ភ្នំពេញៈ ថ្មីៗ​នេះ​លោក​បណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា ដែល​បាន​រួម​ចំណែក​ជំរុញ​ការអប់រំ និង​មិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​តាមរយៈ​ការជួសជុល និង​ស្តារ​ឡើង​វិញ​នៃ​អង្គរ ជាពិសេស​នៅ​បុរាណ​ប្រាសាទ​បាយ័ន​ក្នុង​នាម​ជា​តំណាង​របស់​ក្រុម JSA និង​ក្រុម JASA បាន​ទទួល​គ្រឿង​ឥស្សរិយយស​ពី​ព្រះចៅ​អធិរាជ​ជប៉ុន​ថ្មី ដោយសារ​មាន​ស្នាដៃ​ឆ្នើម​សម្រាប់​សង្គមជាតិ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា​៖ «​កាលពី​ថ្ងៃ​ទី​ ៣០ ខែ​ឧសភា ឆ្នាំ​ ២០១៩ បណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា សាស្ត្រាចារ្យ​កិត្តិយស​នៃ​សាកលវិទ្យាល័យ​វ៉ាសេដា​នៅ​ជប៉ុន បាន​ចូលរួម​ទទួល​គ្រឿង​ឥស្សរិយយស​ដោយ​លោក​បាន​ចូល​បង្គំ​គាល់​ព្រះករុណា ព្រះចៅ​អធិរាជ នៅ​ព្រះបរមរាជវាំង​ក្នុង​ប្រទេស​ជប៉ុន បន្ទាប់ពី​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ឈ្មោះ​អ្នកទទួល​គ្រឿង​ឥស្សរិយយស​សម្រាប់​និទាឃ​រដូវ​ឆ្នាំ​ ២០១៩ កាលពី​ថ្ងៃទី​ ២១ ខែ​ឧសភា​កន្លង​មក​ដែល​ប្រគល់​ទៅ​ដល់​បុគ្គល​មាន​ស្នាដៃ​ឆ្នើម​សម្រាប់​សង្គម​ផលប្រយោជន៍​សាធារណៈ ឬ​ប្រទេស​ជាតិ​»​។

លោក​បណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា ខណៈ​ពេល​​រួម​ចំណែកសកម្ម​ភាព​​ស្រាវជ្រាវ​បុរាណ​ប្រាសាទខ្មែរ​។ រូបថត សហការី

ប្រភព​ដដែល​នេះ​បាន​បន្ត​ថា​៖ «​ដោយសារ​លោក​បណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា បាន​រួមចំណែក​ការជួសជុល ការស្តារ​ឡើងវិញ និង​សកម្មភាព​ស្រាវជ្រាវ​នៅ​ប្រាសាទ​ព្រះវិហារ និង​សំបូរ​ព្រៃគុក​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ​របស់​កម្ពុជា​ក្នុង​នាម​លោក​គឺជា​ប្រធាន​ក្រុម​នៃ​សាកលវិទ្យាល័យ​វ៉ាសេដា​។ លោក​ជា​ប្រធាន​ក្រុម​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​ការថែរក្សា​ការពារ​ប្រាសាទ​អង្គរ (JSA) ​ចាប់​តាំងពី​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៩៤ និង​ក្នុង​នាម​ជា​សហប្រធាន​នៃ​គម្រោង​ជប៉ុន​អប្សរា​ការពារ​ប្រាសាទ​អង្គរ (JASA) ចាប់ពី​ឆ្នាំ​ ២០០៥ ព្រមទាំង​បណ្តុះបណ្តាល​អ្នក​ជំនាញ​បច្ចេកទេស​កម្ពុជា​ជាច្រើន​រូប​សម្រាប់​គម្រោង​អង្គរ​ជាង ២៥ ឆ្នាំ​មក​នេះ​»​។

គួរ​បញ្ជាក់​ថា​លោក​បណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា គឺជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​វ៉ាសេដា និង​ជា​នាយក​នៃ​សារមន្ទីរ Open Air Museum MEIJI MURA នៅ​ជប៉ុន ខណៈ​លោក​ក៏​ជា​ស្ថាបត្យករ​ដ៏ជំនាញ​មួយ​រូប​ត្រូវ​បាន​តែងតាំង​ជា​តំណាង​ក្រុម JSA និង​ក្រុម JASA ដែល​កំពុង​រួម​ចំណែក​ផ្នែក​ជួសជុល​ការស្តារ​ឡើង​វិញ និង​ស្រាវជ្រាវ​នៅ​ប្រាសាទ​បាយ័ន ដែល​ចាប់ផ្តើម​តាំងពី​ឆ្នាំ​ ២០១៧ ​មក​នោះ​ផង​ដែរ​។ ឯ​កិច្ចការ​នៅ​ប្រាសាទព្រះវិហារ​លោក​បាន​ចូលរួម​ចន្លោះ​ឆ្នាំ​ ២០១២ ដល់​ឆ្នាំ​ ២០១៦ និង​នៅឯ​ប្រាសាទ​សំបូរ​ព្រៃគុក​វិញ​គឺ​លោក​បាន​ចូលរួម​តាំងពី​ឆ្នាំ​ ១៩៩៨ មក​រហូត​ដល់​ឆ្នាំ​ ២០១៦ ប្រាសាទ​នេះ​ត្រូវ​បាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ​៕