ក្រុង​ហ្សាការតា៖ ឥណ្ឌូនេស៊ី​កំពុង​ប្រឈម​នឹង​កំណើន​ទារក​ថ្មីៗ ដែល​អាច​បាន​កើន​អត្រា​កំណើត​ជាង ៤០ ម៉ឺន​នាក់ ​ដោយ​អត់​គ្រោង​ទុក​​ ខណៈ​​បិទ​ទ្វារ​ដោយសារ​កូរ៉ូណា កាត់​បន្ថយ​លទ្ធភាព​គ្រប់គ្រង​អាត្រា​កំណើត​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ផែនការ​គ្រួសារ​ជាតិ​ បាន​ឲ្យ​ដឹង​ថ្មីៗ​នេះ​​។

គ្លិនិក​សុខភាព​តូចៗ​បាន​បិទ​ទ្វារ​បណ្ដោះ​អាសន្ន​ ខណៈ​វេជ្ជបណ្ឌិត និង​ឆ្មប​បាន​កំណត់​ចំនួន​អ្នក​ជំងឺ​ដោយសារ​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​បិទ​ផ្នែក​ខ្លះ​នៃប្រទេស​កាល​ពី​​សប្ដាហ៍​មុន​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​​ដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

ទីភ្នាក់ងារ​បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ​កាន់​តែ​មាន​ការ​លំបាក​សម្រាប់​ពលរដ្ឋ​ឥណ្ឌូនេស៊ី​ក្នុង​ការ​គ្រប់គ្រង​អត្រា​កំណើត​​អំឡុង​ពេល​នៅ​ផ្ទះ​។

ប្រធាន​គណៈកម្មការ​ផែនការ​គ្រួសារ​ និង​ចំនួន​ប្រជាពលរដ្ឋ​ជាតិ​ឥណ្ឌូនេស៊ី (BKKBN) លោក ហាស្ដូ វ៉ាដូយ៉ូ បាន​ប្រាប់​ទីភ្នាក់ងារ ​AFP ថា​៖ «​មាន​មនុស្ស​ជា​ច្រើន​ ដែល​បាន​ស្ម័គ្រ​គោរព​តាម​បទ​បញ្ជា​រដ្ឋាភិបាល​ឲ្យ​ស្នាក់​នៅ​តែ​ផ្ទះ​ លុះត្រា​តែ​មាន​ភារកិច្ច​បន្ទាន់​។ ខ្ញុំ​​គិត​ថា មនុស្ស​ជា​ច្រើន​មិន​គិត​ថា ការ​ពន្យារ​កំណើត​ជា​កិច្ចការ​​​ចាំបាច់​ឡើយ​»។

ឥណ្ឌូនេស៊ី​ជា​ប្រទេស​មាន​ប្រជាជន​ច្រើនបំផុត​លំដាប់ទី ៤ ក្នុង​លោក​​​។ រូបថត AFP

ទីភ្នាក់ងារ​បាន​ឲ្យ​ដឹង​ថា នៅ​ដើម​ឆ្នាំ​ក្រោយ​ឥណ្ឌូនេស៊ី​ជា​ប្រទេស​មាន​ចំនួន​ប្រជាជន​ច្រើន​បំផុត​លំដាប់​ទី ៤ ក្នុង​លោក​អាច​ទទួល​កំណើត​ទារក​ថ្មី ៤២ ម៉ឺន​នាក់​លើស​ពី​ការ​រំពឹង​ទុក​។

តួលេខ​នេះ​ផ្អែក​លើ​ ១០ ភាគរយ ​នៃ​ប្រជាជន ២៨ លាន​នាក់​នៅ​ទូទាំង​ប្រទេស​ ដែល​ជួប​បញ្ហា​គ្រប់គ្រង​កំណើត​។ ទារក​ប្រមាណ ៤,៨ លាន​នាក់ ប្រសូត​ប្រចាំ​ឆ្នាំ​នៅ​ឥណ្ឌូនេស៊ី​ នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ជាង ២៦០ លាន​នាក់​។

រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​នេះ​អាច​មាន​ចំនួន​ច្រើន​លើសលប់​ពី​ចំនួន​ត្រូវ​គ្រប់គ្រង​រវាង​អត្រា​មាតុភាព​ និង​អត្រា​មរណៈ​ទារក​។

លោក វ៉ាដូយ៉ូ បាន​ណែនាំ​ផង​ដែរ​​ថា៖ «​បើ​យើង​គ្រោង​យក​កូន ពេល​នេះ​​មិន​មែន​​ជា​ឱកាស​ល្អ​ទេ ហើយ​សូម​មេត្ដា​កុំ​ឈប់​ប្រើ​វិធី​ពន្យារ​កំណើត​អំឡុង​ពេល​នេះ​»៕ AFP/HR

អំឡុងពេលនៅផ្ទះ មធ្យោបាយពន្យារ​កំណើត​​លែង​សូវ​ជា​រឿង​ចាំបាច់ សម្រាប់គ្រួសារ​មួយចំនួន។ រូបថត AFP

ឥណ្ឌូនេស៊ី ជា​ប្រទេស​មានចំនួន​ប្រជាជន​ច្រើនជាង​គេ​លំដាប់ទី ៤ ក្នុងលោក។ រូបថត AFP