កំពង់ឆ្នាំង : ប្រអប់ជើងខ្វេរទាំងគូរបស់កុមារាកុមារីដែលមានកំភួនគ្មានសាច់ដុំ អាចគ្រាន់តែជួយធ្វើដំណើរបំផ្លាស់ទីទាំងដៃត្រូវច្រត់ព្រះធរណីវារផ្ទាល់នឹងដី ដែលធ្វើឲ្យខ្លួនប្រាណ និងសម្លៀកបំពាក់ចាស់ៗស្រាប់ដិតដាមធូលីដីយ៉ាងកខ្វក់រៀងរាល់ថ្ងៃ។
តាំងពីចាប់កើតដឹងក្ដីមកបងប្អូនប្រុសស្រីទាំង ២ គ្មានវាសនាអាចឈរដោយប្រើជើងទាំងគូរបស់ខ្លួន និងក្រោកដើរដូចក្មេងដទៃឡើយ។ មួយថ្ងៃៗពួកគេវារបំផ្លាស់ទីជុំវិញបរិវេណ និងលេងនៅលើដីតាំងពីព្រលឹមទល់ព្រលប់ មានតែសម្លាញ់ជើង ៤ ជាគ្នា។
កុមារាបង សួន ពិសាល អាយុ ១៧ ឆ្នាំប្រសូតមកខ្វេរប្រអប់ជើង ពិការជើងទាំង ២ ដើរមិនរួច និងថែមទាំងនិយាយមិនចេញ ខណៈប្អូនស្រី សួន ខេមរា អាយុ ១៤ ឆ្នាំក៏មានសភាពខ្វេរប្រអប់ជើង ដើរមិនរួច តែអាចនិយាយបានតិចៗរស់នៅជាមួយដូនចាស់អាយុ ៧០ ឆ្នាំក្នុងភូមិជ្រៃកោងកើត ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។
ព្រះតេជគុណព្រះនាម ស បញ្ញារិទ្ធិ ម្ចាស់ហ្វេសប៊ុកលោកម្ចាស់ គុណធម៌ ដែលបានបង្ហោះវីដេអូពីការលំបាករបស់បងប្អូនប្រុសស្រីទាំង ២ បានមានសង្ឃដីកាថា៖ «រាល់ថ្ងៃពួកគាត់យកដីធ្វើជាគ្រែតែម្ដងដោយពួកគាត់វារនៅតែលើដី។ ខ្លួនប្រឡាក់ប្រឡូស កខ្វក់ប្រាណ។ ទាល់តែយប់ ទើបពួកគាត់ត្រូវបានបីឡើងលើផ្ទះសម្រាក។ ពួកគាត់រស់នៅជាមួយដូនចាស់អាយុ ៧០ ឆ្នាំ និងញោមប្រុសម្នាក់ទៀតអាយុ ៨០ ឆ្នាំ ជាអ្នកនៅមើលថែចៅទាំង ២ នាក់»។
ព្រះតេជគុណ បន្ដថា៖ «ប្អូនប្រុស គាត់ពិការជើងហើយ និងអត់ចេះនិយាយ ព្រមទាំងស្ដាប់មិនបាននោះទេ។ ចំពោះប្អូនស្រី គាត់ដើរអត់រួចដូចគ្នា តែគាត់អាចស្ដាប់បាន និងនិយាយបានខ្លះ»។
ដោយមើលឃើញពីទុក្ខលំបាករបស់កុមារទាំង ២ ដែលមិនអាចទៅណាឆ្ងាយពីរបងផ្ទះ និងតែងតែវារនៅលើដីរៀងរាល់ថ្ងៃតាំងពីព្រឹកព្រលឹមទល់ព្រលប់ព្រះតេជគុណដែលរមែងបំពេញបុណ្យកុសលតាមរយៈទង្វើសប្បុរសធម៌ មានតែពាក្យអំពាវនាវដល់សប្បុរសជនទាំងអស់ដែលមានចិត្ដសទ្ធាជ្រះថ្លាជួយកុមារទាំង ២ ទៅតាមលទ្ធភាព។
ព្រះតេជគុណ ស បញ្ញារិទ្ធិ មានសង្ឃដីកាក្នុងវីដេអូឃ្លីប ៣,២៧ នាទីថា៖ «អាត្មាភាព! សូមអំពាវនាវដល់បងប្អូនជួយទាំងថវិកា ឬគ្រឿងឧបភោគបរិភោគ ជាពិសេស យើងត្រូវការរទេះរុញជាចាំបាច់»។
ឆ្លើយតបនឹងការស្នើសុំពីព្រះតេជគុណចិត្ដបុណ្យ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានបង្ហាញនូវក្ដីអាណិតអាសូចំពោះកុមារពិការទាំង ២ នាក់បងប្អូន ខណៈអ្នកខ្លះក៏បានចូលរួមផ្ដល់ថវិកាមួយចំនួនតាមរយៈព្រះសង្ឃអង្គនេះផងដែរ។
ព្រះតេជគុណមានសង្ឃដីកាប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «មានញាតិញោមក្រៅប្រទេសឃើញហើយអាណិតអាសូរក៏បានផ្ដល់ថវិកាទិញរទេះឲ្យកុមារពិការទាំង ២»។
ឆ្លើយជំនួសអារម្មណ៍កុមារទាំង ២ ដែលពុំធ្លាប់បានជិះរទេះរុញជាកម្មសិទ្ធិផ្ទាល់ខ្លួនម្ដងសោះ ព្រះតេជគុណ បញ្ញារិទ្ធិ បានបន្ដថា៖ «ពួកគាត់ប្រាកដជាសប្បាយចិត្ដរួមទាំងក្រុមគ្រួសារផងដែរពីព្រោះតាំងពីកើតមកពួកគាត់រស់នៅលើដី វារនៅលើដីអ៊ីចឹងរហូត។ វាមិនស្រួលទេ។ អាត្មាគិតថារទេះជួយឲ្យពួកគាត់រស់នៅស្រួលជាងមុន»។
ម្ចាស់ហ្វេសប៊ុក លោកម្ចាស់ គុណធម៌បន្ថែមថា៖ «គួរឲ្យសង្វេគបំផុតនោះគឺនៅខែវស្សា ប្អូនប្រុសនេះត្រូវគេចងគាត់ តែប្អូនស្រីឥតសូវអីប៉ុន្មានទេ ពីព្រោះប្អូនប្រុសអត់ចេះស្ដាប់ទេ។ ខែវស្សាមានទឹកលិចច្រើនល្ហល្ហាច។ បើមានរទេះ វាមានការងាយស្រួលច្រើនហើយយើងអាចរុញគាត់ទៅណាមកណាក៏បាន»។
ព្រះតេជគុណ ស បញ្ញារិទ្ធិ ក៏បានបង្ហោះលេខទំនាក់ទំនង ប្រសិនបើសម្បុរជនណាចង់ផ្ដល់ថវិកា ឬគ្រឿងឧបភោគបរិភោគដល់កុមារពិការទាំងនេះ សុំទាក់ទងលេខទូរស័ព្ទ ០១២ ៣១ ៣៥ ១៩ ឬ ០៩៨ ៣១ ៣៥ ១៩៕