The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បញ្ចាំង​កុន​រឿង Cirque du Cambodia អនឡាញ​​អង្គាស​ប្រាក់​ទ្រទ្រង់​សាលា​ហ្វារ




បញ្ចាំង​កុន​រឿង Cirque du Cambodia អនឡាញ​​អង្គាស​ប្រាក់​ទ្រទ្រង់​សាលា​ហ្វារ

Content image - Phnom Penh Post
ក្រុម​​សិល្បៈ​សម្តែង​សៀក​របស់​សាលាហ្វារពន្លឺសិល្បៈ​ នៅ​ខេត្ត​បាត់ដំបង។ រូបថត សហ​ការី

បញ្ចាំង​កុន​រឿង Cirque du Cambodia អនឡាញ​​អង្គាស​ប្រាក់​ទ្រទ្រង់​សាលា​ហ្វារ

ភ្នំពេញ៖​ ក្រោយ​ពី​​ជាប់​នៃ​ជម្រើស​​​ជា​កុន​ត្រូវ​យក​ទៅ​ចាក់​បញ្ចាំង​កាល​ពី​​​​ថ្ងៃទី ២១ តុលា ឆ្នាំ ​២០២០ នៃ​​​​មហោស្រព ​United Nations Association Film Festival ​​​ជា​លើក​​ដំបូង​​​​​មិន​ធ្លាប់​​មាន​ពី​មុន​​​មក​នោះ ខ្សែ​ភាពយន្ត​​ឯកសារ​​​​ស្តីពី​ក្មេង​​​ប្រុស​​​ខ្មែរ​​​​អ្នក​លេង​សៀក ​២ ​នាក់​ នឹង​​ត្រូវ​ចាក់​បញ្ចាំង​តាម​អនឡាញ ​ដើម្បី​រ៉ៃ​អង្គាស​ប្រាក់​​ជួយ​​​ទ្រទ្រង់​​​សាលា​​​ហ្វារពន្លឺសិល្បៈ​នៅ​ថ្ងៃទី ​២០ និង​ទី ​២១ ខែ ​វិច្ឆិកា ​ឆ្នាំ ​២០២០​​។

កុន​​ឯកសារ​​​​ ​៩០ នាទី ស្តីពី​ក្មេង​​​ប្រុស​​​​ខ្មែរ​​​​អ្នក​លេង​សៀក​ ២ រូប របស់​ផលិតករ​អាមេរិក លោក Joel Gershon​ ​ថត​​នៅ​​អំឡុង​ឆ្នាំ ​២០១១-២០១៨​ ​ថត​​នៅ​​​​ក្នុង​​ប្រទេស​ចំនួន​ ​៤​​។ កុន​នេះ​​ ​បាន​រៀប​រាប់​​ពី​រឿងរ៉ាវ​​ក្មេង​​​ជំទង់​​ខ្មែរ​ ២ នាក់​​ ឈ្មោះ សុខ ឌីណា ​និង​ ណែម​ សុផា​ មក​​​ពី​ភូមិ​ជនបទ​​​​នៃ​ប្រទេស​កម្ពុជា ​ដែល​ឆាក​​​ជីវិត​​​ពួក​​​​គេ​​ត្រូវ​បាន​​​ផ្លាស់ប្តូរ​ បន្ទាប់​ពី​បាន​​​​ចូល​រៀន​នៅ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ ​​នៅ​ខេត្ត​បាត់ដំបង​​។

បើ​តាម​គេហទំព័រ​សាលា​​ហ្វារ​​​បង្ហើរសារ​ជូន​ដំណឹង​ពី​ការ​​រៃ​​​​អង្គាស​ប្រាក់​​​អនឡាញ​​ពី​កុន​នេះ​​​ថា៖ «​អ្នក​អាច​ទស្សនា​​​កុន​ ​Cirque​ du Cambodia​តាម​អ៊ីនធឺណិត​បាន។​​ ​​​យើង​ចាប់​ផ្តើម​ចាក់​ផ្សាយ​​​ចំ​ថ្ងៃ​ទិវា​ កុមារ​ពិភព​​លោក​របស់​អង្គការ​សហប្រជាជាតិ! ភាពយន្ដ​ឯកសារ​​មួយ​នេះ បង្ហាញ​ពី​ភាព​ជោគជ័យ​របស់ ឌីណា ​និង​ សុផា តាំង​​ពី​ពួក​គាត់​ទាំង ២ ​នៅ​វ័យ​ជំទង់​ក្នុង​​សាលា​សិល្បៈ​ហ្វារ​រហូត​​ទាល់​តែ​បាន​ក្លាយ​ជា​ជនជាតិ​ខ្មែរ​ដំបូង​គេ​ បាន​សម្តែង​កម្មវិធី​លំដាប់​​ថ្នាក់​ពិភព​លោក​​​ Cirque du Soleil។ ​​​លោក Joel Gershon យល់​ថា ​​ដោយ​​ឃើញ​​​សាលា​​ហ្វារ​កំពុង​​​ជួប​​​ការ​លំបាក​​​ពេល​​​​វិបត្តិ​កូវីដ ​១៩ នេះ លោក​គិត​ថា អាច​​​ទាញ​​យក​​ប្រយោជន៍​​តាមរយៈ​​​ការ​​រៃ​អង្គាស​រក​ថវិកា​បន្ថែម​​ពី​ការ​ចាក់​ផ្សាយ​ភាពយន្ត​​​ឯកសារ​នេះ​​។ តាមរយៈ​ការ​ទិញ​​​សំបុត្រ ​អាច​​គាំទ្រ​សាលា​ឱ្យ​​នៅ​តែ​មាន​ដំណើរការ​បន្ដ​ទៀត​បាន»។​

