ភ្នំពេញៈ តារាសម្តែង និង​ជា​តារាចម្រៀង​លោក បញ្ញា សិទ្ធិ បាន និង​កំពុង​ស្ថិតនៅ​ឯនាយសមុទ្រ​ចំនួន ៣ ​ខែ​ដែល​ការចេញ​ច្រៀង​សម្ដែង​នៅ​ទឹកដី​អូស្ត្រាលី និង​នូវែលសេឡង់​លើក​នេះ​រួមចំណែក​ជួយ​ផ្សព្វផ្សាយ​ដល់​វប្បធម៌ សាសនាព្រះពុទ្ធ និង​វត្តអារាម​ស្ថិត​នៅ​បរទេស​ផងដែរ​។

តារាប្រុស​រូប​សង្ហា​ដែល​ទើប​រង​ពាក្យ​ចចាមអារ៉ាម​ស្នេហ៍​ភេទ​ដូច​គ្នា​លោក បញ្ញា សិទ្ធិ បាន​ផ្តល់​បទសម្ភាស​មក​កាន់​ភ្នំពេញ ប៉ុស្តិ៍ ពី​ការធ្វើ​ដំណើរ​ទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​ថា​៖ «​ខ្ញុំ​មក​សម្តែង​នេះ​នៅ​ប្រទេស​អូស្ត្រាលី ២ ខែ និង​សម្តែង​នៅ​ប្រទេស​នូវែលសេឡង់​ចំនួន ១ ខែ​ផង​ដែរ ដោយ​មាន​ការអញ្ជើញ​ពី​ខាង​សមាគម​សិល្បៈ​វត្ត​សិរីជុំ​ស្ថិត​ក្នុង​ប្រទេស​អូស្ត្រាលី​»​។

លោក បញ្ញា សិទ្ធិ ក៏​បាន​រៀបរាប់​ពី​សិល្បករ​ដែល​បាន​រួម​ដំណើរ​ទៅ​សម្ដែង​លើក​នេះ​ថា​៖ «​នៅ​មាន​សិល្បករ​សិល្បការិនី​ជាច្រើន​ទៀត​រួម​ជាមួយ​បង ឈឿន ឧត្តម ផង​ដែរ​»​។

តារាពហុ​ជំនាញ​មាន​សាច់​សខ្ចី​មិន​ចាញ់​តារា​ស្រី​លោក បញ្ញា សិទ្ធិ បរិយាយ​បន្ត​ពី​គោលដៅ​ក្នុង​ការទៅ​សម្តែង​នៅ​ក្នុង​ប្រទេស​នូវែលសេឡង់ និង​ប្រទេស​អូស្ត្រាលី​ទៀត​ថា​៖ «​ចំពោះ​ថវិកា​ដែល​ពួកយើង​រក​បាន​ពី​ការសម្តែង​ពួកយើង​បាន​យក​មក​ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌​ដូចជា​ព្រះពុទ្ធសាសនា​យើង និង​ជួយ​កសាង​វត្ត​សិរីជុំ​នៅក្នុង​ប្រទេស​អូស្ត្រាលី​ក្រុង​មែលប៊ន​ហ្នឹង​តែ​ម្តង​»​។

ចំពោះ​ការធ្វើដំណើរ​ទៅ​សម្តែង​ក្រៅ​ប្រទេស​រយៈពេល​ជាច្រើន​ខែ​លោក បញ្ញា សិទ្ធិ បាន​បញ្ជាក់​ថា​មិន​ខ្លាច​ក្នុង​ការបាត់បង់​ប្រជាប្រិយភាព​នៅក្នុង​ប្រទេស​កំណើត​ឡើយ ដោយសារ​មុន​ពេល​ឡើង​យន្តហោះ​កាលពី​ថ្ងៃទី​ ១៣ ខែ​មីនា កន្លង​ទៅ​នេះ​លោក​បាន​បញ្ចប់​ក្នុង​ការថតកុន​ភាគ​ចំនួន ២ ​រឿង​រួចហើយ​ដែរ​។

ខ្សែភាពយន្ត​ដែល​លោក បញ្ញា សិទ្ធិ បាន​សម្ដែង​រួច​ថ្មីៗ​មាន​រឿង «​ឆន្ទា​» របស់​ទូរទស្សន៍​ស៊ីធីអិន សម្តែង​ជា​តួឯក និង​រឿង​ «​មន្ត​ស្នេហ៍​អនុសេនីយ៍​» របស់​ទូរទស្សន៍ប៉ុស្តិ៍​លេខ ៥ សម្តែង​ជា​តួ​សំខាន់​។ ចំណែកឯ​ការច្រៀង​វិញ​លោក​ក៏​បាន​បញ្ចប់​រួចហើយ​ដែរ​។

លោក​ បញ្ញា សិទ្ធិ មាន​ងារ​ជា​អ្នកចម្រៀង និង​ជា​តារាសម្តែង​ល្បី​ឈ្មោះ​ក្នុង​ចង្កោម​សិល្បៈ​បាន​បង្ហើប​ពី​ការគាំទ្រ​ពី​សំណាក់​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​ថា​៖ «​ចំពោះ​បងប្អូន​ខ្មែរ​ដែល​គាត់​រស់នៅ​​ទីនេះ​ (​ប្រទេស​អូស្ត្រាលី​) គាត់​មាន​ការគាំទ្រ​ច្រើន​មែនទែន និង​មាន​ការស្រឡាញ់​ចូលចិត្ត​យ៉ាងច្រើន​ដូចគ្នា​»​។

លោក បញ្ញា សិទ្ធិ បាន​បន្ថែម​ទៀត​ថា​បន្ទាប់ពី​ការសម្តែង​នៅ​ក្រៅ​ប្រទេស​បាន​បញ្ចប់​លោក​នឹង​វិល​មក​បន្ត​ថត​ភាពយន្ត និង​វីដេអូ​ចម្រៀង​បម្រើ​អារម្មណ៍​ប្រិយមិត្ត​ខ្មែរ​ក្នុង​ពេល​ឆាប់ៗ​នេះ​៕