ក្រុងសៀមរាបៈ ខណៈស្នាមញញឹមពីមោទនភាពកូនស្រីទាំង ២ សុទ្ធតែខំប្រឹងរៀនបានលទ្ធផលពីការជាប់បាក់ឌុបបាននិទ្ទេស A ដែលជាសិស្សនៅវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាបតែជាអកុសល លោកឪពុកយុវតីទាំង ២ ដែលប្រកបរបររត់រ៉ឺម៉កម៉ូតូនោះបានចែកឋានចោលកូន និងប្រពន្ធឲ្យរស់នៅតែលតោលប្រៀបដូចចកអណ្តែតលើផ្ទៃជលសាដ៏ធំល្វឹងល្វើយ។
ទោះបីឪពុកម្តាយមានជីវភាពក្រលំបាកមែនក្តី តែទឹកចិត្តខិតខំសង្វាតរៀនសូត្រ មិនបានបាត់បង់ការព្យាយាមនោះឡើយ ទើបរុញច្រានឲ្យយុវតី ២ រូបដែលជាកូនស្រីរបស់លោកពូ ដៀប បានខំប្រឹងរៀនសូត្រក្លាយជាសិស្សពូកែ និងប្រឡងចប់បាក់ឌុបបាននិទ្ទេស A ទាំងបង និងប្អូន គឺកូនស្រីបងឈ្មោះ ដៀប សុធារី ជាប់ បាក់ឌុបឆ្នាំ ២០១៦ និងកូនស្រីទី ២ ដៀប ស្រីនិច ជាប់បាក់ឌុបឆ្នាំ ២០១៨។
តែស្នាមញញឹមលាយដោយទឹកភ្នែកនៃញើសឈាមដែលឪពុកម្តាយបានផ្តល់ឲ្យកូនស្រីពិតជាមានតម្លៃពិតមែន គឺពួកគាត់រំភើបរហូតដល់យំផងសប្បាយចិត្តផងឱបកូនៗផងដោយឃើញកូនៗខំតស៊ូរហូតបានបណ្ណកិត្តិយសជាច្រើនតាមពាក្យដែលកូនបានសន្យាជាមួយពួកគាត់។ តែពិភពលោកដ៏ស្រស់ស្អាតបានតែមួយភ្លែតសោះ ភពខ្មៅងងឹតក៏មកគ្របដណ្តប់លើក្តីសង្ឃឹមរបស់ប្អូនស្រីក្រោយពីឪពុកលាចាកលោកទៅដោយជំងឺបេះដូងកាលខែវិច្ឆិកា ឆ្នាំ ២០១៨ ខណៈម្តាយពួកគេក៏មានជំងឺជាប់ខ្លួនត្រូវការប្រាក់ព្យាបាលជំងឺផងដែរ។
បើតាមសម្តីរៀបរាប់ត្រួសៗពីលោក លី ស៊ីនហួន ដែលជាកវីទំនុកច្រៀងដ៏ល្បីនៅក្រុមហ៊ុនហង្សមាស និងសមាគមឧត្តមគតិកូនខ្មែរដែលបានជួយផ្សព្វផ្សាយព័ត៌មានបង្ហោះតាមហ្វេសប៊ុក និងបានទៅស្វែងរកក្មេងស្រីនេះដល់លំនៅឋានកន្លងមកនោះបានឲ្យដឹងពីផលលំបាក និងការខកបំណងរបស់ក្មេងស្រីទាំង ២ ដែលសុទ្ធតែរៀនពូកែ ហើយបាននិទ្ទេស A ពីប្រឡងបាក់ឌុបដូចគ្នារៀននៅវិទ្យាល័យ ១០ មករា-១៩៧៩ ខេត្តសៀមរាប។
លោក លី ស៊ីនហួន បង្ហើបថា៖ «ចាប់តាំងពីឪពុកពួកប្អូនស្រីទទួលមរណភាពទៅប្អូនស្រីទាំង ២ ហាក់ដូចខកបំណងដែលជាក្តីសង្ឃឹមចង់បន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅភ្នំពេញ។ ប្អូនស្រីបងឈ្មោះ ដៀប សុធារី ដែលបាននិទ្ទេស A ជាប់បាក់ឌុបឆ្នាំ ២០១៦ នោះកាលពីមុនមានក្តីស្រមៃចង់រៀនមហាវិទ្យាល័យ តែឥឡូវនេះបានសម្រេចចិត្តចូលរៀនវគ្គបណ្តុះបណ្តាលគ្រូមធ្យមនៅគរុកោសល្យភូមិភាគខេត្តបាត់ដំបង។ ចំណែកប្អូនស្រី ដៀប ស្រីនិច ដែលទើបតែចប់បាក់ឌុបឆ្នាំ ២០១៨ ក៏បាននិទ្ទេស A ដែរនោះនៅពុំទាន់សម្រេចចិត្តយ៉ាងណាឡើយ ទំនងជាប្អូនអាចសម្រេចតាមបងស្រី ហើយពួកគេក៏នឹងត្រូវរើលំនៅមករស់នៅតំបន់ក្បែរសាលារៀនវគ្គគ្រូផងដែរ នាពេលឆាប់ៗនេះ»៕