Content image - Phnom Penh Post

តួ​ឯក​​​​ម្នាក់​នៃ​រឿង​​ Cirque​ du Cambodia​ ​​លោក ណែម​ សុផា​ ក៏​​​​​រំឭក​ប្រវត្តិ​ខ្លួន​​ ខណៈ​ជិត​​​ចាក់​បញ្ចាំង​អនឡាញ​រៃ​អង្គាស​​ប្រាក់​នេះ​ថា៖ «​ខ្ញុំ​​មាន​​បង​​​ប្អូន ១២ នាក់ ​ក្នុង​នោះ ៧ នាក់​ សុទ្ធ​តែ​បាន​រៀន ​និង​​កំពុង​​តែ​រៀន​សៀក​នៅ​សាលា​ហ្វារ។ ខ្ញុំ​ផ្ទាល់​ដោយសារ​តែ​ផ្ទះ​ខ្ញុំ​​នៅ​ក្បែរ​ហ្នឹង​ ទើប​ខ្ញុំ​បាន​រៀន​មត្ដេយ្យ និង​បាន​ហាត់​សៀក​នៅ​​សាលា​ហ្វារ​​តាំង​ពី​ខ្ញុំ​អាយុ ៧ ឆ្នាំ បន្ទាប់​ពី​ឃើញ​បង​ប្រុស​​ខ្ញុំ​​ហាត់​បាន ក៏​​ហាត់​សៀក​ដែរ។ ខ្ញុំ​ចាំ​ថា ខ្ញុំ​បាន​​​ព្យាយាម​លោត​លើ​​ក្រណាត់​​យឺត​ឱ្យ​ខ្ពស់​តាម​​ដែល​​អាច​ធ្វើ​បាន​ ហើយ​ចាប់​ពី​ពេល​​នោះ មក​ពួក​គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឱ្យ​បន្ត​ហាត់ រហូត​​ដល់​ខ្ញុំ​បាន​​ចូល​​​រៀន​សាលា​​សៀក​អន្តរជាតិ​នៅ​ប្រទេស​​កាណាដា។​ ពេល​ទៅ​ដល់​​ទីនោះ​ដំបូង​ វា​ពិត​ជា​លំបាក​​ណាស់​​​នៅ​​ក្នុង​ការ​សម្រប​ខ្លួន​​​នឹង​ភាព​ខុស​គ្នា​នៃ​ពេល​វេលា អាកាសធាតុ ​ចំណី​អាហារ ​និង​ភាសា។ ​ខ្ញុំ​នឹក​ផ្ទះ ​​មិត្តភក្តិ ​និង​គ្រូៗ​​នៅ​ហ្វារ​។ ប៉ុន្តែ​ខ្ញុំ​នៅ​ជាមួយ​មិត្ត​​​សៀក​ឈ្មោះ ឌីណា ដែល​យើង​ជា​តំណាង​​ឱ្យ​​​កម្ពុជា​តែ ២ នាក់​ប៉ុណ្ណោះ​ ​ដែល​​មាន​សមត្ថ​ភាព​​ចូល​រៀន​នៅសាលា​ដែល​មាន​កិត្យានុភាព និង​តម្លៃ​ថ្លៃ ​ព្រម​ទាំង​ពិបាក​ក្នុង​ការ​ចូល​ទៀត​ផង ​ដូច្នេះ​ហើយ​ ខ្ញុំ​គិត​ថា ខ្ញុំ​គួរ​តែ​​​​ខិតខំ​ប្រឹងប្រែង​​ហាត់​ឱ្យ​បាន​ច្រើន​​បំផុត​។ ខ្ញុំ​​បាន​ហ្វឹកហាត់​នៅ​ទីនោះ​យ៉ាង​​​លំបាក​ពេល ៥ ​ឆ្នាំ​​​​​​មិន​​មក​ផ្ទះ​សោះ​។ ប្រជាជន​នៅ​ទីនោះ​ បាន​ស្វាគមន៍​​​យ៉ាង​កក់ក្តៅ។ នេះ​ជា​ការ​ចងចាំ ​និង​បទពិសោធ​ដ៏​ល្អ​មួយ​ បន្ទាប់​មក ឌីណា និង​​ខ្ញុំ បាន​ក្លាយ​ជា​ជនជាតិ​ខ្មែរ​ដំបូង​គេ ​ដែល​អាច​សម្តែង​នៅ​កម្មវិធី​ Cirque du Soleil!»៕​

អត្ថបទគួរចាប់អារម្មណ៍