ភ្នំពេញៈ ខណៈ​ភាពយន្ត​ភាគ​រឿង «​មុខកាំបិត​មុខ​ស្នេហ៍​» ចាក់​បញ្ចាំង​ចប់​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​នាពេល​ថ្មីៗ​នេះ មិន​ត្រឹម​តែ​មាន​ផ្ទុះ​នូវ​ការគាំទ្រ​នៃ​ការសម្តែង​របស់​តារាស្រី​ទឹកភ្នែក​កញ្ញា នី មុនីនាថ ប៉ុណ្ណោះ​ទេ​ថែម​ទាំង​មាន​ការងឿងឆ្ងល់​ពី​ភាពប្រែប្រួល​នៃ​រូប​សម្ផស្ស​របស់​នាង​ទៀតផង​។

ស្របពេល​កុន​រឿង «​មុខកាំបិត​មុខ​ស្នេហ៍​» បាន​ឆ្លុះបញ្ចាំង​អំពី​ជីវិត​រស់នៅ​របស់​យុវវ័យ​នា​សម័យ​ពេល​បច្ចុប្បន្ន​ដែល​មាន​ទំនោរ​ងាក​ទៅ​រក​ភាព​ស៊ីវិល័យ ជាពិសេស​ទៅ​លើ​របៀប​នៃ​ការថែរក្សា​សម្រស់​ឲ្យ​ស្អាត​ផូរផង់​តាមរយៈ​រូបភាព​ប្លែកៗ​មាន​ប្រើ​ម្សៅ​លាប និង​ការកែសម្ផស្ស​ដោយ​ការវះកាត់​ផង​ដែរ​ឲ្យ​ទាន់សម័យ​នោះ​ក៏​ជា​ដើមចម​នៃ​ការលើក​មក​និយាយ​បែប​ឆ្ងល់​ទៅ​លើ​រូប​សម្ផស្ស​ប្លែក​របស់​កញ្ញា នី មុនីនាថ មួយ​រំពេច​ថា​៖ «​តើ​កញ្ញា នី មុនីនាថ បាន​ទៅ​កែសម្ផស្ស​ដើម្បី​ឲ្យ​ស្រប​តាម​សាច់រឿង​ដែរ​ទេ​ដឹង​បាន​ជា​សង្កេតឃើញ​នាង​ខុស​ប្លែក​ពី​មុន​នោះ​ទាំង​រាង​ស្គម ទាំង​សម្បុរ​ស​ទៀត​ផង​ហ្ន​?»​។

តារាសម្តែង​ស្រី​ដែល​ទទួល​បាន​រហស្សនាម​ពី​ទស្សនិកជន​ខ្មែរ​ថា​គឺជា​តារាស្រី​ទឹកភ្នែក កញ្ញា នី មុនីនាថ ក៏​បង្ហើប​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ «​តាមពិត​ទៅ ភាព​ប្រែប្រួល​មួយ​ចំនួន​នៃ​រូបរាងកាយ​របស់​ខ្ញុំ​តាមរយៈ​ការថត​រឿង​ភាគ​ដែល​ទើប​ចាក់​បញ្ចាំង​ចប់​នៅ​ទូរទស្សន៍​បាយ័ន​នោះ​គឺ​មាន​មែន តែ​មិនមែន​ខ្ញុំ​ទៅ​កែសម្ផស្ស​នោះ​ទេ​។ ចំពោះ​រូបរាង​ស្គម​ដោយសារ​តែ​មុន​ពេល​ថត អ្នកដឹកនាំ​សុំ​ឲ្យ​នាង​ខ្ញុំ​សម្រក​ទម្ងន់​បន្តិច ហើយ​កាត់​សក់​សេះ​ដើម្បី​ឲ្យ​មាន​ភាព​សមសួន​ទៅ​នឹង​តួអង្គ​នៃ​រឿង​មុខកាំបិត​មុខ​ស្នេហ៍​នោះ​។ ដូច្នេះ​ហើយ​បាន​ជា​រូបរាង​នាង​ខ្ញុំ​ឃើញ​ខុសប្លែក​ជាង​មុន​»​។

ចំពោះ​សម្បុរស​ដែល​មាន​ខុសប្លែក​ពី​មុន​ដែរ​នោះ​ក៏​ត្រូវ​បាន​កញ្ញា នី មុនីនាថ ព្រលយ​ថា​៖ «​រឿង​សម្បុរស​នោះ​គឺ​មកពី​នាង​ខ្ញុំ​មួយរយៈ​ចុងក្រោយ​នេះ​បាន​ប្រើប្រាស់​នូវ​ផលិតផល​រក្សា​សម្រស់​ប្រភេទ​ខូឡេជិន​ និង​ដាក់​ស៊ីរ៉ូម​ប្រើ​ថ្នាំ​ជួយ​ឲ្យ​សាច់ស ដោយ​មិន​បាច់​ប្រើ​ម្សៅ​លាប ឬ​កែ​សម្ផស្ស​នោះ​ទេ ហើយ​ការរក្សា​សម្ផស្ស​ឲ្យ​ស្អាត​នេះ​គឺ​ចាប់​ពេល​ដែល​នាង​ខ្ញុំ​កើត​មាន​រឿង​មក [​រឿង​គូ​ដណ្តឹង​ឆ្លង​ទ្វីប​ជាមួយ​នឹង​លោក អ៊ឹង សូឡា​] ​មក​នោះ​»​។

គួររំឭក​ថា​រឿង​នោះ​គឺជា​បណ្តឹង​ទារប្រាក់​សំណង​ជាង​ ១០ ​ម៉ឺន​ដុល្លារ​ដែល​បុរស​ជា​អតីត​គូ​ដណ្តឹង​ឆ្លង​ទ្វីប​លោក អ៊ឹង សូឡា របស់​តារាសម្តែង​ស្រី​ល្បី​ខាង​តួ​សម្រក់​ទឹកភ្នែក​កញ្ញា នី មុនីនាថ កាលពី​ឆ្នាំ​កន្លង​មក​។

តែ​នាពេល​ថ្មីៗ​នេះ កញ្ញា នី មុនីនាថ បាន​បង្ហោះ​សារ​ប្រកាស​ផ្សព្វផ្សាយ​ពុះ​ដីឡូត៍​លក់​ដែល​មាន​បញ្ជាក់​ពី​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ផ្លូវ​ប្រមាណ​ ១៧ គីឡូម៉ែត្រ​តាម​ផ្លូវ​ជាតិ​លេខ​ ៣ នោះ​ក៏​បង្កើត​ជា​ចម្ងល់​ដល់​មហាជន​ភ្លាមៗ និង​បាន​ចោទសួរ​ដេញដោល​គ្នា​យ៉ាង​ក្តៅគគុក​ភ្ជាប់​ទៅ​នឹង​រឿង​បណ្តឹង​ដែរ​៕