ក្រុង​ដាក្កា៖ បង់ក្លាដែសចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​ដល់​អ្នក​រក​ស៊ី​ផ្លូវភេទ​នៅ​​ផ្ទះបន​​​ដ៏​ធំ​បំផុត​ប្រចាំ​ប្រទេស ដែល​ផ្ទុក​នារី​បម្រើ​កាម​គុណ​រហូត​ដល់​ប្រមាណ ១ ៩០០​ នាក់។

ប្រទេស​នៅ​អាស៊ី​ខាង​ត្បូង​នេះ​បាន​ចាក់​វ៉ាក់​សាំង​ AstraZeneca ដល់​ពលរដ្ឋ​ជិត ៣​ លាន​នាក់​ អាយុ​ចាប់ពី ៤០​ ឆ្នាំ​ឡើង តែ​មិន​បាន​រើស​អាយុ​ចំពោះ​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ទីក្រុង​ដូឡាតឌៀ ភាគ​ខាង​លិច​ប្រទេស​ឡើយ។

អាស៊ីហ្វ ម៉ាមូដ ប្រធាន​ផ្នែក​សុខាភិបាល​ក្រុង​ដូឡាតឌៀ បាន​ប្រាប់ AFP ថា​៖ «​នារី​បម្រើ​កាម​គុណ​យ៉ាង​តិច ១​០០​ នាក់​ បាន​ទទួល​វ៉ាក់​សាំង​ប្រឆាំង​ជំងឺកូវីដ ១៩ រួច​ហើយ។ វា​ពិត​ជា​មាន​សារ​សំខាន់​ណាស់​ក្នុង​ការ​ផ្ដល់​វ៉ាក់សាំង​ឱ្យ​ពួកគេ។ មនុស្ស​រាប់​ពាន់​នាក់​បាន​ចូល​ផ្ទះ​បន​រៀង​រាល់​ថ្ងៃ​ ហើយ​នារី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ផ្ទះ​បន​ដ៏ធំ​នេះ ពិត​ជា​ក្រុម​មនុស្សស​ងាយ​រង​គ្រោះ​»។

ស្រ្ដី​រក​ស៊ី​ផ្លូវ​ភេទ​ដំបូង​ប្រចាំ​ផ្ទះ​ធំ​នោះ​ដែល​បាន​ទទួល​វ៉ាក់​សាំង បាន​ធ្វើ​ដំណើរ​ទៅគ្លីនិក​មួយ​កន្លែង​ចម្ងាយ ៥ ​គីឡូម៉ែត្រ តែ​លោក ម៉ាមូដ បាន​និយាយ​ថា អាជ្ញាធរ​ក៏​គ្រោង​បោះ​ទីតាំង​នៅ​ក្នុង​ផ្ទះ​បន​នោះ​ដោយ​ផ្ទាល់​ផង​ដែរ។

បង់ក្លាដែស ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​ដល់​អ្នក​រក​ស៊ី​ផ្លូវភេទ​នៅ​​ផ្ទះបន​​​ដ៏​ធំ​បំផុត​ប្រចាំ​ប្រទេស ដែល​ផ្ទុក​នារី​បម្រើ​កាម​គុណ​រហូត​ដល់​ប្រមាណ ១ ៩០០​ នាក់។ AFP

សម្ផស្ស អាយុ ៤០ ​ឆ្នាំ ដែល​ប្រាប់​ត្រឹម​ឈ្មោះ​មួយ​ម៉ាត់ បាន​និយាយថា នាង​មាន​ការ​ស្ទាក់​ស្ទើរ​ ពេល​ឮពាក្យ​ចចាម​អារាម​ថា មាន​មនុស្ស​ស្លាប់​ក្រោយ​ចាក់​វ៉ាក់​សាំង។

នាង​បាន​និយាយ​ថា​៖ «​មន្ដ្រី​សុខាភិបាល​ផ្ដល់​ការ​ធានា​ឱ្យ​ពួក​យើង។ បច្ចុប្បន្ន យើង​យល់ថា វា​ពិត​ជា​សំខាន់​ ដោយសារ​យើង​បាន​ជួប​មនុស្ស​ជាច្រើន​រៀង​រាល់​ថ្ងៃ​»។

បង់ក្លាដែស ជា​ប្រទេស​កាន់​លទ្ធិ​មូស្លីម​ធំ​បំផុត​មួយ​ ជា​ទីដែល​ពេស្យា​កម្ម​ជា​របរ​ស្រប​ច្បាប់​សម្រាប់​អាយុ​ចាប់​ពី ១៨​ ឆ្នាំ ហើយ​យ៉ាង​តិច ផ្ទះបន ១១​ កន្លែង​ កំពុង​ប្រតិបត្ដិការ​នៅ​ទូទាំង​ប្រទេស ដែល​មាន​ប្រជាជនសរុប ១៦៨​ លាន​នាក់។

សម្ផស្ស បាន​និយាយ​ថា វ៉ាក់សាំង​នឹង​ជួយ​បង្កើន​ចំណូល​ ខណៈ​ភ្ញៀវ​ជា​ច្រើន​មាន​ការ​បារម្ភ​អំពី​វីរុស​កូរ៉ូណា និង​ព្យាយាម​មិន​មក​ផ្ទះ​បន ដ៏​ណែន​តាន់​តាប់ ដែល​ស្ថិត​នៅ​ក្បែរ​ស្ថានីយ​រថយន្ដ​ដ៏​មមាញឹក​៕ AFP/HR

​តំបន់​​ផ្ទះបន​ដ៏ធំបំផុត​នៅ​ប្រទេស​បង់ក្លាដេស ដែល​មាន​នារី​រកស៊ីផ្លូវភេទ​ប្រមាណ ១ ៩០០​ នាក់ នៅ​ចម្ងាយប្រមាណ ១១០ គីឡូម៉ែត្រ ភាគខាង​លិច​ក្រុង​ដារកា។ AFP