ភ្នំពេញ៖ តារា​សម្ដែង​កំពូល​ទឹក​ភ្នែក កញ្ញា នី មុនីនាថ បាន​លាត​ត្រដាង​​បទពិសោធ​ជីវិត​ស្នេហា​​ឥត​លាក់​លៀម តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​បំផុត គឺ​តារា​ស្រី​ប្រែ​សម្ផស្ស​ផូរផង់​​ស្អាត​ប្លែក​រូប​នេះ បាន​បញ្ជាក់​ប្រាប់​ថា រូបនាង​សព្វ​ថ្ងៃ​កំពុង​ជោគជ័យ​នឹង​ស្នេហា​ហើយ​ ទោះ​ថ្ងៃ​​មុខ​មិន​ដឹង​ថា​វា​​នឹង​វិវឌ្ឍ​យ៉ាង​ណា​ក្ដី។

ក្នុង​វីដេអូ​បទសម្ភាស​​ Star Talk របស់ Sastra Film តារា​ស្រី​​​ល្បី​តួ​កម្សត់​ស្រគត់​ស្រគំ កញ្ញា នី មុនីនាថ បាន​រៀបរាប់​ពី​ប្រវត្តិ​ស្នេហា​របស់​កញ្ញា​ថា៖ «បើ​និយាយ​ទៅ ​គឺ​បរាជ័យ​ ២ ដង​​ហើយ លើក​ទី១ និង​លើក​ទី២ ទី៣​ ទើប​ជួប​ស្នេហា​ស្មោះ ស្មោះ​នា​ពេល​បច្ចុប្បន្ន តែ​អត់​ដឹង​ថា​ថ្ងៃ​អនាគត​ទៅ​យ៉ាង​ណា​ទេ​។ មិន​ដឹង​ថា​គេ​ស្មោះ ឬ​ក៏​​យើង​មិន​ស្មោះ»។

តារាស្រី​ដែល​មមាញឹក​នឹង​ការងារ​សិល្បៈ ក៏​ដូច​ជា​ជំនួញ​ផលិតផល​ថែរក្សា​ស្បែក Bersinar Skin បាន​អះអាង​ថា រូបនាង​ជា​ស្ត្រី​ខ្មែរ គឺ​ត្រូវ​តែ​គិត​ពី​កិត្តិយស ហើយ​នាង​មិន​ប្រាថ្នា​​មាន​ដៃគូ​ច្រើន​ទាល់​តែ​សោះ។

តារា​សម្ដែង នី មុនីនាថ បាន​រៀបរាប់​ថា៖ «មិន​មាន​ន័យ​ថា​មនុស្ស​ស្រី​ចង់​បាន​ស្នេហា​ច្រើន​នោះ​ទេ ប៉ុន្តែ​ពេលវេលា​មួយ​ធ្វើ​ឲ្យ​យើង​ហ្នឹង​ត្រូវ​តែ​ដល់​ផ្លូវ​បែក»។

កញ្ញា​ក៏​បាន​ទម្លាយ​ទៀត​​ថា៖ «ស្នេហា​លើក​ទី១ ​​ដូច​ជា​ឆ្នាំ ២០១៣ របៀប​លក្ខណៈ First Love ស្នេហា​ដំបូង​បំផុត​របស់​បង។ មាន​ស្នេហា​តែ​ក៏​បរាជ័យ ដោយ​យើង​អត់​អាច​បន្ត​ទៅ​អនាគត​បាន ក៏​បែក​គ្នា»។

កញ្ញា នី មុនី​នាថ បាន​លាត​ត្រដាង​ទៀត​​ថា ស្នេហា​ដំបូង​របស់​នាង​​ នាង​ឃើញ​​​ភាព​​ក្បត់​នៅ​នឹង​មុខ តែ​កញ្ញា​នៅ​តែ​ទ្រាំ ទោះ​គេ​​មាន​អ្នក​ថ្មី ហើយ​ធ្វើ​បាប​ផ្លូវ​ចិត្ត ក៏​​មិន​ចង់​បាត់បង់​ការ​ស្រឡាញ់។

ក្រោយ​ពី​ចែក​ផ្លូវ​គ្នា ហើយ​សម្រក់​ទឹក​ភ្នែក ដើរ​លេង​ស្ដាប់​ភ្លេង​រំសាយ​ទុក្ខ រួច​​ជូត​ទឹក​ភ្នែក​​រៀងរាល់​មុន​ពេល​ចូល​ផ្ទះ ​ស្ទើរ​តែ​ពេញ ​១ ឆ្នាំ កញ្ញា​ក៏​ទទួល​បាន​នូវ​ចំណង​ស្នេហ៍​ទី២។

តារា​សម្ដែង​កំពូល​ទឹក​ភ្នែក​រូប​នេះ​ក៏​បាន​លើក​ឡើង​ពី​ចំណង​ស្នេហ៍​ទី ២ ​​ថា៖ «គូ​ដណ្ដឹង ម្ដាយ​គាត់​ស្រឡាញ់​ខ្លាំង​ពេក ​ទៅ​ជា​គូ​ដណ្ដឹង​គាត់​បាន​ចិត្ត លែង​ឲ្យ​តម្លៃ​យើង យំ​អាណិត​ម្ដាយ យំ​អាណិត​ខ្លួន​ឯង»

ហែល​ឆ្លង​ព្យុះ​មនោសញ្ចេតនា​​ ២ លើក​មក​ហើយ នី មុនីនាថ ក៏​បាន​ជួប​ម្ចាស់​បេះដូង​បច្ចុប្បន្ន​ ដែល​នាង​​​​រៀបរាប់​ប្រាប់​ថា​៖ «ឥឡូវ​នេះ ​គឺ​ស្នេហា​​របស់​បង​ជោគជ័យ គឺ​ពួក​បង​ស្រឡាញ់​គ្នា ផ្ដល់​តម្លៃ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ តែ​មិន​ប្រាកដ​​ថា ​ថ្ងៃ​អនាគត​ពួក​យើង​ទទួល​​បាន​ជោគជ័យ​ តែ​ក៏​មិន​ប្រាកដ​ថា​យើង​បរាជ័យ​ដែរ។ អាស្រ័យ​ទៅ​លើ​​មនុស្ស ​២ នាក់ ថា​តើ​​ពួក​គាត់​អាច​តស៊ូ​ជាមួយ​​គ្នា​​បាន​ដល់​កម្រិត​ណា»៕