែ​ថត​កុន​ចប់​ថ្មីៗ​នេះ ហើយ​ការ​ថត​កុន​នោះ​យើង​​តែង​តែ​គោរព​ទៅ​តាម​គោលការណ៍​ក្រសួង​​ណែនាំ​​ដែរ ដោយ​យើង​តែង​រក្សា​​អនាម័យ​គ្រប់​ពេល និង​មិន​មាន​ការ​​ជួប​ជុំ​គ្នា​ច្រើន​នោះ​ឡើយ»៕​