ក្រុងតេអេរ៉ង់៖ ពួកគេបានដុតនំ ដែលប្រជាជនអ៊ីរ៉ង់ ហៅថាជា «បារ៉ាកាត់ (តុប្រសិទ្ធ)» ហើយនំនេះជាអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ដោយនំបុ័ងដុតបែបបុរាណនេះ គឺជាអាហារដ៏សំខាន់ប្រចាំថ្ងៃរបស់ប្រជាជនអ៊ីរ៉ង់។
យើងអាចរកទីតាំងដុតនំបានយ៉ាងងាយនៅតាមទីប្រជុំជននៃប្រទេសអ៊ីរ៉ង់ ដែលសម្បូរមនុស្សឈរតម្រង់ជួររហូតទៅដល់ចិញ្ចើមផ្លូវ ឬគ្រាន់តែដើរតាមក្លិននំបុ័ងដែលទើបតែដុតរួចថ្មីៗក៏បាន។
ជាការងារចម្បងរបស់បុរសនៅសាធារណរដ្ឋអ៊ិស្លាម អ្នកដុតនំតែងក្រោកពីដំណេកមុនពេលថ្ងៃរះ ខណៈពេលដែលមនុស្សគ្រប់គ្នាកំពុងលង់លក់នៅឡើយ។
គ្រងឈុតស រួមទាំងមួកក៏ពណ៌សផងនោះ ពួកគេធ្វើដំណើរមកពីគ្រប់ច្រកល្ហកនៅទូទាំងប្រទេស ហើយពួកគេភាគច្រើនគឺជាជនជាតិដើមអាហ្សើស ឃើដស៍ និងលូស។
អ្នកដុតនំតែងតែធ្វើចលនាយ៉ាងរស់រវើក និងឥតឈប់ឈរ ដែលហាក់បីដូចជាកំពុងរាំនៅពីមុខឡចំហាយឧស្ម័ន។
បុរសគ្រងឈុតសម្នាក់យកម្សៅ ១ ដុំ រួចលុញឲ្យសំប៉ែត មុនពេលដាក់ដុតព្យួរទៅនឹងជញ្ជាំងផ្នែកខាងក្នុងនៃឡភ្លើងដោយប្រើប្រាស់ដង្កៀបវែងសម្រាប់ចាប់នំចេញ និងចូល។ ពេលឆ្អិនល្មមហើយ អ្នកដុតនំក៏ប្រើដង្កៀបវែងដដែលនោះដើម្បីយកនំប៉័ងចេញហើយព្យួរវានៅលើជញ្ជាំង ឬក៏តម្រៀបគរវាឡើង។
ជញ្ជាំងដែលនៅព័ទ្ធជុំវិញពួកគេ គឺជាគំនរនៃនំបុ័ងសំប៉ែត ដែលមានសណ្ឋាន និងទំហំខុសៗគ្នាចំនួន ៤ ប្រភេទ គឺ បាបារី ឡាវ៉ាស សាងហ្គាក និងតាហ្វធូន។
ប៉ុន្តែនំបុ័ងទាំងនោះព្យួរទុកមិនបានយូរទេ ព្រោះអតិថិជននាំគ្នាឈរចាំត្រៀបត្រានៅជិតច្រកចូលត្រៀមនឹងទិញទាន់នៅក្តៅៗ។
នំប៉័ងសំប៉ែតថ្មីៗរបស់អ៊ីរ៉ង់ ជាធម្មតាត្រូវបានទទួលទានជាមួយឈីសហ្វេតា និងទឹកតែផ្អែមសម្រាប់អាហារពេលព្រឹក ឬជាមួយនឹងខេបាប សម្រាប់អាហារថ្ងៃត្រង់។
ក្នុងចំណោមនំប្រពៃណីទាំង ៤ ប្រភេទនេះ សាងហ្គាក ពេញនិយមបំផុត និងត្រូវបានគេចាត់ទុកថាជានំប៉័ងប្រចាំជាតិអ៊ីរ៉ង់។ វាត្រូវបានផលិតចេញពីម្សៅធញ្ញជាតិ និងរោយគ្រាប់ល្ង ហើយពេលខ្លះគ្រាប់អាភៀនតាមចំណង់ចំណូលចិត្តរបស់អតិថិជន។
វីរុសកូរ៉ួណា ក៏បានជះឥទ្ធិពលដល់វិជ្ជាជីវៈរបស់អ្នកដុតនំដូចអ្នកដទៃទៀតដែរ ហើយជាលទ្ធផលប្រាក់ចំណូលរបស់ពួកគេក៏បានថយចុះ។
ដើម្បីធានាពីអនាម័យ អ្នកធ្វើនំម្នាក់ត្រូវអនុវត្តតាមការណែនាំអនាម័យតឹងរ៊ឹង ដែលចេញដោយក្រសួងសុខាភិបាល រួមទាំងការរក្សាគម្លាតសង្គម និងការប្រើប្រាស់បណ្ណធនាគារជំនួសសាច់ប្រាក់។
លោក មូហាមេដ មីហ្សាខានី អ្នកដុតនំ អាយុ ៤១ ឆ្នាំ បាននិយាយថា៖ «យើងមានការលំបាកច្រើនអំឡុងពេលរដូវតមរ៉ាម៉ាដន។ អ្នកមកតម្រង់ជួរកាន់តែច្រើន ហើយមនុស្សជាច្រើនមិនគោរពតាមវិធានការសុវត្ថិភាព»។
ក្រសួងសុខាភិបាលបានរាយការណ៍កាលពីខែមករា ថា ជាមធ្យមប្រជាជនអ៊ីរ៉ង់ម្នាក់ ទទួលទាននំប៉័ង ៣១០ ក្រាមក្នុង ១ ថ្ងៃ។ ក្រសួងបានឲ្យដឹងថា៖ «នំប៉័ង គឺជាអាហារមូលដ្ឋាន និងចម្បងរបស់ប្រជាជនយើង»។
លោក មីហ្សាខានី បន្ដថា៖ «ថ្មីៗនេះ អង្ករកាន់តែឡើងថ្លៃ ដែលយើងគ្មានលទ្ធភាពទិញហូបប្រចាំថ្ងៃ។ យើងភាគច្រើនហូបត្រឹមនំដុត»៕ AFP/RS