
ប្រជាជនកោះសាមុយមមាញឹកលក់នំកាឡាមែ។ ឈឹម ស្រីនាង
កោះសាមុយ: កោះសាមុយគឺជាកោះដ៏ស្អាតមួយរបស់ប្រទេសថៃ ដែលមានភ្ញៀវទេសចរជាច្រើនចូលចិត្តទៅលេងមិនថា អាស៊ី ឬ អឺរ៉ុប ដោយសារតែទីនោះមានទេសភាពស្អាត និងសម្បូរទៅដោយចំណីអាហារទទួលទានយ៉ាងសម្បូរបែបរួមទាំងនំនែកសម្រាប់វេចខ្ចប់ផ្ញើអ្នកផ្ទះផងដែរ។
ដោយសារតែនៅដែនកោះសាមុយសម្បូរទៅដោយដើមដូងជាច្រើន អំណោយផលដល់អ្នកស្រុកនៅទីនោះ ច្នៃវត្ថុធាតុដើមជាគ្រឿងផ្សំធ្វើជាចំណីអាហារបានគ្រប់ប្រភេទ ដូចជា ស្ករដូង ការ៉េមដូង ប្រេងដូង និងនំដូងផងដែរ។
ក្នុងចំណោមនោះ នំប្រចាំកោះសាមុយ គឺជានំធ្វើពីស្ករដូងឈ្មោះថា កាឡាមែ (Kalamae) ដែលមានរសជាតិឆ្ងាញ់ និងល្បីប្រចាំខេត្ត។
អ្នកស្រុកនៅទីនោះធ្វើនំ កាឡាមែ លក់សឹងតែគ្រប់គ្នា។ នំនេះត្រូវបានធ្វើពីទឹកដោះគោ ដូង និងស្ករត្នោត ដែលជានំប្រពៃណីមានតាំងពីបុរាណកាល។
វាមានរសជាតិឆ្ងាញ់ផ្អែមតិចៗ និងផ្អែមខ្លាំងទៅតាមពណ៌នំនីមួយៗ ដោយមាន ៣ រសជាតិគឺ កាឡាមែពណ៌ត្នោតធ្វើពីស្ករត្នោត ដូង ទឹកដោះគោ ស្ករ ម្សៅអង្ករ (ឬម្សៅអង្ករស្អិត) កាឡាមែបៃតង ធ្វើពីទឹកដោះគោ ដូង ម្សៅអង្ករក្រអូប ស្លឹកតើយ កាឡាមែពណ៌ខ្មៅ ផ្សំដោយ ស្ករដូង ខ្ទិះដូង លាយរួមគ្នាជាមួយម្សៅអង្ករ សខ្មៅ។ នំនេះគេអាចញុំាលាយជាមួយល្ងលីងក៏បានតាមចំណង់ចំណូលចិត្ត។
ភ្ញៀវទេសចរទៅកោះសាមុយ ភាគច្រើនមិនរំលងនំ កាឡាមែ ទេ ដោយមួយកញ្ចប់តម្លៃត្រឹមតែ ១០០ បាត៕